សិក្ខាសាលាស្តីពី “ភាពជាអ្នកដឹកនាំ និងបរិវត្តកម្មនៃវិស័យអប់រំក្នុងយុគសម័យឌីជីថល”ដើម្បីធ្វើបច្ចុប្បន្នភាពវិស័យអប់រំ និងបច្ចេកវិទ្យាក្នុងបរិបទគន្លងថ្មី

ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ និងហ្វ្រែនឃ្លីន ខូវី អេឌ្យូខេសិន (Franklin Covey Education Cambodia) បានរៀបចំសិក្ខាសាលាស្តីពី “ភាពជាអ្នកដឹកនាំ និងបរិវត្តកម្មនៃវិស័យអប់រំក្នុងយុគសម័យឌីជីថល” ដើម្បីធ្វើបច្ចុប្បន្នភាពវិស័យអប់រំ និងបច្ចេកវិទ្យាក្នុងបរិបទគន្លងថ្មីនៅកម្រិតជាតិ និងសាកលលោកដល់អ្នកអប់រំកម្ពុជា។ សិក្ខាសាលានាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះមានអញ្ជើញចូលរួមជាគណអធិបតីដ៏ខ្ពង់ខ្ពស់ដោយ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រី្តក្រសួងអប់រំ យុវជន និងកីឡា។

 
សិក្ខាសាលាស្តីពី “ភាពជាអ្នកដឹកនាំ និងបរិវត្តកម្មនៃវិស័យអប់រំក្នុងយុគសម័យឌីជីថល”ដើម្បីធ្វើបច្ចុប្បន្នភាពវិស័យអប់រំ និងបច្ចេកវិទ្យាក្នុងបរិបទគន្លងថ្មី

 

ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថាន វេសឡាញ អេឌ្យូខេសិន គ្រុប និងជាប្រធាន ហ្វ្រែនឃ្លីន ខូវី អេឌ្យូខេសិន (Franklin Covey Education Cambodia) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា “Leader In Me គឺជាដំណើរការមួយដែលអនុវត្តកម្មវិធីទម្លាប់ល្អទាំង៧សម្រាប់បុគ្គលឆ្នើមនៅក្នុងសាលារៀន ហើយបញ្ចូលក្នុងកម្មវិធីសិក្សាចាប់ពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី១២ ដែលជួយអភិវឌ្ឍផ្នត់គំនិត អត្តចរិត និងភាពជាអ្នកដឹកនាំ ដល់សិស្សានុសិស្ស ដែលពួកគេត្រូវការជាចាំបាច់សម្រាប់ដឹកនាំជីវិតក្នុងសត្សវត្សរ៍ទី២១”។

លោកឧកញ៉ាបានមានប្រសាសន៍បន្ថែមទៀតថា “ទោះជាមានកម្មវិធីល្អៗបន្ថែមដទៃទៀតក៏ដោយ ក៏យើងត្រូវចាប់យកបច្ចេកវិទ្យាឌីជីថល ដែលជាបរិវត្តកម្មនៃវិស័យអប់រំក្នុងការជួយ សិស្សឲ្យទទួលបានការសិក្សាទូលំទូលាយជាងមុន តាមរយៈការសិក្សាបែបចម្រុះ និងការសិក្សាស្រាវជ្រាវបន្ថែមតាមប្រព័ន្ធឌីជីថល ។ ចំណែកគ្រូបង្រៀនក៏ត្រូវបន្តអភិវឌ្ឍចំណេះដឹងផ្នែកប្រព័ន្ធបច្ចេកវិទ្យាឌីជីថលជាប្រចាំ ដើម្បីដើរឲ្យទាន់សម័យបច្ចេកវិទ្យា៤.០”។

ជាមួយគ្នានោះដែរ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រី្តក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា “បឋកថាចែករំលែកនាថ្ងៃនេះ គឺចែកចេញជា២ផ្នែក ទី១៖ភាពជាអ្នកដឹកនាំ ក៏ដូចជាភាពជាអ្នកដឹកនាំសាលារៀន និងទី២៖ បរិវត្តកម្មវិស័យអប់រំ ដែលជាទស្សនទានមួយថ្មី ក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ។ បើយើងពិនិត្យមើលពីទស្សនទាន ភាពជាអ្នកដឹកនាំទូទៅ វាខុសពីការគ្រប់គ្រង? ជាការពិតណាស់ ដើម្បីដឹកនាំក្រុមហ៊ុន និងសាលារៀន យើងត្រូវមានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់។ មានន័យថា ត្រូវមានបេសកកម្មច្បាស់លាស់របស់ក្រុមហ៊ុន ឬក៏សាលារៀន បន្ទាប់មកត្រូវរៀបចំឲ្យមានរចនាសម្ព័ន្ធ ប្រព័ន្ធរដ្ឋបាល ហិរញ្ញវត្ថុ បុគ្គលិក ធនធានមនុស្ស ដើម្បីដំណើរការឲ្យសម្រេចបានទៅតាមគោលដៅ។ ដូច្នេះបើយើងមើលទៅថាការដឹកនាំ គឺជាវិទ្យាសាស្រ្តមួយដាច់ដោយឡែក ដែលមានគោលដៅពង្រឹងការគ្រប់គ្រង ដំណើរការផលិតកម្ម សេវាកម្ម ដើម្បីសម្រេចបាន ទៅតាមបេសកកម្ម ក៏ដូចជាតាមគោលដៅដែលបានដាក់ចេញ”។

 

ឯកឧត្តម រដ្ឋមន្រី្ត បានសង្កត់ធ្ងន់ថា “យើងទាំងអស់គ្នាបានដឹងហើយថា នៅក្នុងសតវត្សរ៍ទី២១ បច្ចេកវិទ្យា ដើរទៅលឿន ហើយការរៀនសូត្ររបស់សិស្សានុសិស្ស គ្រាន់តែទន្ទេញមេរៀនចាំមាត់ គឺមិនគ្រប់គ្រាន់នោះទេ។ ក្នុងន័យនេះសាលារៀនត្រូវចេះរៀបចំបរិស្ថានសិក្សាឲ្យបានល្អ ហើយការវិនិយោគលើបរិស្ថានសិក្សា គឺជាការចាំបាច់ផងដែរ។ ចំណែកអ្នកវិនិយោគទាមទារពលករ ដែលចេះគិត ចេះដោះស្រាយបញ្ហា ចេះធ្វើការងារជាក្រុម ដែលថែមទាំងចេះប្រើប្រាស់នូវបច្ចេកវិទ្យា។ ដូច្នេះដើម្បីផលិតនូវធនធានមនុស្សមួយ ដែលអាចត្រៀមខ្លួនជាស្រេច នៅក្នុងពេលបម្រើការងារក្នុងឧស្សាហ៍កម្មដែលប្រើប្រាស់បច្ចេកវិទ្យាឌីជីថល នៅក្នុងសេវាកម្មពាណិជ្ជកម្មអេឡិចត្រូនិចនេះ គឺទាមទារនូវពលករដែលមានជំនាញ”។

សិក្ខាសាលាខាងលើនេះ មានការចូលរួមពីសំណាក់លោក William McIntyre (Bill) អគ្គនាយករងទទួលបន្ទុកអភិវឌ្ឍធុរកិច្ចអន្តរជាតិ នៃក្រុមហ៊ុនហ្វ្រែងឃ្លីន ខូវី, លោកស្រី Muriel Summers ស្ថាបនិកកម្មវិធីសាលាលីឌឺអ៊ីនមី (The Leader in Me School) នៃក្រុមហ៊ុនហ្វ្រែងឃ្លីន ខូវី, លោក Brooke Judd នាយកផ្នែកប្រឹក្សាយោបល់ និងមាតិកាអន្តរជាតិនៃហ្វ្រែងឃ្លីន ខូវី អេឌ្យូខេសិន និងលោក គុជ សាវ៉ាត នាយកគ្រប់គ្រង នៃវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ និងហ្វ្រែងឃ្លីន ខូវី អេឌ្យូខេសិន ប្រចាំនៅកម្ពុជា និងសិក្ខាកាមចូលរួមជាមន្ត្រីអប់រំ នាយក នាយិកា គណៈនាយកហាត់ការ បុគ្គលិកសិក្សា អ្នកអប់រំទូទៅចំនួនជាង ៣០០នាក់ មកពីគ្រឹះស្ថានសិក្សារដ្ឋ ឯកជន ជាពិសេសគ្រឹះស្ថានសិក្សាដែលកំពុងអនុវត្តកម្មវិធីលឺឌឺអ៊ីនមី(Leader in Me)ដូចជា៖ សាលារៀន វ៉េស្ទឡាញន៍ (១០សាខា), សាលារៀនណស្សឡាញ៍, សាលាភាសាលីឌឺលែន,សាលាអន្តរជាតិហ្វរ៉ែសហ៊ីល, សាលាសហគមន៍២១(៣សាខា), សាលាអន្តរជាតិបញ្ញាសិទ្ធ, សាលាខេម អាយ អេ និងសាលាសិក្សាសំពៅមាស។

សូមបញ្ជាក់ថា បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ទទួលសិទ្ធចែកចាយផ្តាច់មុខកម្មវិធី Leader In Me និងកម្មវិធីទម្លាប់ល្អទាំង៧ នៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០១៦។ វេសឡាញមិនត្រឹមតែបញ្ចូលកម្មវិធីទម្លាប់ល្អ៧ក្នុងបណ្តាញសាលារៀនរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចែកចាយដល់សាលារៀនដទៃដែលមានបំណងអភិវឌ្ឍផ្នត់គំនិត អត្តចរិត និងភាពជាអ្នកដឹកនាំដល់សិស្សានុសិស្ស។ ហើយរហូតដល់ពេលបច្ចុប្បន្ននេះ មានសាលារៀនជាង៣០កំពុងប្រើប្រាស់កម្មវិធីទាំងនេះ៕