សិស្សានុសិស្ស ១.២៥០នាក់ហែក្បួនព្យុហយាត្រាក្នុងព្រឹត្តិការណ៍ “រំលឹកគុណអង្គរ”
កាលពីព្រឹកព្រលឹមថ្ងៃ ១៣រោច ខែកក្កិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការដឹកនាំរបស់អាជ្ញាធរជាតិអប្សរា សិស្សានុសិស្សចំនួន ១.២៥០នាក់ មកពីសាលានានានៅជុំវិញតំបន់អង្គរ បានមកជួបជុំគ្នានៅមុខប្រាសាទអង្គរវត្ត ដើម្បីដើរហែលក្បួនព្យុហយាត្រាផ្សព្វផ្សាយឱ្យសាធារណជន ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ភ្ញៀវទេសចរជាតិ អន្ដរជាតិ មានការរំលឹកគុណដល់ប្រាសាទអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកមិនអាចកាត់ថ្លៃបាន ។

សូមជម្រាបថា ក្បួនព្យុះហយាត្រានោះ ត្រូវបានចេញដំណើរពីមុខប្រាសាទអង្គរ ឆ្ពោះទៅកាន់ខ្លោងទ្វារទន្លេអុំនៃក្រុងអង្គរធំ និងឆ្ពោះទៅកាន់ក្រុងសៀមរាប ដោយសិស្សានុសិស្សទាំងអស់ស្ថិតក្នុងឯកសណ្ឋានអាវស មានពាក់អាវយឺតដៃខ្លីពីក្រៅ ដែលមានរូបសញ្ញាអង្គរ និងមានសរសេអក្សរពិធីបុណ្យរំលឹកគុណអង្គរ ហើយនៅក្នុងដៃមានកាន់បដាតូចធំ ដែលមានសរសេរពាក្យស្លោកពាក់ព័ន្ធទៅនឹងការដឹងគុណអង្គរ អមដោយចំរៀងពង្សាវតារខ្មែរដែលមានអត្ថន័យឧត្តុង្គឧត្តមគួរជាទីចាប់អារម្មណ៏បំផុតពីសំណាក់ទស្សនជនដែលឈរមើលនៅតាមដងផ្លូវ។
ឯកឧត្តម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ក្នុងកម្មវិធីនោះថា ការដង្ហែក្បួនព្យុហយាត្រានេះ គឺដើម្បីអបអរសាទរពិធីបុណ្យរំលឹកគុណអង្គរដ៏មានសារសំខាន់។ ឯកឧត្តមសម្តែងការចាប់អារម្មណ៍ចំពោះពាក្យស្លោកដែលមានអត្ថន័យថា កិច្ចការពារបេតិកភណ្ឌជាភារកិច្ចកូនខ្មែរគ្រប់ៗរូប និងអត្ថន័យនៃចម្រៀងពង្សាវតារខ្មែរដែលមានអត្ថន័យឧត្តុង្គឧត្តម ដក់ជាប់នៅក្នុងក្រអៅបេះដូងប្រជាជនខ្មែរ។ ជាពិសេស សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី ជាអ្នកបន្តវេនដ៏សំខាន់ទៅអនាគតក្នុងការថែរក្សានូវតម្លៃដួងព្រលឹងជាតិ និងអត្តសញ្ញាណជាតិរបស់យើង។
ឯកឧត្តម ឡុង កុសល បានបន្តឱ្យដឹងទៀតថា ការដែលយើងរំលឹក និងផ្តល់នូវគុណតម្លៃដល់បុព្វការីជនរបស់យើង គឺជាការគោរពខ្លួនយើងផង ក៏ជាការផ្តល់នូវភាពថ្កុំថ្កើងនៃប្រវត្តិសាស្រ្តរបស់យើងផង។ ក្នុងនាមអាជ្ញាធរជាតិអប្សរា ឯកឧត្តម ឡុង កុសល មានសេចក្តីសោមនស្ស និងមានភាពកក់ក្តៅ ដែលសិស្សានុសិស្សចំនួន ១.២៥០នាក់ បានចូលរួមក្នុងក្បួនព្យុហយាត្រានៃពិធីបុណ្យរំលឹកគុណអង្គរ។ នេះជារូបភាពមួយយ៉ាងសំខាន់ ដែលយើងបានប្រព្រឹត្តទៅដើម្បីបណ្តុះនូវស្មារតីស្រឡាញ់ស្នេហាជាតិ ក៏ដូចជាការបណ្តុះនូវគំនិត ធ្វើយ៉ាងណាដើម្បីឱ្យប្រជាជាតិខ្មែររបស់យើងមានភាពរឹងមាំទៅថ្ងៃអនាគត៕
ប្រភព៖ ក្រសួងព័ត៌មាន