អង្គការសុខភាពពិភពលោកកំពុងទាក់ទងរុស្ស៊ី បន្ទាប់ពីរុស្ស៊ីផលិតវ៉ាក់សាំងកូវីដ១៩ បានជោគជ័យ
ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) កំពុងតែភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេស រុស្ស៊ី ពាក់ព័ន្ធនឹងវ៉ាក់សាំងការពារវីរុសកូវីដ១៩ ដែលនឹងអាចប្រើប្រាស់ទៅលើមនុស្សជាលើកដំបូងក្នុង ពិភពលោក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានចិនស៊ីនហ៊ួរ។
អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោកបានគូសបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានមួយថា អង្គការសុខភាពពិភពលោកកំពុងភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរពាក់ព័ន្ធនានារបស់រុស្ស៊ី ហើយពួកគេកំពុងបន្តកិច្ចពិភាក្សានានា ដើម្បីធ្វើការកំណត់គុណភាព និងប្រសិទ្ធិភាពវ៉ាក់សាំងរបស់រុស្ស៊ី ព្រមទាំងធ្វើការត្រួតពិនិត្យ និងវិនិច្ឆ័យយ៉ាងម៉ត់ចត់ដោយក្រុមជំនាញអន្តរជាតិរបស់អង្គការសុខភាពពិភពលោក។
មិនតែប៉ុណ្ណោះ បន្ទាប់ពីបានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញពីភាគជោគជ័យនៃការបង្កើតវ៉ាក់សាំងមុនគេបង្អស់លើពិភពលោកដោយប្រទេសរុស្ស៊ី ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន សង្ឃឹមថា ការផលិតវ៉ាក់សាំងទ្រង់ទ្រាយធំ ដែលចុះបញ្ជីដោយរុស្ស៊ីនឹងធ្វើឡើងក្នុងពេលខាងមុខ ហើយការចាក់វ៉ាក់សាំងនឹងផ្តល់ជូនដល់មនុស្សគ្រប់គ្នាក្នុងប្រទេសដោយការស្ម័គ្រចិត្ត៕
ប្រភព៖ Xinhua, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ