វិស័យឧស្សាហកម្មនៃគម្រោងវិនិយោគនៅកម្ពុជាគឺជាស្នូលអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ
កាលពីឆ្នាំ២០២៥កន្លងនេះវិស័យឧស្សាហកម្មនៅកម្ពុជាបានទាក់ទាញការវិនិយោគប្រមាណ ៥,៦ប៊ឺលានដុល្លារ ដែលស្មើប្រមាណ៥៨ភាគរយនៃទំហំទឹកប្រាក់វិនិយោគសរុប ខណៈចំនួននេះបានកើនដល់ទៅ៤៥ភាគរយ បើធៀបនឹងកាលពីឆ្នាំ២០២៤។
ការវិនិយោគលើវិស័យឧស្សាហកម្មនៅកម្ពុជាកាលពីឆ្នាំ២០២៥កន្លងនេះបានផ្តោតទៅលើ គម្រោងវិនិយោគបង្កើតរោងចក្រផលិតស៊ីម៉ងត៍នៅខេត្តក្រចេះ គម្រោងវិនិយោគអាជីវកម្មរ៉ែដែកនៅខេត្តកំពត គម្រោងវិនិយោគបង្កើតរោងចក្រផលិតក្រណាត់ និងអំបោះគ្រប់ប្រភេទនៅខេត្តកណ្តាល និងគម្រោងវិនិយោគបង្កើតរោងចក្រផ្តុំដំឡើងរថយន្តនៅខេត្តកំពង់ឆ្នាំង ចំណែកឯគ្រោងវិនិយោគផ្នែកកសិ-ឧស្សាហកម្ម មានដូចជា គម្រោងពង្រីកផលិតកម្មកសិដ្ឋានដាំដំណាំហូបផ្លែ និងរោងចក្រកែច្នៃ នៅខេត្តរតនគិរី គម្រោងពង្រីកផលិតកម្មកសិដ្ឋានចិញ្ចឹមគោពូជ និងគោយកសាច់ខ្នាតធំនៅខេត្តក្រចេះ គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃកសិផល និងផលិតចំណីអាហារពីកសិផល នៅខេត្តកំពង់ស្ពឺ និងគម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើនៅខេត្តបាត់ដំបង។
សូមបញ្ជាក់ថា វិស័យឧស្សាហកម្មមានតួនាទីស្នូលក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិកម្ពុជា ដែល វាបានរួមចំណែកប្រមាណ ៣៩ភាគរយនៃផលិតផលក្នុងស្រុកសរុបកាលពីឆ្នាំ២០២៣ តាមរយៈការបង្កើតការងារ ការបង្កើនផលិតភាព និងការនាំចេញ ដោយរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ជាពិសេសលើវិស័យកម្មន្តសាល ដូចជាវាយនភ័ណ្ឌនិងការផលិតទំនិញផ្សេងៗដោយជួយបង្កើន ប្រសិទ្ធភាព នៃការប្រកួតប្រជែងក្នុងទីផ្សារជាតិ និងអន្តរជាតិ គាំទ្រដល់ការនាំចេញ ធ្វើឱ្យសេដ្ឋកិច្ចជាតិ មានភាពរឹងមាំ ៕



ប្រភព៖ ក្រសួងព័ត៌មាន






































