រោងចក្រអគ្គិសនីប្រើប្រាស់ធ្យូងថ្មគ្រោងនឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២១ខាងមុខនេះ

ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា រោងចក្រអគ្គិសនីប្រើប្រាស់ធ្យូងថ្ម ដែលមានអនុភាព ២៦៥ មេហ្គាវ៉ាត់ គ្រោងនឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២១ ដើម្បីបំពេញសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់ និងធានាសន្តិសុខថាមពលនៅកម្ពុជា។

 
រោងចក្រអគ្គិសនីប្រើប្រាស់ធ្យូងថ្មគ្រោងនឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២១ខាងមុខនេះ

លោក ភុន ឡែន ប្រធានមន្ទីររ៉ែ និងថាមពល បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា មកដល់ពេលនេះគម្រោងសាងសង់រោងចក្រធ្យូងថ្ម ដើម្បីផលិតថាមពលអគ្គិសនី ដែលមានអនុភាពថាមពល ២៦៥ មេកាវ៉ាត់  សម្រេចបានជាង៦០ភាគរយហើយ ។ក្រោយសាងសង់រួចរាល់ រោងចក្រនេះអាចផ្តល់ថាមពលអគ្គិសនីគ្របដណ្តប់ទាំងក្នុងខេត្តឧត្តរមានជ័យនិងសៀមរាប ។

លោកបានឱ្យដឹងថា តាមផែនការនៅចុងឆ្នាំ២០២១ខាងមុខនេះ គម្រោងនឹងដាក់ឱ្យដំណើរការជំហានទី១ ចំនួន ១៣០ មេហ្គាវ៉ាត់សិន ខណៈដែលចុងនៅឆ្នាំ២០២២ អាចនឹងដាក់ដំណើរទាំងស្រុងតែម្ដង ។ លោកបន្តថា បច្ចុប្បន្ននេះខាងអគ្គិសនីកម្ពុជាកំពុងសិក្សាពីផលប៉ះពាល់និងពន្លឿនការសាងសង់ ក្នុងការរៀបចំខ្សែបញ្ជូនដែលមានតង់ស្យុងខ្ពស់ពីខេត្តឧត្តរមានជ័យទៅខេត្តសៀមរាប ដើម្បីធ្វើយ៉ាងបញ្ចប់ទៅតាមផែនការដែលបានគ្រោងទុក ។ លោកបានអះអាងថា នៅពេលដែលរោងចក្រនេះសាងសង់រួចរាល់ ខេត្តឧត្តរមានជ័យនឹងមានភ្លើងប្រើប្រាស់គ្រប់គ្រាន់ ។

លោក​បញ្ជាក់ថា​« ដូចបានដឹងហើយគោលនយោបាយរបស់រាជរដ្ឋាភិបាល គុណប្រយោជន៍ទី១ គឺមិនខ្វះខាតភ្លើងដែលត្រូវទិញពីក្រៅប្រទេស ទី២ ការប្រើប្រាស់អគ្គិសនីដែលប្រើប្រាស់ធ្យូងថ្មត្រូវយកធ្យូងថ្មក្នុងស្រុកដើម្បីប្រើប្រាស់ ហើយនឹងបានជួយដល់ក្នុងសហគមន៍មានភ្លើងប្រើប្រាស់គ្រប់គ្រាន់ » ។

លោកបានឱ្យដឹងថា ចំពោះវិស័យអគ្គិសនីនិងថាមពល ធ្យូងថ្មដែលមានកម្លាំង២៦៥មេហ្គាវ៉ាត់នេះ ក្រសួងរ៉ែនិងថាមពលបានផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនអគ្គិសនីក្នុងការកែច្នៃនិងផ្គត់ផ្គង់ ស្របទៅតាមច្បាប់ត្រឹមត្រូវ។

សូមបញ្ជាក់ថា រោងច្រកផលិតថាមពលអគ្គិសនីនេះនឹងប្រើប្រាស់រ៉ែធ្យូងថ្មដែលធ្វើការកែច្នៃ មានកម្តៅប្រហែលជាង ៣០០០ កាល់ឡូរី ដែលធ្វើការផលិតភ្លើងបាន ២៦៥គីឡូវ៉ាត់ អាចបម្រើវិស័យអគ្គិសនីនិងថាមពល ទូទាំងខេត្តឧត្តរមានជ័យ និងចែកចាយទៅខេត្តសៀមរាប៕

 

 

ប្រភព: ក្រសួងព័ត៌មាន