រាជរដ្ឋាភិបាលកម្ពុជាទទួលផែនទីតំបន់សេវាទឹកស្អាតពីកម្មវិធី 3i អូស្ត្រាលី
តាមរយៈកិច្ចសហប្រតិបត្តិការរវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយកម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ហៅកាត់ថា កម្មវិធី 3i នៃប្រទេសអូស្ត្រាលី បានស្តែងចេញនូវសារ:សំខាន់នៃហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលអូស្ត្រាលីក្នុងការអនុវត្តគម្រោងនិងសកម្មភាពគាំទ្រដល់ការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា ។
កម្មវិធីនេះ បានកំពុងពង្រីកវិសាលភាព នៃការទទួលបានទឹកស្អាតតាមបណ្ដាញរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ហេីយដែលការងារនេះ កម្មវិធី3i ត្រូវធ្វើផែនទីពីតំបន់គ្របដណ្តប់របស់ខ្លួន ដាក់មកក្រសួងដេីម្បីជាមូលដ្ឋាននៃការពិនិត្យវាយតម្លៃ កំណត់គោលដៅបន្ថែម ក៏ដូចជាកាដាក់ចេញនូវគោលនយោបាយផ្សេងៗ ។ ជាក់ស្ដែង នៅព្រឹកថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១ នៅទីស្តីការក្រសួងមានរៀបចំពិធីទទួលផែនទីតំបន់សេវាទឹកស្អាតពីកម្មវិធី3i អូស្ត្រាលី រវាងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តគម្រោងកម្មវិធី3i របស់ប្រទេសអូស្ត្រាលី ។ ក្នុងនោះលេីវិស័យទឹកស្អាតឃេីញថាកំពុងគ្របដណ្តប់ស្ទើរទូទាំងប្រទេសក្នុងដំណាក់កាលផ្សេងៗគ្នា។ គម្រោងនេះពិតជាបានរួមចំណែកជាមួយក្រសួងក៏ដូចជា រាជរដ្ឋាភិបាលកម្ពុជា ដែលកំណត់ថា នៅឆ្នាំ២០២៥ ទីប្រជុំជននឹងទទួលទឹកស្អាតប្រេីប្រាស់១០០% និងនៅឆ្នាំ២០៣០ ទទួលបានទូទាំងប្រទេស តាមគ្រប់មធ្យោបាយ ។
ការទទួលបានផែនទីនាថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ណាស់ ដេីម្បីយេីងដឹងពីស្ថានភាព និងដេីម្បីតាមដានពីវឌ្ឍនភាពនៃការផ្គត់ផ្គង់ទឹកស្អាត ហេីយក៏ជាមូលដ្ឋានសម្រាប់ការពិនិត្យវាយតម្លៃ ក្នុងផែនការសកម្មភាពរបស់យេីងផងដែរ ។
ជាមួយគ្នានេះ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តីចម ប្រសិទ្ធក៏បានស្នេីឲ្យប្រទេសអូស្ត្រាលីបន្តការផ្តល់ជំនួយអភិវឌ្ឍ ជំនួយបច្ចេកទេស ការផ្ទេរបច្ចេវិទ្យា ដូចជាជំនាញការធ្វេីបច្ចុប្បន្នភាពលេីផែនទីសេវាគ្របដណ្តប់ និងការពិនិត្យលទ្ធភាពផ្តល់ជំនួយបច្ចេកទេសចំពោះការបំពាក់ប្រព័ន្ធ Sensor សម្រាប់ត្រួតពិនិត្យគុណភាពទឹកប្រចាំថ្ងៃផងដែរ ។
ឯកឧត្ដម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានលេីកឡេីងពីទំនាក់ទំនងល្អនៃកិច្ចសហប្រតិបត្តិការ និងបានបញ្ជាក់ពីជំហររបស់អូស្ត្រាលី ក៏ដូចជាបេសកកម្មរបស់កម្មវិធី3i ក្នុងការចូលរួមចំណែកការអភិវឌ្ឍនតាមរយ:ការវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ។ ក្នុងនោះបានផ្តោតលេីហិរញ្ញប្បទានឥតសំណងសម្រាប់ការអភិវឌ្ឍវិស័យទឹកស្អាត វិស័យអគ្គិសនី ស្តង់ដារផលិតផល និងកសិ-កែច្នៃ ជាដេីម ។ ក្រៅពីនោះ ប្រទេសអូស្ត្រាលីក៏មានជំនួយអភិវឌ្ឍក្រោមក្របខណ្ឌអាស៊ាន-អូស្ត្រាលី និងក្នុងក្របខណ្ឌមហាអនុតំបន់ទន្លេមេគង្គផងដែរ ៕
សូមចុច join Telegram https://t.me/cngtvcambodia
ប្រភព: នាយកដ្ឋានរដ្ឋបាល ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍