ដូណាល់ ត្រាំ ចាកចេញពីមន្ទីរពេទ្យវិញទាំងមានអារម្មណ៍ល្អ ហើយថែមទាំងប្រាប់ថា កុំខ្លាចកូវីដ១៩ ទៀតផង

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចាកចេញពីមន្ទីរពេទ្យ ដែលលោកបាន សម្រាកព្យាបាលវីរុសកូវីដ១៩ និងជិះឧទ្ធម្ភាគចក្រមួយគ្រឿងត្រឡប់ទៅសេតវិមានវិញ។

 
ដូណាល់ ត្រាំ ចាកចេញពីមន្ទីរពេទ្យវិញទាំងមានអារម្មណ៍ល្អ ហើយថែមទាំងប្រាប់ថា កុំខ្លាចកូវីដ១៩ ទៀតផង

ខណៈពេលចេញពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រ វ៉ាល់ធើ រីត (Walter Reed) លោកត្រាំលើកមេដៃឡើងលើ នៅខាងក្រៅសេតវិមានដោយបញ្ជាក់ថា លោកមានអារម្មណ៍ល្អ យ៉ាងណាមិញលោកមិនបានឆ្លើយតបនឹងសំណួរ របស់ក្រុមសារព័ត៌មានឡើយទេ ដែលសួរថា តើមានមនុស្សប៉ុន្មាននាក់ដែលឆ្លងវីរុសក្នុងសេតវិមាននោះ ប៉ុន្តែលោកបាននិយាយមួយម៉ាត់ថា សូមអរគុណច្រើនដល់អ្នកទាំងអស់គ្នា។

មិនតែប៉ុណ្ណោះ លោកបានបង្ហោះសារខ្លីមួយតាមរយៈបណ្តាញសង្គមធ្វីតធើ (Twitter) ថា "យុទ្ធនាការបោះឆ្នោតនឹងចាប់ផ្តើមឡើងវិញក្នុងពេលឆាប់នេះៗ"។ ត្រាំបន្ថែមថា "ឥឡូវនេះ ខ្ញុំមានអារម្មណ៍ល្អខ្លាំងណាស់ ល្អជាង២០ឆ្នាំមុនទៅទៀត កុំខ្លាចកូវីដ១៩ និងកុំឲ្យវាគ្រប់គ្រងលើជីវិតអ្នកបាន នៅក្រោមរដ្ឋបាលរបស់ត្រាំ យើងបានអភិវឌ្ឍចំណេះដឹង និងថ្នាំព្យាបាលដ៏ខ្លាំងពូកែទៀតផង"។

សូមជម្រាបថា ប្រធានាធិបតីដូណាល់ ត្រាំ និងភរិយារបស់លោក បានឆ្លងវីរុសកូវីដ១៩កាលពីសប្តាហ៍មុនត្រឹមតែជាង៤សប្តាហ៍ប៉ុណ្ណោះមុនពេលបោះឆ្នោតប្រធានាធិបតីអាមេរិក នៅថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខ៕

សូមទស្សនាវីដេអូ៖

ប្រភព៖ CNA, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ