រដ្ឋមន្ត្រីសាធារណការ នឹងពិចារណាបិទដំណើរការខ្សែរថភ្លើងទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល កំពុងពិចារណាបិទដំណើរការដឹកជញ្ជូនតាមខ្សែរថភ្លើងស្ថានីយអយស្ម័យយានភ្នំពេញ ឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោយពីមិនសូវមានការគាំទ្រពីប្រជាពលរដ្ឋ។

 
រដ្ឋមន្ត្រីសាធារណការ នឹងពិចារណាបិទដំណើរការខ្សែរថភ្លើងទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ
រដ្ឋមន្ត្រីសាធារណការ នឹងពិចារណាបិទដំណើរការខ្សែរថភ្លើងទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ
រដ្ឋមន្ត្រីសាធារណការ នឹងពិចារណាបិទដំណើរការខ្សែរថភ្លើងទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ

 

មូលហេតុ​ដែល​លោក ស៊ុន ចាន់ថុល ពិចារណា​បិទ​ខ្សែ​រថភ្លើង​នេះ ដោយសារ​ពលរដ្ឋ​មិនសូវ​និយម​ជិះ ហើយក៏​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍ លើផ្លូវ​រថភ្លើង​នេះ​ផង​។ ថ្លែង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២០ នៅ​ថ្ងៃទី​៧ កក្កដា រដ្ឋមន្ត្រីក្រសួង​សាធារណការ​រូបនេះ បានធ្វើ​របាយការណ៍​ប្រាប់​សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដូច្នេះ​ថា​៖«​យើងខ្ញុំ​នឹង​ពិចារណា​ឡើងវិញ លើ​រថភ្លើង​ដឹក​អ្នកដំណើរ​ពី​ស្ថានីយ​ភ្នំពេញ មក​ព្រលានយន្ដហោះ ។ ពី​ដើម​មាន​អ្នកជិះ ប៉ុន្តែ​សព្វថ្ងៃនេះ ព្រលានយន្ដហោះ​ក៏​មិនសូវមាន​អ្នកដំណើរ ធ្វើដំណើរ​ដោយសារតែ​មិនសូវមាន​យន្ដហោះ ហោះ​ចេញចូល​ច្រើន ក៏​គ្មាន​អ្នកដំណើរ​ទៅ​ព្រលានយន្ដហោះ ហើយក៏​អត់​មាន​អ្នកជិះ​រថភ្លើង​ពី​ស្ថានីយ​ភ្នំពេញ មក​ព្រលានយន្ដហោះ​។

 អ៊ីចឹង​យើងខ្ញុំ​ពិនិត្យ​ពិចារណា​ថា គួរតែ​បិទ ហើយ​បើ​បិទ​បាន យើង​គួរតែ​បិទ​ទៅ ដោយសារតែ​អត់​អ្នកជិះ ហើយ​វា​ក៏​អាច​បង្ករ​លក្ខណៈ​គ្រោះថ្នាក់​ចរាចរណ៍​ទៅតាម​ផ្លូវ​ហ្នឹង​ផង​»​។​​លោក ស៊ុន ចាន់ថុល នឹង​លើកយក​បញ្ហា​ដំណើរការ​ខ្សែ​រថភ្លើង​ឆ្ពោះទៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​នេះ ទៅ​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន Royal Railway របស់ អ្នកឧកញ៉ា គិត ម៉េង​។​​

គួរ​បញ្ជាក់ថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង ក្រុមហ៊ុន Royal Railway របស់ អ្នកឧកញ៉ា គិត ម៉េង បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​សេវា​ដឹកជញ្ជូន​អ្នកដំណើរ​ពី​ស្ថានីយ​រថភ្លើង​ភ្នំពេញ ឆ្ពោះទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៨ ។

គោលបំណង​នៃ​ការដាក់ឱ្យ​ដំណើរការ​ខ្សែ​រថភ្លើង​នេះ គឺ​ដើម្បី​ចូលរួម​កាត់បន្ថយ​ការស្ទះ​ចរាចរណ៍ និង​ជួយ​សម្រួល​ពេលវេលា​ដល់​អ្នកធ្វើដំណើរ​តាម​យន្តហោះ​។​រថភ្លើង​របស់​ក្រុមហ៊ុន Royal Railway ផលិត​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក ដែលជា​ប្រភេទ​រថភ្លើង​ទំនើប​ជាង​រថភ្លើង​បុរាណ​របស់​កម្ពុជា​។ រថភ្លើង​នេះ​មាន​បន្ទប់ទឹក មាន​ម៉ាស៊ីនត្រជាក់ ទូរទស្សន៍ មាន​ប្រព័ន្ធ Wi- Fi មាន​កៅអី​ធំ​ទូលាយ និង​មាន​កាំជណ្តើរ​ស្វ័យប្រវត្តិ​។

រថភ្លើង​នេះ​អាច​បើកបរ​ក្នុង​ល្បឿន​២៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ក្នុង​ចម្ងាយ​ផ្លូវ​ប្រមាណ​១០​គីឡូម៉ែត្រ ពី​កណ្តាល​ក្រុងភ្នំពេញ​ទៅកាន់​ព្រលានយន្តហោះ​។ ប៉ុន្តែ​ក្រោយពី​ដំណើរការ​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​មកនេះ សេវា​រថភ្លើង​ហាក់ដូចជា​នៅតែ​មិនទាន់​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​អ្នកដំណើរ​នៅឡើយ​៕

 

 

ប្រភព: ក្រសួង​សាធារណការ និង​ដឹកជញ្ជូន