[វីដេអូ] Ep.9 # ជំងឺធ្លាក់ទឹកចិត្ត ឬបាក់ទឹកចិត្ត
បច្ចុប្បន្ន ជំងឺបាក់ទឹកចិត្តបានកំពុងធ្វើការវាយប្រហារយ៉ាងខ្លាំង មិនថាអ្នកជាអ្នកណា ជាអ្នកមាន អ្នកក្រ ក្មេង ចាស់ ប្រុស ឬស្រីនោះឡើយ។មុននឹងឈានទៅដល់ជំងឺធ្លាក់ទឹកចិត្តអ្នកត្រូវយល់ដឹងអំពីប្រតិកម្មធម្មតារបស់មនុស្សយើងជាមុនសិន។សញ្ញានៃការបាត់ទឹកចិត្តអាចមានរយ:ពេលក្រោម១សប្តាហ៍ វានិងបាត់វិញធម្មតា មានន័យថាការគេង និងញុំាបានធម្មតា។
អ្វីទៅជាជំងឺបាក់ទឹកចិត្ត?
ជំងឺបាក់ទឹកចិត្តគឺជាជំងឺដែលគិតពីរយ:ពេលដែលធ្លាក់ទឹកចិត្តប្រហែល២សបា្តហ៍។
គេចែកជំងឺបាក់ទឹកចិត្តជា ៣កំរិតគឺ
- ការបាក់ទឹកចិត្តកំរិតស្រាល
- ការបាក់ទឹកចិត្តកំរិតមធ្យម
- ការបាក់ទឹកចិត្តកំរិតធ្ងន់ធ្ងរ
ចំពោះការបាក់ទឹកចិត្តកំរិតមធ្យមចែកចេញជា២កំរិត
- ការបាក់ទឹកចិត្តមធ្យមកំរិតស្រាលនិងការបាក់ទឹកចិត្តមធ្យមកំរិតធ្ងន់។
+ការបាក់ទឹកចិត្តមធ្យមកំរិតធ្ងន់អាចធ្វើឲ្យមានការចង់ធ្វើអត្តឃាត ឬធ្វើអត្តឃាត។
ការលោតទឹកសំលាប់ខ្លួន ធ្វើអត្តឃាត ការចងក ឬការលើបថ្នាំសំលាប់ខ្លួនជាដើមទាំងអស់នោះជាការបាក់ទឹកចិត្តកំរិតធ្ងន់ធ្ងរ ។
ការព្យាបាល
ចំពោះការព្យាបាលជំងឺបាក់ទឹកចិត្តអ្នកអាចទៅជួបអ្នកជំនាញ មិត្តភក្តិ និងគ្រួសារដែលអាចជួយដោះបញ្ហាបាន។ការព្យាបាលជំងឺបាក់ទឹកចិត្តក៏ដូចជាការព្យាបាលជំងឺផ្លូវចិត្តដែរ។ វាត្រូវបានបែងចែកជា២សំខាន់ៗ គឺការព្យាបាលដោយឳសថ និងការព្យាបាលតាមបែបចិត្តសាស្ត្រ។
នៅពេលដែលអ្នកដឹងខ្លួនថាមានជំងឺបាក់ទឹកចិត្តអ្នកត្រូវទៅស្វែងរកអ្នកជំនាញដើម្បីជួយដោះស្រាយបញ្ហាដែលធ្វើឲ្យអ្នកបាក់ទឹកចិត្ត ពីព្រោះអ្នកជំនាញគាត់ដឹងអំពីវិធីសាស្រ្ត របៀបក្នុងការព្យាបាល ជួយអ្នកឲ្យរួចផុតពីបញ្ហាផ្សេងៗដែលធ្វើឲ្យអ្នកបាក់ទឹកចិត្ត។
អ្នកត្រូវដឹងថា នៅផ្នែកកាយមានអ្នកឯទេសព្យាបាលជំងឺផ្លូវកាយ ដោយឡែកផ្លូវចិត្តវិញក៏មានអ្នកឯទេសព្យាបាលផ្លូវចិត្តដែរ។
វិធីសាស្រ្តក្នុងការថែទាំ
ដើម្បីព្យាបាលជំងឺបាក់ទឹកចិត្តត្រូវមានការចូលរួមពីក្រុមគ្រួសារ មនុស្សជាទីស្រលាញ់ និងអ្នកបាក់ទឹកចិត្ត ដោយធ្វើការអញ្ជើញគាត់មកជួបជាមួយគ្រូពេទ្យ ឬអ្នកជំនាញ។ ការព្យាបាលនេះមានន័យការព្យាបាលជាក្រុម។ ដូចនេះគ្រួសារត្រូវយល់អំពីបញ្ហាផ្សេងៗដែលធ្វើឲ្យសមាជិកនៅក្នុងគ្រួសាររបស់អ្នក បាក់ទឹកចិត្ត ដោយជំរុញឲ្យគ្រួសារត្រូវជួយជំរុញលើកទឹកចិត្ត ស្តាប់ហេតុផលផ្សេងៗ មានការគាំទ្រផ្លូវចិត្ត យល់ចិត្តអ្នកជំងឺ សិក្សាពីមូលហេតុដែលធ្វើឲ្យអ្នកជំងឺបាក់ទឹកចិត្ត និងយល់អំពីស្ថានភាពអ្នកជំងឺបាក់ទឹកចិត្តថាតើបាក់ទឹកចិត្តកំរិតណា? នៅពេលដែលអ្នកឯកទេស ឬអ្នកជំនាញដឹងអំពីហេតុផល ឬបញ្ហាផ្សេងៗដែលធ្វើឲ្យបាក់ទឹកចិត្ត នោះគាត់នឹងមានភាពងាយស្រួលក្នុងការព្យាបាលផ្លូវចិត្ត ក្រោយពីធ្វើការពិគ្រោះយោបល់និងដឹងរបៀបដោះស្រាយបញ្ហាផ្លូវចិត្ត។
របៀបក្នុងការបង្ការ
ដើម្បីបង្ការជំងឺបាក់ទឹកចិត្តយើងត្រូវយល់ដឹងអំពីបញ្ហាអ្វីដែលធ្វើឲ្យអ្នកបាក់ទឹកចិត្ត។គេបែងចែកជា ៣កត្តាសំខាន់:
- សង្គមសាស្រ្ត គឺកើតឡើងនៅក្នុងសង្គមដូចជាសំពាធការងារ មានភាពតានតឹងដែលគេហៅថា Stress management។
- ចិត្តសាស្រ្ត គឺកើតទៅលើចិត្តរបស់មនុស្សនៅពេលដែលគាត់មិនអាចគ្រប់គ្រងផ្លូវចិត្តរបស់គាត់បាន។
- ជីវសាស្រ្ត គឺកើតទៅលើការបរិភោគអាហារ ជក់បារី ផឹកគ្រឿងស្រវឹង គ្រឿងញៀននៅពេលដែលអ្នកផឹកគ្រឿងស្រវឹងច្រើនធ្វើឲ្យប៉ះពាល់ទៅដល់ខួរក្បាលនិងការចងចាំជាដើម។
របបអាហារនិងការទទួលទានអាហារឲ្យបានត្រឹមត្រូវ
អ្នកត្រូវរស់នៅកន្លែងស្អាត ទទួលទានអាហារប្រកបដោយជីវជាតិ ធ្វើលំហាត់ប្រាណជាប្រចាំ សំរាកឲ្យបានទៀងទាត់។
ជៀសវាងចំណីអាហារដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពដូចជា កាហ្វេ ផឹកគ្រឿងស្រវឹង គ្រឿងញៀន បារីជាដើម។
សារដ៏មានសារ:ប្រយោជន៍
សុខភាពពិតជាមានសារ:សំខាន់ណាស់ដូចនេះសុខភាពផ្លូវចិត្តក៏មានសារ:សំខាន់ដែរ ដូចពាក្យស្លោកមួយបានពោលថា”សុខភាពផ្លូវចិត្តជាម្តាយ សុខភាពផ្លូវកាយជាឪពុក”។
ដូចនេះអ្នកត្រូវថែរក្សាសុខភាពឲ្យបានល្អទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត ។
ប្រសិនបើដឹងថាខ្លួនមានជំងឺសុខភាពផ្លូវចិត្ត សូមប្រញាប់ទៅជួបអ្នកជំនាញឲ្យទាន់ពេលវេលា បើមិនដូច្នោះទេនឹងអាចធ្វើឲ្យមានការវិវឌ្ឍកាន់តែធ្ងន់ធ្ងរ ឈានទៅដល់ការធ្វើអត្តឃាត៕
សូមទស្សនាវីដេអូដូចខាងក្រោម៖
ប្រភព: សាស្រ្តាចារ្យ វេជ្ជបណ្ឌិត យឹម សុបុត្រា