ប្រហិត និងកម្ទេចបំណែកសាច់ចំនួន ៩ ៩៧៧ គីឡូក្រាម ត្រូវបានដុតបំផ្លាញចោល
នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ អង្គភាពគយក្រោមឱវាទអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បង្ក្រាបនិងដុតកម្ទេចបំណែកសាច់ និងសាច់ប្រហិតនាំចូលខុសច្បាប់ចំនួន ៣ ករណី ស្មើនឹង ៩ ៩៧៧ គីឡូក្រាម ដែលនាំចូលគ្មានឯកសារ វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមស្តង់ដារ នាំឱ្យខូចគុណភាពមិនអាចប្រើប្រាស់បាន។
កម្ទេចបំណែកសាច់ និងសាច់ប្រហិតទាំងនោះ រួមមាន៖
១. បំណែកសាច់មាន់និងសាច់ក្រួចបង្កកចំនួន ៣៣២ គីឡូក្រាម ត្រូវបានបង្ក្រាបដោយមន្ត្រីការិយាល័យគយនិងរដ្ឋាករភ្នំឌិន នៃសាខាគយ និងរដ្ឋាករខេត្តតាកែវ នៅភូមិសាស្ត្រ ស្រុកគិរីវង្ស ខេត្តតាកែវ
២. គ្រឿងក្នុងជ្រូកចំនួន ១ ០២៥ គីឡូក្រាម ត្រូវបានបង្ក្រាបដោយមន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពេីរត់ពន្ធតំបន់៤ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស នៅភូមិសាស្ត្រស្រុកថ្មគោល ខេត្តបាត់ដំបង
៣. សាច់ប្រហិតចម្រុះចំនួន ៨ ៦២០ គីឡូក្រាម ត្រូវបានបង្ក្រាបដោយមន្ត្រីការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពេីរត់ពន្ធតំបន់១ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស នៅភូមិសាស្ត្រខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា