មេដឹកនាំកំពូលអុីរ៉ង់ ព្រមានពីជម្លោះក្នុងតំបន់ដែលអាចកើតមានរវាងអុីរ៉ង់ និងសហរដ្ឋអាមេរិក

(DUBAI)៖ ថ្នាក់ដឹកនាំកំពូលអុីរ៉ង់ បានព្រមានអំពីជម្លោះក្នុងតំបន់ដែលអាចកើតមានឡើង ប្រសិនបើសហរដ្ឋអាមេរិកសម្រេចចិត្តវាយប្រហារលើប្រទេសរបស់ខ្លួន ដែលនឹងបង្កឱ្យមានភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ហើយបានកំណត់កងទ័ពសហភាពអុីរ៉ុបថា ជា "ក្រុមភេរវករ" ជាសកម្មភាពសងសឹក។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ។

 
មេដឹកនាំកំពូលអុីរ៉ង់ ព្រមានពីជម្លោះក្នុងតំបន់ដែលអាចកើតមានរវាងអុីរ៉ង់ និងសហរដ្ឋអាមេរិក

សូមជម្រាបថា សហរដ្ឋអាមេរិកបានបង្កើនវត្តមានកងទ័ពជើងទឹករបស់ខ្លួននៅមជ្ឈិមបូព៌ា បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសគំរាមកំហែងម្តងហើយម្តងទៀតចំពោះអ៊ីរ៉ង់ ជាមួយនឹងការអន្តរាគមន៍ ប្រសិនបើមិនយល់ព្រមលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឬបរាជ័យក្នុងការបញ្ឈប់ការសម្លាប់ក្រុមបាតុករ។

បើទោះបីជាមានការប្រឈមមុខដាក់គ្នារវាងមេដឹកនាំសាសនាអ៊ីរ៉ង់ និងរដ្ឋបាលលោក Trump ក៏ដោយ ភាគីទាំងពីរបានបង្ហាញសញ្ញាថា ពួកគេបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តការចរចា ហើយសម្ព័ន្ធមិត្តក្នុងតំបន់ដូចជាប្រទេសតួកគីបានស្វែងរកការបន្ធូរបន្ថយភាពតានតឹងនេះផងដែរ។

គួរបញ្ជាក់ថា មន្ត្រីអ៊ីរ៉ង់ម្នាក់បានចេញមកបដិសេដន៍របាយការណ៍មុននេះថា កងកម្លាំងទ័ពជើងទឹករបស់កងឆ្មាំបដិវត្តន៍ នឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅច្រកសមុទ្រ ហ័រម៉ូស រយៈពេលពីរថ្ងៃនៅសប្តាហ៍នេះ ដោយអះអាងវិញថា ពួកគេមិនមានផែនការបែបនេះទេ ហើយរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយគឺខុសពីការពិត៕

ប្រភព: Reuters