ក្រសួងប្រៃសណីយ៍ ព្រមានចាត់វិធានការចំពោះអ្នកនាំចូល ចែកចាយ ដំឡើង និងប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍ ឬឧបករណ៍ដែលប្រើប្រាស់ហ្វ្រេកង់វិទ្យុ ដោយពុំមានលិខិតអនុញ្ញាត

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា កន្លងមក ក.ប.ទ. សង្កេតឃើញមានសកម្មភាពនាំចូល ចែកចាយ ដំឡើង ប្រើប្រាស់ និងការផ្សព្វផ្សាយពាណិជ្ជកម្មលក់ឧបករណ៍ទូរគមនាគមន៍ ឬ ឧបករណ៍ដែលប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុ នៅលើទីផ្សារកម្ពុជា ដូចជា ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវាគ្រប់ប្រភេទ (Booster/Repeater) ឧបករណ៍បញ្ជូនទទួលសេវាទូរសព្ទក្លែងក្លាយ (Fake Base Transceiver Station - Fake BTS) អាកាសយានគ្មានមនុស្សបើក (Drone) ឧបករណ៍កាត់ផ្តាច់សេវា (Jammer) ដោយពុំមានលិខិតអនុញ្ញាតឱ្យនាំចូលពីនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.)។

 
ក្រសួងប្រៃសណីយ៍ ព្រមានចាត់វិធានការចំពោះអ្នកនាំចូល ចែកចាយ ដំឡើង និងប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍ ឬឧបករណ៍ដែលប្រើប្រាស់ហ្វ្រេកង់វិទ្យុ ដោយពុំមានលិខិតអនុញ្ញាត

 

ក.ប.ទ. សូមជម្រាបជូនថា ផ្អែកតាមច្បាប់ស្តីពីទូរគមនាគមន៍ ការនាំចូល និងចែកចាយឧបករណ៍ទូរគមនាគមន៍ ឬឧបករណ៍ដែលប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុ ត្រូវធ្វើឡើងដោយបុគ្គលដែលមានការទទួលស្គាល់គុណវុឌ្ឍិសម្រាប់នាំចូលនិងចែកចាយ និងត្រូវមានវិញ្ញាបនបត្រទទួលស្គាល់យថាប្រភេទ (Type Approval Certificate) ព្រមទាំងត្រូវមានលិខិតអនុញ្ញាតឱ្យនាំចូលពី ន.ទ.ក. ដើម្បីធានាបានថា ឧបករណ៍ទាំងនេះ ពុំបង្កហានិភ័យដល់អ្នកប្រើប្រាស់ និងបង្កផលប៉ះពាល់ទៅដល់គុណភាពសេវាទូរគមនាគមន៍ ជាពិសេសចៀសវាងការយកទៅប្រើប្រាស់ដើម្បីប្រព្រឹត្តបទល្មើសនានា ដែលបង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម និងសន្តិសុខជាតិ។

ក.ប.ទ. សូមគូសបញ្ជាក់ថា ការធ្វើប្រតិបត្តិការក្នុងវិស័យទូរគមនាគមន៍ដោយគ្មានអាជ្ញាបណ្ណ ឬវិញ្ញាបនបត្រ ឬលិខិតអនុញ្ញាតពី ន.ទ.ក. និងការធ្វើសកម្មភាពទាំងឡាយណាផ្ទុយពីការកំណត់របស់ច្បាប់ស្ដីពីទូរគមនាគមន៍ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ គឺនឹងត្រូវទទួលរងទណ្ឌកម្មស្របតាមបទបញ្ញត្តិជាធរមាន។ ក្នុងនោះ មាត្រា៨៤ នៃច្បាប់ស្តីពីទូរគមនាគមន៍ បានចែងថា “ការបង្កើត ការដំឡើង ការប្រើប្រាស់ ឬការកែប្រែហេដ្ឋារចនាសម្ព័ន្ធនិងបណ្តាញទូរគមនាគមន៍ ឬគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ ដើម្បីបង្កការកាត់ផ្តាច់ ការរំខាន ឬការជ្រៀតជ្រែកលើហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធទូរគមនាគមន៍ ឬបង្កការប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ២ ០០០ ០០០ (ពីរលាន) រៀល ទៅ ១០ ០០០ ០០០ (ដប់លាន) រៀល”។

ក្នុងន័យនេះ ក.ប.ទ. សូមអំពាវនាវសារជាថ្មីដល់បុគ្គលពាក់ព័ន្ធទាំងអស់ ត្រូវបញ្ឈប់រាល់សកម្មភាពដូចបានជម្រាបជូនខាងលើ ហើយ ក.ប.ទ. និង ន.ទ.ក. នឹងចាត់វិធានការម៉ឺងម៉ាត់ដោយគ្មានការលើកលែងចំពោះគ្រប់បុគ្គលពាក់ព័ន្ធទាំងអស់ ដែលនៅតែបន្តប្រព្រឹត្តអំពើល្មើសនឹងច្បាប់ស្តីពីទូរគមនាគមន៍។

អាស្រ័យហេតុនេះ សូមគ្រប់បុគ្គលពាក់ព័ន្ធចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់ និងសូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន៕

ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍