ការចុះពិនិត្យទីតាំង នៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជា
នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ អ៊ាត សោភា រដ្ឋមន្រ្តីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំអង្គទូត និងតំណាងទីភ្នាក់ងារអង្គការអន្តរជាតិប្រចាំកម្ពុជា ចុះពិនិត្យទីតាំង នៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជា ដែលកងទ័ពថៃបានឈ្លានពានកាន់កាប់ដោយអាវុធ ហើយបន្តដាក់ពង្រាយទូកុងតឺន័រ និងបន្លាលួស។
លោកជំទាវក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហាព្រំដែនទាំងអស់តាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលពាក់ព័ន្ធ ព្រមទាំងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥។





ប្រភព៖ក្រសួងការបរទេស






































