សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា សូមកុំដាក់ការសង្ឃឹមហួសហេតុពេកលើភាពជាប្រធានអាស៊ានរបស់កម្ពុជា ក៏ប៉ុន្តែសូមកុំមាក់ងាយតួនាទីរបស់កម្ពុជា ក្នុងបញ្ហាមីយ៉ាន់ម៉ា
ក្នុងពេលដែលបញ្ជាក់អំពីកាលបរិច្ឆេទនៃការធ្វើទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី ០៧ និងទី០៨ ខែមករា ឆ្នាំ២០២២ខាងមុខនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សូមកុំដាក់ការសង្ឃឹមហួសហេតុពេកលើភាពជាប្រធានអាស៊ានរបស់កម្ពុជា ក៏ប៉ុន្តែសូមកុំមាក់ងាយនៅតួនាទីរបស់កម្ពុជាផងដែរ សូមទុកឱកាសឱ្យកម្ពុជាធ្វើសិន ក្នុងបញ្ហាមីយ៉ាន់ម៉ា។
ក្នុងពិធីសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ីភ្នំពេញ«HYATT REGENCY PHNOM PENH» នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ប្រាប់មេដឹកនាំអាស៊ាន និងបណ្ដាអន្តរជាតិ កុំបន្ទោសកម្ពុជា ក្នុងការបង្កើនទំនាក់ទំនង និងចូលខ្លួនទៅដោះស្រាយបញ្ហាមីយ៉ាន់ម៉ាថា “ក្នុងខែមករានេះ ខ្ញុំនឹងទៅ មីយ៉ាន់ម៉ា ហាមឃាត់ខ្ញុំមិនបានទេ ទុកឱកាសឱ្យខ្ញុំធ្វើបានទេ ព្រោះយើងមិនអាច ហៅថា អាស៊ានទៅរួចទេ បើសិនជាអាស៊ាននៅតែ៩ប្រទេសនោះ ត្រូវសង្គ្រោះពីអាស៊ាន៩ឱ្យទៅ ជាអាស៊ាន១០ គឺជារឿងចាំបាច់បំផុតរបស់អាស៊ាន។ សភាពការណ៍នៅមីយ៉ាន់ម៉ា គឺជា រឿងមួយហើយ ក៏ប៉ុន្តែមុននឹងជួយមីយ៉ាន់ម៉ាត្រូវឱ្យមានអាស៊ានពិតប្រាកដ។ បើមិនអីចឹង វានឹងបង្កើតទម្លាប់ដ៏មានគ្រោះថ្នាក់មួយ គឺអ្នកណាធ្វើជាប្រធានអាស៊ាន មិនពេញចិត្តជា មួយអ្នកណាមួយ មិនអញ្ជើញគេចូលប្រជុំ ម៉េចហៅថាអាស៊ាន តម្លៃអាស៊ាននៅ កន្លែងណាទៀត។”
សម្ដេចតេជោថ្លែងបន្តថា បើមិនឱ្យធ្វើការជាមួយអ្នកដឹកនាំប្រទេស តើឱ្យខ្ញុំទៅធ្វើការជាមួយអ្នកណា ឧទាហរណ៍ ករណីផ្ដល់ជំនួយឱ្យមីយ៉ាន់ម៉ា តើផ្ដល់ទៅណា ផ្ដល់ទៅឱ្យទ័ពព្រៃ ឬផ្ដល់ទៅឱ្យរដ្ឋាភិបាលស្រមោល។ ពិតមែនហើយមនុស្សមួយចំនួនចូលមកជេរខ្ញុំតាមហ្វេសប៊ុក ជេរចុះ ក៏ប៉ុន្តែខ្ញុំធ្វើអ្វីដែលធម្មនុញ្ញអាស៊ានអនុញ្ញាត ហើយសូមកុំបន្ទោសកម្ពុជាខ្ញុំឱ្យសោះ រឿងមីយ៉ាន់ម៉ា ដោះស្រាយចប់ ឬមិនចប់ វាមិន ចំណុះលើអាស៊ានទេ អាស៊ានគ្រាន់តែជាចំណែកនៃការជួយដល់មីយ៉ាន់ម៉ា ក៏ប៉ុន្តែដោះ ស្រាយបញ្ហាខ្លួនឯង គឺមីយ៉ាន់ម៉ាជាអ្នកដោះស្រាយ អាស៊ានគ្រាន់តែជាអ្នកសម្រប សម្រួលទេ ដូចករណីកម្ពុជាដែរ គឺទាំងអាស៊ាន និងអង្គការសហប្រជាជាតិគ្រាន់ តែជា ចំណែកនៃការជួយខាងក្រៅ។ ក៏ប៉ុន្តែការស្រុះស្រួលគ្នានៅខាងក្នុង ព្រោះនេះជារឿងរបស់ កម្ពុជាក្នុងករណីដូចគ្នានេះ។
សម្ដេចតេជោបន្ថែមថា ឥឡូវ ខ្លះថាចាំមើលស្នាដៃកម្ពុជាដោះស្រាយបញ្ហាមីយ៉ាន់ម៉ាតើបាន ឬមិនបាន វាអត់ចំណុះលើកម្ពុជាដោះ បាន ឬមិនបាន ទេ តែកម្ពុជានឹងខិតខំដើម្បីសម្រួលសភាពការណ៍មីយ៉ាន់ម៉ា ដើម្បីវិលត្រឡប់ទៅរកស្ថានភាពមួយដ៏ប្រសើរ ដែលក្នុងនោះ កុងសង់ស៊ីស៥ចំណុចដែលយើងរកបាននៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីខែមេសា ឆ្នាំ២០២១កន្លងទៅ ដែលនេះ ជាគំនិត របស់ខ្ញុំ សូមមើលទៅក្នុងកំណត់ហេតុរបស់អាស៊ាន ដែលមេដឹកនាំមីយ៉ាន់ម៉ា និងអាស៊ាន បានឯកភាពគ្នា។ សម្ដេចតេជោថ្លែងទៀតថា សូមកុំដាក់ការសង្ឃឹមហួសហេតុពេកលើភាពជាប្រធានអាស៊ានរបស់កម្ពុជា ក៏ប៉ុន្តែសូមកុំមាក់ងាយនៅតួនាទីរបស់កម្ពុជាផងដែរ សូមទុកឱកាសឱ្យខ្ញុំធ្វើសិន។ ដូច្នេះការជួបផ្ទាល់ជាមួយមេដឹកនាំមីយ៉ាន់ម៉ា គឺវាសំខាន់ណាស់សម្រាប់ខ្ញុំ សូមកុំរំខានខ្ញុំទុកពេលវេលាឱ្យខ្ញុំធ្វើ។
សម្ដេចតេជោបានបញ្ជាក់បន្ថែមថា “សូមកុំរំខានខ្ញុំ ទុកពេលវេលាឱ្យខ្ញុំធ្វើ ខ្ញុំមិនមែន ជាគ្រូអស់លោកអ្នកទេ ប៉ុន្តែសូមអស់លោកអ្នកកុំតាំងខ្លួនធ្វើជាគ្រូរបស់ខ្ញុំ តើខ្ញុំសុំប៉ុណ្ណឹង បានទេ”៕
Join Telegram https://t.me/cngtvcambodia
ប្រភព៖ ក្រសួងព័ត៌មាន