បុគ្គលិកសិក្សា និងគ្រូបង្រៀនសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ជាង៧០នាក់ បានចូលរួមសិក្ខាសាលាបំប៉នសមត្ថភាពស្តីពីវិធីសាស្រ្តបង្រៀននិងរៀនបែបគម្រោង...
បុគ្គលិកសិក្សា និងគ្រូបង្រៀនសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ជាង៧០នាក់ បានចូលរួមសិក្ខាសាលាបំប៉នសមត្ថភាពស្តីពីវិធីសាស្រ្តបង្រៀននិងរៀនបែបគម្រោង និងបែបរិះរក ដើម្បីបង្កើនសមត្ថភាពបន្ថែមទៀត និងចូលរួមចំណែកអភិវឌ្ឍជាមួយរាជរដ្ឋាភិបាលក្នុងវិស័យអប់រំ ឱ្យកាន់តែរីកចម្រើនប្រសើរឡើងថែមទៀត ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ព្រមទាំងឆ្លើយតបនឹងបរិបទនៃការរីករាលដាលជំងឺកូវីដ ១៩។
សម្រាប់ការសិក្សាបង្រៀននិងរៀនបែបគម្រោង លោក អ៊ុល រុន ជាទីប្រឹក្សាអប់រំជាន់ខ្ពស់នៃអង្កការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា បានលើកឡើងថា “គឺជាវិធីសាស្រ្តបង្រៀននិងរៀនថ្មីមួយដែលគ្រូបង្រៀនអាចដឹកនាំការបង្រៀនប្រកបដោយប្រសិទ្ធភាព និងសប្បាយរីករាយ ដោយឱ្យសិស្សអនុវត្តការងារគម្រោង តាមប្រធានបទពាក់ព័ន្ធ ដើម្បីបង្កើតនូវផលិតផលចុងក្រោយមួយដូចជា ខិតបណ្ណ កម្រងរូបភាព បទបង្ហាញ ក្រាហ្វិក របាយការណ៍ ចងក្រងឯកសារ។ល។ ហើយសមិទ្ធផលនៃការអនុវត្តគម្រោងរបស់ពួកគេនឹងត្រូវបានធ្វើបទបង្ហាញដល់អ្នកពាក់ព័ន្ធ។ ទន្ទឹមនឹងនេះ សិស្សមានឱកាសអភិវឌ្ឍជំនាញសិក្សាស្រាវជ្រាវនិងធ្វើបទបង្ហាញ អនុវត្តការប្រើប្រាស់ឧបករណ៍ICT បំណិនសម្បទាទូទៅ និងមានចរិយាសម្បទាសមស្របផងដែរ។”
រីឯការបង្រៀននិងរៀនបែបរិះរក លោក ទួល សុខជុំ នាយករងកម្មវិធីចំណេះទូទៅខ្មែរ នៃសាលារៀនវ៉េស្ទឡាញន៍ សាខាខេត្តបាត់ដំបង បានឱ្យដឹងថា
“ការបង្រៀននិងរៀនបែបរិះរក គឺជាការរិះយកចំណេះដឹងតាមរយៈសំណួរ ហើយលើកទឹកចិត្តឱ្យសិស្សធ្វើការជាមួយគ្នា ដើម្បីផ្តល់ចម្លើយទៅនឹងសំណួរគន្លឹះជាជាងការបង្រៀនដោយផ្ទាល់ពីគ្រូ និងធ្វើអ្វីៗតាមគ្រូ។ លើសពីនេះ ការបង្រៀន និងរៀនតាមបែបរិះរកតម្រូវឱ្យសិស្សសង្កេត និងវិភាគអំពីបាតុភូតវិទ្យាសាស្រ្ត ដើម្បីបង្កើតសំណួរ ធ្វើពិសោធ ឬធ្វើការស្រាវជ្រាវ ដើម្បីឆ្លើយទៅនឹងសំណួររបស់ពួកគេ និងទាញសេចក្តីសន្និដ្ឋានសមស្របមួយ តាមរយៈលទ្ធផលការធ្វើពិសោធ ឬសិក្សាស្រាវជ្រាវ។ នៅក្នុងដំណើរការនេះ សិស្សនឹងយល់ខ្លឹមសារមេរៀនបានស៊ីជម្រៅ ទទួលបានជំនាញ និងចំណេះដឹងបែបវិទ្យាសាស្រ្តបានយ៉ាងពិតប្រាកដ”។
លោក តែ ឡាយ ប្រធាននាយកអប់រំបានលើកឡើងថា “សិក្ខាសាលានៅពេលនេះ ពិតជាបានផ្តល់នូវចំណេះដឹងថ្មីៗ និងបម្រែបម្រួលពីគោលការណ៍អប់រំ ព្រមទាំងពង្រឹងសមត្ថភាពគ្រូបង្រៀនបន្ថែមទៀត ដើម្បីឱ្យការសិក្សារបស់សិស្សានុសិស្សកាន់តែប្រសើរឡើង”។
សិក្ខាសាលារយៈពេលពីរថ្ងៃនេះ បានផ្តល់ជូនសិក្ខាកាមនូវការយល់ដឹងអំពីការកំណែទម្រង់ ដំណើរការបង្រៀន និងរៀននៅកម្ពុជា រួមមានបញ្ហាសំខាន់ៗទាក់ទងនឹងការវិវត្តគរុកោសល្យនៅកម្ពុជា ការយល់ដឹងពីការអប់រំក្នុងសតវត្សទី២១ គោលការណ៍អប់រំ វិធីសាស្រ្តអប់រំនិងបច្ចេកទេស និងការប្រើវិធីសាស្ត្រអប់រំបញ្ចូលគ្នា ឬកូនកាត់ក្នុងការបង្រៀននិងរៀន៕