ឥណ្ឌាហោះហើរយន្តហោះចម្បាំងក្បែរព្រំដែនចិន
ញូដេលី៖ ឥណ្ឌាយកយន្តហោះចម្បាំងថ្មីមកពីប្រទេសបារាំងមកហោះសាកល្បងក្បែរព្រំដែនដែល ធ្លាប់មានជម្លោះជាមួយប្រទេសចិន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០។
មន្ត្រីក្រសួងការពារជាតិឥណ្ឌាបានឲ្យដឹងថា យន្តហោះចម្បាំង៥គ្រឿងដំបូង ដែលឥណ្ឌាបញ្ជាទិញអស់ ៩,៦ពាន់លានដុល្លារអាមេរិក ក្នុងចំនួនសរុប ៣៦ គ្រឿង ទើបតែសម្ភោធជាផ្លូវការកាលពីថ្ងៃទី ១០ ខែកញ្ញា កន្លងទៅ។
ក្នុងពិធីសម្ភោធយន្តហោះចម្បាំងរ៉ាហ្វាល (Rafale) នេះក៏មានការចូលរួមពីរដ្ឋមន្ត្រីការបរទេសបារាំង មិនតែប៉ុណ្ណោះ មន្ត្រីក្រសួងការពារជាតិឥណ្ឌា បានដាក់ឈ្មោះយន្តហោះចម្បាំងទាំងនោះថាជា "សារដ៏ខ្លាំងក្លា"។
មន្ត្រីជាន់ខ្ពស់នៃកងទ័ពអាកាសឥណ្ឌាបានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា ប្រតិបត្តិការហោះហើរសាកល្បងយន្តហោះចម្បាំងរ៉ាហ្វាលធ្វើឡើងនៅតំបន់ជាច្រើនរួមមានទាំងតំបន់ក្បែរព្រំដែន ឡាដាក (Ladakh) ដែលធ្លាប់មានជម្លោះជាមួយចិនទៀតផង។
គួររម្លឹកផងដែរថា កាលពីខែមិថុនា ឆ្នាំ២០២០ កងទ័ពឥណ្ឌា និងកងទ័ពចិន បានប៉ះទង្គិចគ្នានៅព្រំដែន ឡាដាក ដែលបណ្តាលឲ្យមានកងទ័ពឥណ្ឌា២០នាក់បានស្លាប់ និងច្រើននាក់ទៀតរងរបួស។ ចំណែកឯភាគីចិនក៏បានឲ្យដឹងថា កងទ័ពពួកគេក៏មានអ្នកស្លាប់ដែរ ប៉ុន្តែចិនមិនបានបញ្ចេញចំនួនពិតប្រាកដឲ្យពិភពលោកបានដឹងនោះទេ៕
សូមទស្សនាវីដេអូ៖
ប្រភព៖ CNA, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ