ប្រជាពលរដ្ឋកម្ពុជាជាង ៨លាននាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៣ ខណៈដូសជំរុញទី៤ បានជិត ១លាន២សែននាក់

យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា បានគ្របដណ្តប់ពេញផ្ទៃប្រទេស ហើយបាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ជាពិសេសនោះគឺយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ដែលកំពុងបង្កើនល្បឿនគួរឱ្យកត់សម្គាល់ ដោយដូសទី៣ សម្រេចចាក់បាន ៨ ០០៧ ៤៧៤ នាក់ និងដូសទី៤ សម្រេចចាក់បាន ១ ១៩៦ ៥៥៨ នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមយប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២។

 
ប្រជាពលរដ្ឋកម្ពុជាជាង ៨លាននាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៣ ខណៈដូសជំរុញទី៤ បានជិត ១លាន២សែននាក់

សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះ កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៤៩ ៧៥១ ៧៩០ ដូស រួចមកហើយ តាមរយៈយន្តការបញ្ជាទិញ យន្តការជំនួយទ្វេភាគី និងយន្តការកូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក និងយន្តការបញ្ជាទិញក្រោមមូលនិធិអាស៊ានឆ្លើយតបនឹងជំងឺកូវីដ-១៩ ដោយក្នុងនោះរួមមាន៖

- វ៉ាក់សាំង ស៊ីណូវ៉ាក់ (Sinovac) មានចំនួន ៣៤ ៤២៤ ៨០០ ដូស។

- វ៉ាក់សាំង ស៊ីណូហ្វាម (Sinopharm) មានចំនួន ៧ ៨០០ ០០០ ដូស។

- វ៉ាក់សាំង អាស្ត្រាហ្សេនេកា (AstraZeneca) មានចំនួន ៣ ៧៨៤ ៥០០ ដូស។

- វ៉ាក់សាំង ចនសុនអេនចនសុន (Jonhson&Johnson) ចំនួន ១ ០៦៤ ៦០០ ដូស។

- វ៉ាក់សាំង ម៉ូដឺនណា (Moderna) ចំនួន ១៨៨ ១៦០ ដូស។

- វ៉ាក់សាំង ហ្វាយហ្សឺ (Pfizer) ចំនួន ២ ៤៨៩ ៧៣០ ដូស។

កម្ពុជាក៏នឹងទទួលបានវ៉ាក់សាំងដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន ១៥លានដូសបន្ថែមទៀត រួមជាមួយវ៉ាក់សាំងដែលនឹងផ្តល់ដោយប្រទេសអ៊ីតាលី ១លានដូស ដែលនឹងមកក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បើពុំមានអ្វីប្រែប្រួលទៀតទេនោះ។ ដោយឡែក វ៉ាក់សាំងដែលជាជំនួយរបស់ប្រទេសប៉ូឡូញ ១លានដូស រួមជាមួយនឹងវ៉ាក់សាំងដែលនឹងផ្តល់ដោយសហរដ្ឋអាមេរិកចំនួន ៧លាន៥សែនដូសទៀត នឹងមកដល់កម្ពុជាជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០២២នេះ៕

Join Telegram https://t.me/cngtvcambodia

ប្រភព៖ ក្រសួងព័ត៌មាន