កម្ពុជា-អាល្លឺម៉ង់ ពេញចិត្តចំពោះទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃ តាម រយៈសកម្មភាពពាណិជ្ជកម្ម និងការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ជាញឹកញាប់

RNK ភ្នំពេញថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣

 
កម្ពុជា-អាល្លឺម៉ង់ ពេញចិត្តចំពោះទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃ តាម រយៈសកម្មភាពពាណិជ្ជកម្ម និងការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ជាញឹកញាប់

ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា បានកត់សម្គាល់ដោយពេញចិត្តចំពោះទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃ រវាងកម្ពុជា និងអាល្លឺម៉ង់ ដូចដែលបានឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈសកម្មភាពពាណិជ្ជកម្មដ៏រឹងមាំ និងការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ជាញឹកញាប់ ព្រមទាំងបានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងអន្តរជាតិ ក្នុងអំឡុងពេលដែលឯកឧត្តមឯកអគ្គរដ្ឋទូតចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៣។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះការវិវត្តដ៏គួរឱ្យកត់សម្គាល់ នៅក្នុងទំនាក់ទំនងទ្វេភាគីកម្ពុជា-អាល្លឺម៉ង់ ជាពិសេស នៅក្នុងឆ្នាំ២០២២ ដែលត្រូវបានធ្វើការកត់សម្គាល់តាមរយៈការបញ្ចប់ការពិនិត្យដោយក្រសួងការបរទេសនៃប្រទេសទាំង ពីរ លើសេចក្តីថ្លែងការណ៍រួមស្តីពីគោលបំណងក្នុងការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី និងការរៀបចំកិច្ចប្រជុំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី១ នៅរាជធានីភ្នំពេញ កាលពីខែមករា នៅក្នុងឆ្នាំនោះ ហើយដែលបានបើកផ្លូវឱ្យមានដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៅកាន់អាល្លឺម៉ង់ នៅក្នុងខែកុម្ភៈ ដែលជាដំណើរទស្សនកិច្ចលើកទី១ របស់រដ្ឋមន្រ្តីការបរទេសកម្ពុជា នៅក្នុងរយៈពេល២៧ឆ្នាំមកនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានរំលឹកអំពីកិច្ចពិភាក្សាដ៏ល្អរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តម Olaf Scholz អធិការបតីសហព័ន្ធអាល្លឺម៉ង់ នៅក្នុងជំនួបទ្វេភាគីដែលបានប្រព្រឹត្តទៅនៅទីក្រុងព្រុចសែល កាលពីខែធ្នូ ឆ្នាំមុន ក៏ដូចជា ជំនួបពិភាក្សារវាងឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ Annalena Baerbock រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ ក្នុងអំឡុងពេលនៃទស្សនកិច្ចផ្លូវការរបស់ឯកឧត្ដមនៅអាល្លឺម៉ង់ ផងដែរ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបានផ្តល់ជំនួយជួយដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាលើវិស័យជាច្រើន រួមមាន វិស័យអប់រំ វប្បធម៌ ការកាត់បន្ថយភាពក្រីក្រ ថាមពល ការបោសសម្អាតមីន អភិបាលកិច្ចល្អ និងសុខាភិបាល ជាដើម។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានកត់សម្គាល់ដោយក្តីរីករាយចំពោះការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីដ៏ល្អរវាងប្រទេសទាំងពីរ ដោយគូសបញ្ជាក់ថា ប្រទេសអាល្លឺម៉ង់ឈរនៅលេខរៀងទីមួយក្នុងចំណោមបណ្តាប្រទេសក្នុងសហភាព អឺរ៉ុប និងបានបង្ហាញក្តីសង្ឃឹមចំពោះការវិនិយោគបន្ថែមទៀតពីប្រទេសអាល្លឺម៉ង់ ផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបឯកឧត្តមឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ អំពីការវិវត្តនៅក្នុងដំណើរការប្រជាធិបតេយ្យរបស់កម្ពុជា ជាពិសេស ការត្រៀមរៀបចំរបស់កម្ពុជា និងរបស់គណបក្សនយោបាយផ្សេងៗ សម្រាប់ការបោះឆ្នោតសកលនាពេលខាងមុខ ដែលនឹងប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងមានតម្លាភាព ដោយសង្កត់ធ្ងន់លើអាទិភាពចំបងបំផុត គឺសន្តិភាព ដែលកម្ពុជាត្រូវតែការពារ និងថែរក្សា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តមឯកអគ្គរដ្ឋទូត Stefan Messerer ក៏បានផ្លាស់ប្តូរយោបល់លើការវិវត្តនៃស្ថានការណ៍ក្នុងតំបន់ និងអន្តរជាតិមួយចំនួនផងដែរ ដោយក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតអំពីភាពស្មុគស្មាញនៃវិបត្តិមីយ៉ាន់ម៉ា និងការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជួយមីយ៉ាន់ម៉ាឱ្យវិលមករកភាពប្រក្រតីឡើង វិញ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានកោត សរសើរកម្ពុជាចំពោះ «សមិទ្ធផលការងារដ៏អស្ចារ្យ» ក្នុងឋានៈ ជាប្រធានអាស៊ាន ឆ្នាំ២០២២ និងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធប្រកបដោយជោគជ័យត្រចះត្រចង់៕

ប្រភព៖ ក្រសួងព័ត៌មាន