លោកជំទាវ អ៊ាត សោភា ដឹកនាំអង្គទូតបរទេស និងអង្គការអន្តរជាតិចុះពិនិត្យស្ថានភាពជាក់ស្តែងនៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន

លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ ២០២៦ បានដឹកនាំអង្គទូតបរទេស និងអង្គការអន្តរប្រចាំកម្ពុជា ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅភូមិជោគជ័យ ភូមិព្រៃចាន់ ស្ថិតឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងតំបន់បឹងត្រកួន ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលយោធាថៃបន្តសកម្មភាពដាក់ទូកុងតឺន័រ និងរាយបន្លាលួស រួមទាំងលើកទង់ជាតិរបស់ខ្លួនក្នុងទឹកដីកម្ពុជា។

 
លោកជំទាវ អ៊ាត សោភា ដឹកនាំអង្គទូតបរទេស និងអង្គការអន្តរជាតិចុះពិនិត្យស្ថានភាពជាក់ស្តែងនៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន

តាមការបញ្ជាក់ពីឯកឧត្តម  អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ៖ បច្ចុប្បន្នយោធាថៃបានរំលោភបំពានកាន់កាប់ដីកម្ពុជាខុសច្បាប់ប្រមាណ ៧៦០ហិកតា នៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន។ ឯកឧត្តម បានបញ្ជាក់ថា យោធាថៃបានដាក់ទូកុងតឺន័រនៅភូមិជោគជ័យ ៤ទីតាំង ដែលមាន១៦កុងតឺន័រ និងគ្រប់គ្រងកាន់កាប់ដី១៣៧ហិកតា។ នៅភូមិព្រៃចាន់វិញ យោធាថៃបានដាក់ទូកុងតឺន័រ៣ទីតាំង ដែលមានដល់៦៣កុងតឺន័រ និងគ្រប់គ្រងកាន់កាប់ផ្ទៃដី៤២ហិកតា។ នៅតំបន់បឹងត្រកួន ដែលមាន៤ភូមិ ត្រូវបានថៃកាន់កាប់ផ្ទៃដីចំនួន៥៨៤ហិកតា និងដាក់ទូកុងតឺន័រ១៣កន្លែង ដែលមាន២៦កុងតឺន័រ។

សកម្មភាពដែលយោធាថៃបន្តរំលោភបំពានដែនអធិបតេយ្យភាពកម្ពុជាមកទល់បច្ចុប្បន្ននេះ គឺកើតឡើងក្រោយថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៃបទឈប់បាញ់រវាងប្រទេសទាំងពីរ។ ទង្វើរបស់យោធាថៃនេះ បានឱ្យពលរដ្ឋខេត្តបន្ទាយមានជ័យជាង៣០០០គ្រួសារមិនអាចវិលត្រឡប់ទៅលំនៅដ្ឋានវិញ ខណ:ផ្ទះសំបែងរបស់ពលរដ្ឋខ្មែរមួយចំនួន ត្រូវបានយោធាថៃវាយកម្ទេច   ចោល ៕


















ប្រភព៖ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK