ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថាលោកនឹងផ្អាកការធ្វើអន្តោប្រវេសន៍ទាំងអស់ចូលសហរដ្ឋអាមេរិកដោយសារវិបត្តិកូវីដ១៩

សហរដ្ឋអាមេរិកនឹងផ្អាករាល់ការធ្វើអន្តោប្រវេសន៍ទាំងអស់ចូលសហរដ្ឋអាមេរិកជាបណ្តោះអាសន្ន ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃការរីករាលដាលវីរុសកូវីដ១៩ និងដើម្បីការពារការងារជូនជនជាតិអាមេរិក។

 
ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថាលោកនឹងផ្អាកការធ្វើអន្តោប្រវេសន៍ទាំងអស់ចូលសហរដ្ឋអាមេរិកដោយសារវិបត្តិកូវីដ១៩
Photo Credit: Reuters

វ៉ាស៊ីងតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃចន្ទថា លោកនឹងផ្អាករាល់ការធ្វើអន្តោប្រវេសន៍ទាំងអស់ចូលសហរដ្ឋអាមេរិកជាបណ្តោះអាសន្ន ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃការរីករាលដាលវីរុសកូវីដ១៩ និងដើម្បីការពារការងារជូនជនជាតិអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២១ មេសា ២០២០។

លោក ត្រាំ​ បានលើកឡើងថា លោកកំពុងចាត់វិធានការដើម្បីការពារកម្លាំងពលកម្មរបស់សហរដ្ឋអាមេរិក។ ជនជាតិអាមេរិករាប់លាននាក់បានទទួលរងផលប៉ះពាល់ដោយសារអត្រាអត់ការងារធ្វើ ក្រោយពេលក្រុមហ៊ុននានាបានបញ្ឈប់បុគ្គលិកអំឡុងពេលនៃការបិទប្រទេស ដើម្បីពន្យា និងទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩។

សេតវិមានបានបដិសេធមិនធ្វើការអត្ថាធិប្បាយលំអិតអ្វីឡើយជុំវិញហេតុផលនៅពីក្រោយការសម្រេចចិត្តនេះ ទាំងពេលវេលា និងមូលដ្ឋានច្បាប់នានា។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា សេដ្ឋកិច្ចសហរដ្ឋអាមេរិកសឹងតែឈានជិតដល់កម្រិតនឹងថ្កល់ទៅហើយ ដោយសារតែការរាតត្បាតនៃវីរុសកូរ៉ូណា។ មានមនុស្សជាង ២២ លាននាក់បានដាក់ពាក្យស្នើសុំកញ្ចប់ថវិកា “អត្ថប្រយោជន៍សម្រាប់អ្នកអត់ការងារធ្វើ” កាលពីខែមុន។

សូមបញ្ជាក់ផងដែរថា គិតមកទល់ពេលនេះ ករណីស្លាប់ដោយសារវីរុសកូវីដ១៩នៅសហរដ្ឋអាមេរិកបានកើនឡើងដល់ ៤២,៥១៨ នាក់ហើយ ខណៈអ្នកឆ្លងសរុបបានកើនឡើងដល់ ៧៩២,៩៣៨ នាក់៕

ប្រភព៖ Reuters  ប្រែសម្រួល៖ ចាប មិថុនា