ប្រមុខដឹកនាំ CDC ព្រមានថារលកទី២នៃវីរុសកូវីដ១៩អាចនឹងធ្ងន់ធ្ងរជាងនេះខណៈរដូវកាលផ្តាសាយនឹងចូលមកដល់
ប្រធានមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (CDC) បានព្រមានកាលពីថ្ងៃអង្គារម្សិលមិញនេះថា រលកទី២នៃវីរុសកូរ៉ូណាត្រូវបានរំពឹងថានឹងវាយប្រហារសហរដ្ឋអាមេរិកនារដូវរងារខាងមុខនេះ ហើយអាចនឹងរឹតតែពិបាកជាងស្ថានភាពបច្ចុប្បន្នទៅទៀតដោយសាររដូវកាលនៃជំងឺផ្តាសាយនឹងចូលមកដល់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០។
លោក Robert Redfield ប្រធាន CDC បានថ្លែងនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មាន Washington Post យ៉ាងដូច្នេះថា មានលទ្ធភាពដែលថាការវាយប្រហារដោយវីរុសកូរ៉ូណានារដូវរងារខាងមុខនេះនឹងពិតជាលំបាកខ្លាំងជាបច្ចុប្បន្នទៅទៀត ហើយអាចនឹងមានការរាតត្បាតនៃជំងឺផ្តាសាយ និងវីរុសកូវីដ១៩ក្នុងពេលតែមួយ។ ពេលនោះវានឹងប៉ះពាល់ខ្លាំងទៅលើប្រព័ន្ធសុខាភិបាល។
លោក Redfield និងអាជ្ញាធរសុខភាពសាធារណៈដទៃទៀតបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងលើការបញ្ជាឲ្យប្រជាពលរដ្ឋស្នាក់នៅក្នុងផ្ទះ និងមិនចេញក្រៅបើមិនចាំបាច់ ការផ្អាកដំណើរការអាជីវកម្មនិងសាលារៀននៅទូទាំងប្រទេសដើម្បីកាត់បន្ថយការរីករាលដាលនៃការឆ្លង។ ប៉ុន្តែការរឹតត្បិតនេះក៏បានធ្វើឱ្យរាំងស្ទះដល់ពាណិជ្ជកម្មអាមេរិកផងដែរ ខណៈមានមនុស្សយ៉ាងហោចណាស់ ២២ លាននាក់បានបាត់បង់ការងារក្នុងរយៈពេល ៤ សប្តាហ៍កន្លងមកនេះ។
ខណៈការរឹតត្បិតការធ្វើដំណើរបានបន្ធូរបន្ថយជាបណ្តើរៗហើយក៏ដោយ ក៏ប៉ុន្តែលោក Redfield នៅតែសង្កត់ធ្ងន់ពីសារៈសំខាន់ដែលថាបុគ្គលម្នាក់ៗគួរបន្តអនុវត្តវិធានការនៅឃ្លាតឆ្ងាយពីគ្នាបន្តទៀត៕
ប្រភព៖ Reuters ដោយ៖ ចាប មិថុនា