អាមេរិកទុកពេលឲ្យចិន ៧២ម៉ោង ដើម្បីបិទស្ថានកុងស៊ុលនៅទីក្រុង HOUSTON
រដ្ឋវ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកទុកពេលឲ្យប្រទេសចិន ៧២ម៉ោង ដើម្បីបិទស្ថានកុងស៊ុលរបស់ខ្លួន នៅទីក្រុង ហូស្តូន (Houston) រដ្ឋតិចសាស់ ខណៈស្ថានកុងស៊ុលផ្សេងទៀតក៏អាចនឹងបិទទ្វារផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃពុធថា ការបិទស្ថានកុងស៊ុលចិននៅក្នុង
ទីក្រុងហូស្តូន គឺដើម្បីការពារកម្មសិទ្ធិបញ្ញា និងព័ត៌មានសម្ងាត់របស់ប្រជាជនអាមេរិក។ លោកដូណាល់ ត្រាំ ក៏បានឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានថា ស្ថានកុងស៊ុលចិនជាច្រើនទៀតនៅអាមេរិក ក៏កំពុងប្រឈមនឹងការបិទទ្វារផងដែរ បន្ទាប់ពីមន្ត្រីអាមេរិកពីររូបបានអះអាងថា មន្ត្រីចិនក្នុងស្ថានកុងស៊ុលនៃទីក្រុង ហូស្តូន បានដុតបំផ្លាញចោលនូវឯកសារសំខាន់។
មិនតែប៉ុណ្ណោះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពិន (Wang Wenbin) ឆ្លើយតបទៅវិញថា ទីក្រុងប៉េកាំងនឹងចាត់វិធានការសងសឹក ប្រសិនបើអាមេរិកមិនផ្លាស់ប្តូរការសម្រេចចិត្តរបស់
ខ្លួន។ ចិនព្រមទាំងបានទាត់ចោលនូវការចោទប្រកាន់របស់អាមេរិកទៀតផង។
សូមជម្រាបផងដែរថា ថ្នាក់ដឹកនាំគណបក្សកុម្មុយនិស្តចិន កំពុងពិចារណាបិទស្ថានកុងស៊ុលអាមេរិកក្នុងទីក្រុងវូហាន ហុងកុង សៀងហៃ និងខេត្តក្វាងចូវ ដើម្បីរំខានដល់សេដ្ឋកិច្ចអាមេរិក៕
ប្រភព៖ Reuters, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ