វេសឡាញអេឌ្យូខេសិនគ្រុប បង្កើតបណ្តាញសាលារៀនសហគមន៍២១ ក្នុងបេសកកម្មស្រុក១ សាលា១ ដើម្បីរួមចំណែកអភិវឌ្ឍសហគ្រិនភាពនិងសេដ្ឋកិច្ចសហគមន៍សម្រាប់ប្រជាជននៅទីជនបទ

ក្រុមហ៊ុនវេសឡញ អេឌ្យូខេសិន គ្រុប បានប្រកាសបង្កើតបណ្តាញសាលារៀនថ្មីដែលមានឈ្មោះថា “សាលារៀនសហគមន៍២១” នៅតាមគ្រប់ស្រុក ដោយចាប់ផ្តើម ចំនួន៥ ពីឆ្នាំ២០២២ខាងមុខនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលអភិវឌ្ឍសហគ្រិនភាពនិងសេដ្ឋកិច្ចសហគមន៍សម្រាប់ប្រជាជននៅទីជនបទ។

 
វេសឡាញអេឌ្យូខេសិនគ្រុប បង្កើតបណ្តាញសាលារៀនសហគមន៍២១ ក្នុងបេសកកម្មស្រុក១ សាលា១  ដើម្បីរួមចំណែកអភិវឌ្ឍសហគ្រិនភាពនិងសេដ្ឋកិច្ចសហគមន៍សម្រាប់ប្រជាជននៅទីជនបទ

ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានឲ្យដឹងថា “សាលារៀនសហគមន៍២១ ដែលទើបតែបង្កើតថ្មីនេះនឹងអភិវឌ្ឍអ្នកដឹកនាំជំនាន់ថ្មីសម្រាប់សហគមន៍ និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលអភិវឌ្ឍសហគ្រិនភាពនិងសេដ្ឋកិច្ចសហគមន៍ ក្នុងប្រទេសកម្ពុជាយើង ហើយក៏ស្វាគមន៍បងប្អូនទាំងអស់ដែលស្រលាញ់ការងារអប់រំ និងចង់ចូលរួមសហការជាមួយក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប ដើម្បីនាំសាលារៀនសហគមន៍២១ ដល់ឃុំ ស្រុករបស់បងប្អូន”។

ទីតាំងទាំង៥ដំបូង នៃបណ្តាញសាលារៀនសហគមន៍២១ នឹងចាប់កំណើតនៅ ១. ស្រុកព្រៃឈរ ខេត្តកំពង់ចាម  ២. ស្រុកស្អាង  ខេត្តកណ្តាល ៣. ស្រុកល្វាឯម  ខេត្តកណ្តាល ៤. សង្កាត់ក្រាំងធ្នុង ខណ្ឌពោធិ៍សែនជ័យ ៥. ផ្លូវ៤២ ខណ្ឌកំបូល។

សាលារៀនសហគមន៍២១ មានបេសកម្មផ្តល់ជូនកម្មវិធីអប់រំទូទៅភាសាខ្មែរ ដល់សិស្សានុសិស្សចាប់ពីថ្នាក់មត្តេយ្យដល់កម្រិតបឋមសិក្សា តាមរយៈប្រព័ន្ធអប់រំជាតិ ដែលមានគុណភាព កម្មវិធីភាសាអង់គ្លេស ជំនាញសតវត្សទី២១ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈនៅកម្រិតវិទ្យាល័យ ក្នុងតម្លៃសមរម្យ និងផ្តល់ជូនសិស្សនូវបរិយាកាសសិក្សាប្រកបដោយភាពរីករាយ និងផាសុកភាព ក៏ដូចជាទំនួលខុសត្រូវ និងភាពជាអ្នកដឹកនាំ ព្រមទាំងមានប្រព័ន្ធទំនាក់ទំនងបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាពខ្ពស់ និងការសិក្សាសម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងឪពុកម្តាយ។ លើសពីនេះ នឹងបញ្ចូលកម្មវិធីសិក្សាបន្ថែមមានដូនជា កម្មវិធីបណ្តុះបណ្តលផ្នែកហិរញ្ញវត្ថុ(MoneyTree) កម្មវិធីទម្លាប់ល្អទាំង៧ (7 Habits of Highly Effective People) កម្មវិធីវិទ្យាសាស្រ្ត (STEAM) រួមនឹងកម្មវិធីបន្ថែមដទៃទៀត។

 

ឧកញ៉ា ប៉ិច បូឡែន បានបន្តទៀតថា “នៅពេលនេះមានបងប្អូនជាច្រើនបានទំនាក់ទំនង ដើម្បីស្នើសុំសហការបង្កើតសាលារៀនសហគមន៍២១នៅតាមស្រុក និងខេត្តមួយចំនួន ប៉ុន្តែក្រោយពេលឆ្លងកាត់ការប្រជុំវាយតម្លៃពីស្ថានភាព និងសក្តានុពលរួចមក យើងសម្រេចជ្រើសរើសតែ៥ទីតាំងដំបូងគេសម្រាប់ប្រតិបត្តិការក្នុងឆ្នាំ២០២២ ហើយនឹងបន្តបើកប្រតិបត្តិការបន្ថែមទៀតនៅឆ្នាំបន្ទាប់ខាងមុខ។

ឧកញ៉ា បានបង្ហើបថាសាលារៀនសហគមន៍២១ មួយត្រូវចំណាយទឹកប្រាក់ប្រហែលដប់ម៉ឺនដុល្លារអាមេរិក។ ម្ចាស់ទទួលសិទ្ធិអាជីវកម្ម(Franchiser) មុននឹងដំណើរការសាលារៀនបាន ទាល់តែបានឆ្លង់កាត់ការជជែកពិភាក្សាវាយតម្លៃពីចក្ខុវិស័យនិងក្តីស្រលាញ់ការអប់រំ មានឆន្ទៈចូលរួមអភិវឌ្ឍស្រុកកំណើតខ្លួន យល់ព្រមគោរពតាមបទដ្ឋានគុណភាពរបស់ WEG និងត្រូវចូលរៀនវគ្គបណ្តុះបណ្តាលគ្រប់គ្រងសាលារៀន ដែលរៀបចំឡើងដោយវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ រយៈពេល៣ខែសិន ទើបបានចាប់ផ្តើមដំណើរការសាលារៀន។

សូមជម្រាបថា ក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប (WEG) គឺជាបណ្តាញគ្រឹះស្ថានអប់រំដែលបង្កើតឡើងនៅឆ្នាំ២០០៨ ហើយរហូតដល់ពេលបច្ចុប្បន្ននេះមានសាលារៀនវ៉េស្ទឡាញន៍ ១០សាខា, សាលារៀនណត្សឡាញន៍ ១សាខា, សាលាអន្តរជាតិ អេបផលទ្រី ១សាខា, សាលាអន្តរជាតិ ហ្វររ៉េសហៀល ២សាខា, សាលាភាសាអង់គ្លេស លីឌឺលែន ១សាខា, និងវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ ១សាខា៕