ស្អែកនេះ កម្ពុជានឹងទទួល វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥០ម៉ឺនដូស ពីសាធារណរដ្ឋប្រជាមានិតចិន

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២១ស្អែកនេះ កម្ពុជានឹងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ចំនួន ៥០ម៉ឺនដូសបន្ថែមទៀត។ សូមជម្រាបថា យោងតាមរបាយការណ៍បូកសរុបរបស់ក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២១ គឺក្រសួងសុខាភិបាលបានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសបានចំនួន ១,៧៧៣,៩៩៤ដូសហើយ។

 
ស្អែកនេះ កម្ពុជានឹងទទួល វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥០ម៉ឺនដូស ពីសាធារណរដ្ឋប្រជាមានិតចិន

សូមចុច join link Telegram Channel CNGTV Cambodia https://t.me/cngtvcambodia

ដោយឡែកក្នុងរយ:ពេល៩ថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ក្រសួងការពារជាតិក៏បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបចំនួន ៣៩ម៉ឺន ៩៦១៧នាក់ផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២១កន្លងមកនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅតំបន់ក្រហមមានប្រជាជនជាង ៥២ម៉ឺននាក់ ហើយវ៉ាក់សាំងមានតែជាង ៩០ម៉ឺនដូស ចាក់បានតែប្រជាជនជាង ៤០ម៉ឺននាក់ បើសិនមានការខូចខាតមួយចំនួន វានឹងអាចមានការខ្វះវ៉ាក់សាំង នៅក្នុងតំបន់ក្រហម ដរាបណាមិនទាន់ចាក់វ៉ាក់សាំងអស់ប្រជាជន គឺយើងមិនដើរចេញ ចោលប្រជាជនណាម្នាក់នោះទេ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យបានច្បាស់ថា វ៉ាក់សាំងសម្រាប់ចាក់ចំនួន ៥២ម៉ឺននាក់ នៅក្នុងតំបន់ក្រហម គឺមិនខ្វះទេ គឺថ្ងៃទី ១១ខែឧសភា ឆ្នាំ ២០២១ វ៉ាក់សាំងនឹងមកដល់ ៥០ម៉ឺនដូស នឹងថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២១ នឹងដឹកមកដល់ចំនួន ៥០ម៉ឺនដូសទៀត សរុប ១លានដូសនៅក្នុងដៃយើងបន្ថែមទៀត ។

សម្តេចតេជោ ហ៊ុន សែន ក៏សូមស្នើសម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាទៅអង្គភាពដែលត្រូវចុះចាក់នៅក្នុងតំបន់ក្រហម មិនត្រូវបញ្ចប់ដូសទី១ ត្រឹមថ្ងៃទី ១៥ ខែឧសភានោះទេ គឺដូសទី១ ត្រូវតែធ្វើយ៉ាងណាឲ្យហើយ ឲ្យអស់ប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ។

សម្តេចបញ្ជាក់ថា មិនថាត្រឹមតែ ៥២ម៉ឺននាក់ទេ ទោះបីជា ៥៣ ទៅ៥៤ម៉ឺន ឬ៥៥ម៉ឺននាក់ ក៏យើងនៅតែមានលទ្ធភាព ដើម្បីចាក់ជូនប្រជាពលរដ្ឋដែរ៕

 

ប្រភព: ក្រសួងព័ត៌មាន