អ្នកប្រើប្រាស់ NHAM24 កើនលើស ១ លាននាក់ ត្រៀមខ្លួនជាស្រេចក្នុងការឆ្ពោះក្លាយជាកម្មវិធីពាណិជ្ជកម្មបែបអេឡិចត្រូនិច (Super App) ឈានមុខគេនៅប្រទេសកម្ពុជា
ភ្នំពេញ ថ្ងៃទី23 ខែមេសា ឆ្នាំ២០២៤ - NHAM24 ដែលត្រូវបានស្គាល់ថាជាក្រុមហ៊ុនពាណិជ្ជកម្មបែបអេឡិចត្រូនិច (Super App) ដ៏ធំមួយ និងឈានមុខគេនៅប្រទេសកម្ពុជា។
ពិតជាមានមោទនភាពយ៉ាងក្រៃលែងក្នុងការប្រកាសពីសមិទ្ធផលដ៏អស្ចារ្យមួយក្នុងដំណើរប្រតិបត្តិការរបស់ NHAM24 អស់រយៈពេលជាង 8 ឆ្នាំមកនេះ ដែលនោះគឺការទទួលបានចំនួនអ្នកប្រើប្រាស់លើសពី ១ លាននាក់។ សមិទ្ធផលដ៏ពិសេសនេះគូសបញ្ជាក់ពីគោលជំហរដ៏រឹងមាំរបស់ NHAM24 ដែលបានកំណត់តាំងខ្លួនជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេនៅក្នុងប្រទេស ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយ៉ាងគួរឲ្យកត់សម្គាល់ពីត្រឹមជាកម្មវិធីដឹកជញ្ជូនម្ហូបអាហារកាលពីឆ្នាំ ២០១៦វិវត្តន៍ក្លាយជាកម្មវិធីពាណិជ្ជកម្មបែបអេឡិចត្រូនិច (Super App) ដែលបម្រើការសឹងលើគ្រប់វ័ស័យទាំងអស់ ជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់។
ជាមួយនឹងកំណើនអ្នកប្រើប្រាស់ច្រើនជាង ១លាននាក់នៃកម្មវិធី NHAM24 នេះផងដែរ គឺជាការបង្ហាញឲ្យឃើញពីភាពជោគជ័យរបស់ក្រុមហ៊ុន ក្នុងនាមជាក្រុមហ៊ុន Start-up ផ្នែកបច្ចេកវិទ្យាមួយរបស់ប្រទេសកម្ពុជា ក៏ដូចជាបង្ហាញឲ្យឃើញនូវស្មារតីនៃភាពច្នៃប្រឌិត និងការបេជ្ញាចិត្តយ៉ាងមោះមុតនៃប្រជាជាតិខ្មែរ។ ស្របពេលមានការប្រកួតប្រជែងយ៉ាងស្វិតស្វាញពីដៃគូប្រកួតប្រជែងទាំងជាតិ និងអន្តរជាតិ សមិទ្ធផលមួយនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីការរីកចម្រើនដ៏គួរឱ្យចាប់អារម្មណ៍របស់ NHAM24 ប៉ុណ្ណោះទេ ប៉ុន្តែសមិទ្ធផលនេះក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការបម្រើផ្តល់ជូនរាល់គ្រប់តម្រូវការរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ជាមួយសេវាកម្មមួយប្រកបដោយភាពច្នៃប្រឌិត និងទូលំទូលាយ។
លោក ចាន់ បូរីម៉ា ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន NHAM24 បានធ្វើការឆ្លើយតបទៅនឹងសមិទ្ធផលដ៏អស្ចារ្យនេះដោយមានប្រសាសន៍ថា៖ “កំណើននៃចំនួនអ្នកប្រើប្រាស់ច្រើនជាង ១លាននាក់នេះ គឺជាសក្ខីកម្មមួយឆ្លុះបញ្ចាំងពីការប្រឹងប្រែង និងការលះបង់របស់ក្រុមការងារ NHAM24 រួមមានដៃគូដឹកជញ្ជូន ដៃគូអ្នកបើកបរ ព្រមទាំងមានការជឿទុកចិត្ត និងការគាំទ្រដ៏ថ្លៃថ្លាពីដៃគូសហការទាំងអស់។ នេះគឺជាក្តីសុបិនមួយរបស់ពួកយើង ហើយពួកយើងពិតជាមានមោទនភាពយ៉ាងក្រៃលែងដែលបានធ្វើឱ្យក្តីសុបិនមួយនេះក្លាយជាការពិត ហើយនេះក៏ជាចំណុចរបត់ដ៏សំខាន់មួយនៅក្នុងដំណើរប្រតិបត្តិការរបស់ពួកយើងផងដែរ។”
លោកបានបន្ថែមថា៖ “ក្នុងនាមជាក្រុមហ៊ុន Start-up នៅក្នុងស្រុកមួយ ពួកយើងសុំចូលរួមចែករំលែកនូវមោទនភាពមួយនេះទៅកាន់ប្រជាជនកម្ពុជាគ្រប់រូប និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ការគាំទ្រពីសំណាក់អ្នកប្រើប្រាស់ និងដៃគូសហការទាំងអស់។ ពួកយើងនឹងនៅតែបន្តបេជ្ញាផ្តល់ជូនលោកអ្នកជាមួយដំណោះស្រាយដឹកជញ្ជូនប្រកបដោយភាពច្នៃប្រឌិត និងជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃក្នុងសហគមន៍របស់យើងគ្រប់ទីកន្លែង។”
ការពង្រីកបន្ថែមរបស់ NHAM24 លើសពីសេវាកម្មដឹកជញ្ជូនម្ហូបអាហារនេះ បានបង្ហាញពីចក្ខុវិស័យរបស់ក្រុមហ៊ុនក្នុងការក្លាយខ្លួនជាកម្មវិធីមួយដែលអាចផ្តល់ជូនអ្នកប្រើប្រាស់គ្រប់ប្រភេទសេវាកម្មទាំងអស់ រួមមានសេវាកម្មដឹកជញ្ជូនម្ហូបអាហារ (NHAM24) សេវាកម្មដឹកជញ្ជូនគ្រឿងទេស (NHAM24 Groceries & Fresh) សេវាកម្មតាក់ស៊ី (NHAM24 Taxi) សេវាកម្មដឹកជញ្ជូនអីវ៉ាន់ (NHAM24 Express) សេវាកម្មទីផ្សារពាណិជ្ជកម្មរហ័ស (NHAM24 Shops) សេវាកម្មដឹកជញ្ជូនអ្នកដំណើរ (NHAM24 Travel & Private Taxi) សេវាកម្មទិញសំបុត្រផ្សេងៗ (E-Tickets) និងសេវាកម្មជាច្រើនផ្សេងទៀត។ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធផ្នែកដឹកជញ្ជូនដ៏រឹងមាំ និងកំណើននៃចំនួនអ្នកប្រើប្រាស់ក្រុមហ៊ុន NHAM24 បានកំណត់គោលដៅក្នុងការពង្រីកវិសាលភាពរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា និងសម្លឹងមើលឃើញនូវការពង្រីកបន្ថែមថ្មីទៀតនៅក្រៅប្រទេសផងដែរ ដោយនៅតែបន្តពង្រឹងសេវាកម្មស្នូលរបស់ខ្លួន និងបង្កើនបទពិសោធន៍របស់អតិថិជនឲ្យកាន់តែល្អប្រសើរ។
អំពី NHAM24 (GO24 CAMBODIA CO., LTD. )
NHAM24 គឺជាក្រុមហ៊ុនពាណិជ្ជកម្មបែបអេឡិចត្រូនិច (Super App) ដ៏ធំមួយ និងឈានមុខគេនៅប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2015។ ហើយបច្ចុប្បន្ននេះ NHAM24 កំពុងតែបម្រើសេវាកម្មសឹងលើគ្រប់វិស័យទាំងអស់រួមមាន សេវាកម្មដឹកជញ្ជូនម្ហូបអាហារនិងគ្រឿងទេស សេវាកម្មតាក់ស៊ី សេវាកម្មដឹកជញ្ជូនអីវ៉ាន់ សេវាកម្មទីផ្សារពាណិជ្ជកម្មរហ័ស និងសេវាកម្មដឹកជញ្ជូនអ្នកដំណើរ។
ជាមួយនឹងដំណើរប្រតិបត្តិការនៅ 19 ខេត្តក្រុង ក្នុងប្រទេសកម្ពុជា ក៏ដូចជាជួយផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ដៃគូដឹកជញ្ជូន និងដៃគូបើកបរជាង 10,000 នាក់ និងបានអនុញ្ញាតឱ្យដៃគូពាណិជ្ជករលក់អាហារ និងពាណិជ្ជកម្មរហ័សជាង 20,000 ហាង ដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ។
សម្រាប់ការសាកសួរព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖
Rowell Santiago
Director of Marketing Communications
Email: [email protected]
Phone: +855 15 852 624