លោក គីម ជុងអ៊ុន សន្យាសាងសង់ផ្ទះរាប់ម៉ឺនខ្នងជូនប្រជាពលរដ្ឋកូរ៉េខាងជើង ដែលរងគ្រោះដោយសារខ្យល់ព្យុះ
Reuters៖ មេដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាថា នឹងជួយស្តារតំបន់ជាច្រើន ដែលរងគ្រោះដោយសារព្យុះទីហ្វុង (Typhoon) ឲ្យប្រសើរឡើងវិញ និងសាងសង់ផ្ទះជូនអ្នករងគ្រោះ យ៉ាងហោចណាស់ ២៥,០០០ខ្នង ក្នុងរយៈពេល ០៥ឆ្នាំ ខាងមុខ។
ក្នុងពេលចុះទៅត្រួតពិនិត្យមើលកន្លែងដែលរងគ្រោះខ្លាំងជាងគេបំផុតមួយ លោក គីម ជុងអ៊ុន បាន
សម្តែងការសោកស្តាយជាខ្លាំងផងដែរ ចំពោះការខូចខាតផ្ទះសម្បែងសម្រាប់ប្រជាជនរស់នៅ ដែលមានអាយុកាលជាង៥០មកហើយ ហើយលោកបានជម្រុញឲ្យយោធាចាប់ផ្តើមផែនការសាងសង់ឡើងវិញឲ្យកាន់តែខ្លាំងជាងមុន៕
ម្យ៉ាងវិញទៀត យោធាកូរ៉េខាងជើងបានឈានដល់កម្រិតសាងសង់ ៦០% ហើយ សម្រាប់ផ្ទះយ៉ាងតិច ២,៣០០ខ្នង ក្នុងតំបន់កុមដុក (Komdok) ក្នុងខេត្តហាំជីយ៉ុងខាងត្បូង ស្ថិតក្នុងភាគឥសាន្តនៃរដ្ឋធានីព្យុងយ៉ាង។
ការអះអាងរបស់លោក គីម ជុងអ៊ុន បានឲ្យដឹងថា ការសាងសង់ផ្ទះថ្មីទាំងនេះ គឺព្រោះតែការរងគ្រោះ ដោយសារគ្រោះធម្មជាតិជាច្រើន និងជាអ្វីដែលលោកហៅថា ជា "បដិវត្តន៍នៃផែនការសាងសង់" ដែល កំពុងចាប់ផ្តើមកសាងផ្ទះសម្បែងឲ្យបានយ៉ាងតិច ២៥,០០០ ខ្នង ក្រោមផែនការ៥ឆ្នាំ ដែលគ្រោងនឹងប្រកាសនៅខែមករា ឆ្នាំ២០២១ ខាងមុខនេះ៕
ប្រភព៖ Reuters, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ