ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ បង្ហាញសមាជិកសមាគមន៍អន្តរជាតិ MDRT កម្រិត COT ដំបូងបំផុតប្រចាំឆ្នាំ២០២៣
ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេរបស់ប្រទេសជប៉ុន មានសេចក្ដីសោមនស្សរីករាយក្នុងការបង្ហាញអ្នកឯកទេសផែនការហិរញ្ញវត្ថុដំបូងគេបង្អស់របស់ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍នៅក្នុងប្រទេសកម្ពុជាដែលសម្រេចបាននូវបទដ្ឋានផលិតភាពលំដាប់អន្តរជាតិ Court of the Table (“COT”)។ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ សូមអបអរសាទរដល់ កញ្ញា ថន សុផានីទីល ចំពោះសមិទ្ធផលដ៏អស្ចារ្យមួយនេះដោយកញ្ញាបានក្លាយជាសមាជិកលំដាប់កំពូលមួយរូបរបស់សមាគមន៍អន្តរជាតិ The Million Dollar Round Table (“MDRT”)។
កញ្ញា ថន សុផានីទីល បានខិតខំប្រឹងប្រែងធ្វើការជាមួយក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ដើម្បីផ្ដល់ជូនក្រុមគ្រួសារកម្ពុជានូវភាពស្ងប់ចិត្ដផ្នែកហិរញ្ញវត្ថុ តាមរយៈការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់ក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់។ ជាមួយគ្នានេះ វាក៏មានន័យថា ប្រជាជនកម្ពុជាកាន់តែច្រើនជាងមុន មានការចាប់អារម្មណ៍ ក៏ដូចជាផ្ដល់តម្លៃខ្ពស់ទៅលើសារៈសំខាន់នៃសេវាកម្មធានារ៉ាប់រងអាយុជីវិត និងការរៀបចំផែនការហិរញ្ញវត្ថុ។
កញ្ញា ថន សុផានីទីល បាននិយាយថា៖ “ខ្ញុំមានអារម្មណ៍សប្បាយរីករាយ និងរំភើបយ៉ាងខ្លាំងក្នុងការសម្រេចបានសមិទ្ធិផលនេះ និងបានក្លាយជាសមាជិកសមាគមន៍អន្តរជាតិកម្រិត COT ដែលវាមានន័យថាខ្ញុំអាចជួយគ្រួសារកម្ពុជាជាច្រើនឲ្យទទួលបានការការពារផ្នែកហិរញ្ញវត្ថុ និងបានជួយជំរុញទឹកចិត្ដដល់ទីប្រឹក្សាផ្សេងៗទៀតឲ្យនៅតែខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅ ទោះបីជាពួកគាត់នៅចំណុចណាក៏ដោយ។ ដាយ អ៊ិឈិ ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេរបស់ប្រទេសជប៉ុន និងមានអាយុកាលជាង១២០ឆ្នាំដែលធ្វើឲ្យការងាររបស់ខ្ញុំមានភាពងាយស្រួលក្នុងការទំនាក់ទំនងជាមួយអតិថិជន ដោយសារតែ ដាយ អ៊ិឈិ ឡាយហ្វ៍ គឺជាក្រុមហ៊ុនលំដាប់អន្តរជាតិ មានកេរ្តិ៍ឈ្មោះល្បាញល្បី និងផ្ដល់ផលិតផល និងសេវាកម្មល្អប្រសើរ។”
ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ប្តេជ្ញាចិត្តបន្ដខិតខំធ្វើការដើម្បីផ្ដល់ការការពារហិរញ្ញវត្ថុដល់ក្រុមគ្រួសារកម្ពុជាឲ្យបានកាន់តែច្រើន។
លោក ផូ នេត្រ នាយកប្រតិបត្តិនាយកដ្ឋានផ្នែកទីភ្នាក់ងារអាជីវកម្មក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ បានលើកឡើងថា៖ «យើងពិតជាមានមោទនភាពចំពោះការសម្រេចបានជោគជ័យរបស់កញ្ញា ថន សុផានីទីល។ នេះគឺជាលើកដំបូងដែលអ្នកឯកទេសផែនការហិរញ្ញវត្ថុរបស់យើងបានបំពេញគ្រប់លក្ខខណ្ឌរបស់សមាគមន៍អន្តរជាតិ MDRT កម្រិតកំពូល COT ចាប់តាំងពីក្រុមហ៊ុនមានវត្តមាននៅប្រទេសកម្ពុជា។ ជាការពិតណាស់ ការខិតខំប្រឹងប្រែង និងការយកចិត្ដទុកដាក់ទៅលើការផ្តល់សេវាកម្មល្អជូនដល់អតិថិជន គឺជាគន្លឹះដើម្បីទទួលបានភាពជោគជ័យ។»
ចាប់តាំងពីបង្កើតក្រុមហ៊ុន DLHD ក្នុងឆ្នាំ ១៩០២ មក ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ បានប្តេជ្ញានៅក្បែរអតិថិជនរបស់យើងជានិច្ច និងមនុស្សជាទីស្រឡាញ់ក្នុងជីវិតរបស់ពួកគាត់ និងខិតខំប្រឹងប្រែងរួមគ្នាដើម្បីផ្តល់ជូននូវ ”ភាពស្ងប់ចិត្ត” ក្រោមទស្សនៈ ”អតិថិជនជាចម្បង”។ ក្រុមហ៊ុនបានរួមចំណែកផ្តល់ជូននូវភាពស្ងប់ចិត្តតាមរយៈការផ្តល់សេវាធានារ៉ាប់រងអាយុជីវិត និងសេវាហិរញ្ញវត្ថុផ្សេងៗដល់សហគមន៍ក្នុងមូលដ្ឋាន។
លោក អាឡិន ថៃ អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ មានប្រសាសន៍ថា៖ “យើងតែងតែមានការយកចិត្ដទុកដាក់ខ្ពស់ទៅលើអតិថិជនក្រោមគុណតម្លៃ “អតិថិជនជាចម្បង” របស់ក្រុមហ៊ុន។ ទោះបីជា វត្ដមានរបស់យើងនៅប្រទេសកម្ពុជាមកដល់នឹងពេលនេះមានរយៈពេលខ្លីក៏ដោយ យើងបានពង្រីកខ្លួនយ៉ាងឆាប់រហ័សតបតាមតម្រូវការរបស់អតិថិជន។ ក្នុងពេលជាមួយគ្នានេះ យើងក៏សូមអរគុណអតិថិជនទាំងអស់ដែលបានផ្ដល់ការទុកចិត្ដ និងគំាទ្រមកលើផលិតផលធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុន។”