ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន៖ ចុងសប្ដាហ៍ទី១ខែកុម្ភៈ នៅទូទាំងប្រទេសទទួលបានភ្ញៀវជាង៣៤ម៉ឺននាក់, បើសរុបទាំងពេលចូលឆ្នាំចិនផងមានជាង១.៣លាននាក់

(ភ្នំពេញ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា សម្រាប់ថ្ងៃចុងសប្ដាហ៍ថ្ងៃទី៥-៦ ខែកុម្ភៈ ឆ្នាំ២០២២ ភ្ញៀវទេសចរដែលចេញដើរកម្សាន្តនៅទូទាំងប្រទេសមានចំនួនសរុប៣៤៤,៥៤៧នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៣៣៤,៨៥៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន៩,៦៨៨នាក់។

 
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន៖ ចុងសប្ដាហ៍ទី១ខែកុម្ភៈ នៅទូទាំងប្រទេសទទួលបានភ្ញៀវជាង៣៤ម៉ឺននាក់, បើសរុបទាំងពេលចូលឆ្នាំចិនផងមានជាង១.៣លាននាក់

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

* រាជធានីភ្នំពេញ៧០,២០៤នាក់

* ខេត្តព្រះសីហនុ៦១,២៥១នាក់

* ខេត្តបាត់ដំបង៣៥,១០៧នាក់

* ខេត្តកំពត៣៣,៧៧០នាក់

* ខេត្តកោះកុង២៣,៧០០នាក់

* ខេត្តពោធិ៍សាត់២០,៤២៤នាក់

* ខេត្តមណ្ឌលគិរី១៩,៩១៦នាក់

* ខេត្តសៀមរាប១៧,៤២២នាក់។

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបន្តថា «សរុបទាំងពិធីបុណ្យចូលឆ្នាំចិនបូករួមទាំងចុងសប្តាហ៍នេះ ភ្ញៀវសរុបទូទាំងប្រទេសមានចំនួន១,២៩២,០៤៤នាក់»។

លោកបានបន្តទៀតថា ចំនួនភ្ញៀវទេសចរជិត១.៣លាននាក់ ក្នុងរយៈពេលមួយសប្តាហ៍នេះ ជាចំនួនដ៏ច្រើនសម្បើមមួយទៀតសម្រាប់ដើមឆ្នាំ២០២២នេះ បន្ទាប់ពីចរន្តភ្ញៀវទេសចរប្រមាណ២លាននាក់នាឱកាសឆ្លងឆ្នាំសកលកន្លងមក ខណៈដែលកាលពីឆ្នាំ២០២១ ពិធីបុណ្យភ្ជុំបិណ្ឌទទួលបានភ្ញៀវសរុប្រមាណជាង៦៦ម៉ឺននាក់ ហើយកាលពីព្រះរាជពិធីបុណ្យអុំទូកមានភ្ញៀវសរុបប្រមាណជាង៩១ម៉ឺននាក់។

ទោះបីមិនថ្ងៃឈប់សម្រាកផ្លូវការ ប៉ុន្តែលំហូរភ្ញៀវទេសចរពេញមួយសប្តាហ៍នេះ បង្កើតបានជាចរន្តសេដ្ឋកិច្ចដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមូលដ្ឋាន ពិសេសសម្រាប់វិស័យឯកជន និងប្រជាពលរដ្ឋទូទៅ ខណៈដែលប្រតិបត្តិករទេសចរណ៍នានាបានបន្តប្រមើលមើលពីកាលានុវត្តភាពនៃការងើបឡើងដ៏រហ័សនៃវិស័យទេសចរណ៍ ពិសេសសម្រាប់ឆ្នាំ២០២២នេះតែម្តង។

ទន្ទឹមនឹងនេះ ចរន្តភ្ញៀវដ៏ផុសផលនេះក៏បានបង្ហាញផងដែរថា មូលដ្ឋានអាជីវកម្ម ផ្នែកឯកជន និងអ្នករកទទួលទានក្នុងវិស័យទេសចរណ៍ បានត្រៀមខ្លួនរួចរាល់សម្រាប់ចូលរួមស្តារ និងលើកកម្ពស់វិស័យទេសចរណ៍ក្រោយវិបត្តិជំងឺកូវីដ-១៩ តាមរយៈការរៀបចំ និងកែលម្អទម្រង់ធុរកិច្ច និងអាជីវកម្មរបស់ខ្លួនក្នុងគន្លងប្រក្រតីភាព ក៏ដូចជាដើម្បីត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិជាបណ្តើរៗផងដែរ។

ទោះបីចំនួនភ្ញៀវមានសន្ទុះខ្លាំងក្នុងរយៈពេលមួយសប្តាហ៍នេះ ប៉ុន្តែសភាពការណ៍ទូទៅជារួម ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ ការគ្រប់គ្រងតម្លៃសេវា និងផលិតផល ព្រមទាំងការអនុវត្តវិធានការនានាទប់ស្កាត់ជំងឺកូវីដ-១៩ មានភាពល្អប្រសើរច្រើន។

ជាការវាយតម្លៃជារួមយើងឃើញថា វិស័យទេសចរណ៍កម្ពុជាបានកំពុងស្ថិតក្នុងដំណាក់កាលនៃការងើបឡើងវិញដ៏ឆាប់រហ័ស តាមរយៈលំហូរទេសចរណ៍ផ្ទៃក្នុង ដែលអាចសម្រេចទៅបានក្រោមវិធានការប្រកបដោយប្រសិទ្ធភាពរបស់សម្តេចតេជោក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ពិសេសការជំរុញការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ និងជនបរទេស ដែលបានធ្វើឲ្យកម្ពុជាកំពុងបោះជំហានឈានមុខក្នុងការបើកដំណើរការឡើងវិញពេញលេញលើគ្រប់វិស័យសេដ្ឋកិច្ច និងសង្គម៕

Join Telegram https://t.me/cngtvcambodia

ប្រភព៖ ក្រសួងទេសចរណ៍