លោក ដូណាល់ ត្រាំ គម្រាមរឿងពន្ធគយថ្មីចំពោះចិនជាការឆ្លើយតបរឿងវិបត្តិកូវីដ១៩
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងក្នុងសប្តាហ៍នេះថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏តានតឹងជាមួយប្រទេសចិន ឥលូវបានក្លាយជាចំណុចសំខាន់បន្ទាប់ ចំពោះការរីករាលដាលជាសកលនៃវីរុសកូវីដ១៩ ហើយលោកបានគម្រាមរឿងពន្ធគយថ្មីថែមទៀតទៅលើទីក្រុងប៉េកាំង ខណៈរដ្ឋបាលរបស់លោកកំពុងរៀបចំវិធានការសងសឹកចំពោះការរាតត្បាតវីរុសកូរ៉ូណា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០។
វោហារសាស្រ្តដ៏មុតស្រួចរបស់លោក ត្រាំ ប្រឆាំងនឹងចិនបានឆ្លុះបញ្ចាំងអំពីភាពតានតឹងកាន់តែខ្លាំងឡើងដែលលោកមានជាមួយទីក្រុងប៉េកាំង ជុំវិញការរាតត្បាតនៃវីរុសកូវីដ១៩ ដែលបានធ្វើឲ្យពលរដ្ឋអាមេរិករាប់ម៉ឺននាក់បាត់បង់ជីវិត ធ្វើឲ្យសេដ្ឋកិច្ចអាមេរិកធ្លាក់ចូលក្នុងវិបត្តិ និងគំរាមកំហែងដល់ឱកាសជាប់ឆ្នោតជាថ្មីរបស់លោក ត្រាំ ក្នុងការបោះឆ្នោតឡើងវិញនៅខាងវិច្ឆិកាខាងមុខ។
លោក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា ទោះជាយ៉ាងណាក៏ដោយ ការព្រួយបារម្ភរបស់លោកអំពីតួនាទីរបស់ចិន លើរឿងប្រភព និងការរាតត្បាតនៃវីរុសកូវីដ១៩ ត្រូវបានដាក់ជាចំណុចអាទិភាព ពីលើកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង ដែលមានឥទ្ធិពលលើការដោះស្រាយរបស់លោកចំពោះប្រទេសមហាអំណាចសេដ្ឋកិច្ចទី២របស់ពិភពលោកមួយនេះ។
សូមបញ្ជាក់ផងដែរថា ពន្ធគយដែលកើនឡើងដល់ ២៥ ភាគរយលើទំនិញនាំចូលពីចិនប្រចាំឆ្នាំមានតម្លៃស្មើប្រមាណ ៣៧០ពាន់លានដុល្លារសហរដ្ឋអាមេរិក។
ថ្មីៗនេះទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងបានកើនឡើងបានបន្ទោសគ្នាយ៉ាងខ្លាំងជុំវិញបញ្ហានៃប្រភពវីរុសកូវីដ១៩ និងការឆ្លើយតបចំពោះវិបត្តិនេះ៕
ប្រភព៖ Reuters ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ