សម្តេចតេជោមានជំនឿចំពោះ គំនិតផ្តួចផ្តើម រដ្ឋពីរឆ្ពោះទៅជាតិតែមួយ ឧបទ្វីបតែមួយ ប្រជាជនតែមួយ វប្បធម៌តែមួយ នឹងអាចសម្រេចបាន រវាងកូរ៉េទាំងពីរ
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជឿថា គំនិតផ្តួចផ្តើម រដ្ឋពីរ ឆ្ពោះទៅជាតិតែមួយ ឧបទ្វីបតែមួយ ប្រជាជនតែមួយ វប្បធម៌តែមួយ គឺជាឯកសារទស្សនទាន នៅក្នុងសកម្មភាពជាក់ស្តែង អាចសម្រេចបានការបង្រួបបង្រួមនៃប្រទេសកូរ៉េ ទំាង២។
ថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងមហាសន្និបាតនៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោកដើម្បីសន្តិភាពនៃសម័យប្រជុំកំពូលពិភពលោកឆ្នាំ ២០២២ ស្តីពី “សន្តិភាពនៅឧបទ្វីបកូរ៉េ» នៅថ្ងៃទី១៣ ខែ កុម្ភៈ ឆ្នាំ ២០២២ នាទីក្រុងសេអ៊ូល សម្តេចតេជោបានមានប្រសាសន៍ថា ប្រជាជនកម្ពុជា ធ្លាប់ឆ្លងកាត់នូវអារម្មណ៍ឈឺចាប់នៃសង្គ្រាម នៅពេលដែលបានឆ្លងកាត់សង្គ្រាមស៊ីវិលរយៈពេលជិត ៣ ទសវត្សរ៍ ដែលបានកើតឡើងភាគច្រើនបណ្តាលមកពីការលូកដៃពីបរទេស ។សម្តេចតេជោ បញ្ជាក់ថា កម្ពុជាក៏ជាជនរងគ្រោះនៃសង្គ្រាមត្រជាក់ និង នយោបាយមហាអំណាចផងដែរ ។ ការរៀនសូត្រពីបទពិសោធន៍កន្លងមកយើងត្រូវតែពឹងផ្អែកលើខ្លួនឯង ដើម្បីការពារផល ប្រយោជន៍ជាតិរបស់យើង និងស្វែងរកសន្តិភាពជូនប្រជាជន យើង ។
សម្តេចតេជោ បានបន្តថា ដោយផ្អែកលើបទពិសោធន៍ និងមេរៀនដែលបានមកដោយលំបាករបស់យើងក្នុងការកសាងសន្តិភាពនិងការបង្រួបបង្រួមជាតិ សម្តេចសូមស្នើគំនិតផ្តួចផ្តើម រដ្ឋពីរឆ្ពោះទៅជាតិតែមួយ ឧបទ្វីបតែមួយ ប្រជាជនតែមួយ វប្បធម៌តែមួយ សម្រាប់ការពិចារណារបស់អ្នកដែល ប្រហែលជាមិនមែនជាទស្សនទានថ្មីទាំងស្រុងនោះទេ តែផ្អែកលើចក្ខុវិស័យ និងបេសកកម្មនៃសហព័ន្ធសន្តិភាពសកល ។
សម្តេចតេជោ បានបញ្ជាក់ថា ហេតុអ្វីជាតិតែមួយ? កូរ៉េអាច ត្រូវបានបែងចែកដោយទឹកដី តែមិនមែនប្រជាជន ។ កូរ៉េមានឈាមជ័រខ្សែស្រឡាយតែមួយ ។ សុភាសិតខ្មែរមួយបានពោលថា «កាត់ទឹកមិនដាច់ កាត់សាច់មិនបាន»។
សម្តេចតេជោ ជឿថា គំនិតផ្តួចផ្តើម រដ្ឋពីរ ឆ្ពោះទៅជាតិតែមួយ ឧបទ្វីបតែមួយ ប្រជាជនតែមួយ វប្បធម៌តែមួយ គឺជាក់ស្តែង និងអាចសម្រេចបាន ព្រោះជាគំនិតផ្តួចផ្តើមមានគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរវាងកូរ៉េទាំងពីរ ។ គំនិតផ្តួចផ្តើមនេះត្រូវបានបំផុសគំនិតដោយបេសកកម្មរបស់សហព័ន្ធសន្តិភាពសកល ក្នុងការលើកកម្ពស់គុណតម្លៃរួម វិបុលភាពទៅវិញទៅមក និងការពឹងពាក់គ្នាទៅវិញទៅមក ព្រមទាំងគោលការណ៍រួមនៃការជំរុញការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នាទៅវិញទៅមក និងការផ្តល់ផលប្រយោជន៍ទៅវិញទៅមក សម្រាប់សន្តិភាពនិងវិបុលភាព ។
« ដើម្បីអាចសម្រេច ខ្ញុំសូមស្នើជំហានជាក់ស្តែងមួយចំនួនសម្រាប់ការពិចារណា ដូចខាងក្រោមទី១ យើងគួរតែប្រែក្លាយតំបន់គ្មានយោធា (DMZ) ទៅជាច្រករបៀងវប្បធម៌សុវត្ថិភាព និងបើកចំហដែលតភ្ជាប់ប្រជាជនទាំងពីរ ។ តំបន់គ្មានយោធា DMZ អាចផ្តល់ជូននូវវេទិកាសម្រាប់ការសម្តែងវប្បធម៌រួមគ្នា, ការតាំងពិព័រណ៍សិល្បៈ និងការផ្លាស់ប្តូរវប្បធម៌ផ្សេងទៀត ។ ទី២ កូរ៉េទាំងពីរគួរតែសហការបន្ថែមទៀត នៅក្រោមក្របខណ្ឌរបស់អង្គការយូណេស្កូ ដើម្បីបង្កើតលក្ខខណ្ឌចាំបាច់សម្រាប់កិច្ចសន្ទនាដោយផ្អែកលើការគោរពតម្លៃរួម ។ បុព្វកថានៃរដ្ឋធម្មនុញ្ញនៃអង្គការយូណេស្កូបានបំផុសគំនិតយើង ហើយខ្ញុំសូមដកស្រង់ដូចតទៅ «ដោយសារសង្គ្រាមផ្តើមចេញនៅក្នុងផ្នត់គំនិតរបស់មនុស្ស គឺក្នុងផ្នត់គំនិតរបស់មនុស្សនេះឯង ដែលត្រូវកសាងនូវស្មារតីការពារសន្តិភាព» ។ ទី៣ កូរ៉េទាំងពីរគួរតែធ្វើការរួមគ្នាដើម្បីលើកកម្ពស់វប្បធម៌កូរ៉េ, ភ្ជាប់អរិយធម៌កូរ៉េជាមួយអរិយធម៌ដទៃទៀត និងរួមគ្នាអភិវឌ្ឍទេសចរណ៍វប្បធម៌ និងនវានុវត្តន៍ ។ ជាឧទាហរណ៍, ការទូតអាហារអាចត្រូវបានលើកកម្ពស់រួមគ្នាដោយកូរ៉េទាំងពីរ » ៕
Join Telegram https://t.me/cngtvcambodia
ប្រភព៖ ក្រសួងព័ត៌មាន