ទម្លាប់សាកថ្ម ៦យ៉ាងដែលធ្វើឲ្យថ្ម iPhone ឆាប់ខូច
អ្នកប្រើ iPhone ខ្លះតែងរអ៊ូថា ថ្មទូរស័ព្ទរបស់ខ្លួនឆាប់អស់ ឬឆាប់ខូច។ ប៉ុន្តែបញ្ហានេះប្រហែលបណ្ដាលមកពីទម្លាប់អាក្រក់របស់អ្នកប្រើប្រាស់ទាំងនោះតែម្ដង។ ជាក់ស្ដែង ខាងក្រោមនេះ ជាទម្លាប់សាកថ្ម ៦យ៉ាង ដែលធ្វើឲ្យថ្ម iPhone ឆាប់អស់ ឬខូច៖
១. សាកថ្មរហូតដល់១០០% មនុស្សភាគច្រើនគិតថា ការសាកថ្មពេញដល់ ១០០% ទើបធ្វើឲ្យថ្មប្រើបានយូរ។ ប៉ុន្តែធាតុពិតអ្នកជំនាញជាច្រើនបានណែនាំថា អ្នកគួរសាកថ្មពី ៣០% ទៅ ៨០% ទើបល្អ។ បែបនេះអាចធ្វើឲ្យថ្មមានប្រសិទ្ធភាពធន់បានយូរ។ ប្រការដែលគួរជៀសវាងនោះគឺ កុំសាកពីសូន្យដល់ពេញឲ្យសោះ ពីព្រោះមានករណីខ្លះអាចធ្វើអោយទូរស័ព្ទផ្ទុះ។
២. ទុកថ្មដល់អស់ ទើបសាក ថ្មប្រភេទ Lithium-ion ឆាប់ខូច នៅពេលដែលវាធ្លាក់ដល់កម្រិតថាមពលទាប។ ដូចនេះអ្នកគួរចៀសវាងចាំដល់មានសញ្ញា "low battery" លោតមកទើបចាប់ផ្ដើមសាក ពីព្រោះវាអាចធ្វើឲ្យទូរស័ព្ទអត់កាន់ថ្មជាដើម។
៣. សាកថ្មនៅទីកន្លែងក្ដៅ នៅពេលដែលអ្នកយកទូរស័ព្ទទៅសាកថ្មនៅកន្លែងដែលមានបរិយាកាសក្ដៅ ឬក្រោមពន្លឺថ្ងៃថែមទៀតនោះ ធ្វើឲ្យទូរស័ព្ទទាំងមូលក្ដៅ។ ប្រសិនបើក្តៅខ្លាំងវាអាចនឹងប៉ោង ឬផ្ទុះក៏ថាបាន។
៤. សាកថ្មទាំងមិនដកស្រោមចេញ ប្រសិនបើអ្នកមិនដោះស្រោមទូរស័ព្ទ (case) ចេញទេ វានឹងធ្វើឲ្យទូរស័ព្ទរបស់អ្នកកាន់តែក្ដៅ។ ប្រការនេះ ធ្វើឲ្យគុណភាពប្រភេទ Lithium-ion នេះឆាប់ខូច។ ប៉ុន្តែបើមាន Smart Battery Case របស់ Apple មានលក្ខណៈពិសេសខុសពីស្រោមថោកៗនៅលើទីផ្សារ ពោលគឺមិនធ្វើឲ្យថ្មក្ដៅខ្លាំង និងខូចថ្មនោះឡើយ។
៥. ប្រើខ្សែសាកថ្មអាយ ជាការពិតនៅលើទីផ្សារមានផលិតផងក្លែងក្លាយជាច្រើន ប៉ុន្តែបើអ្នកប្រើខ្សែសាកថ្មហ្ស៊ីន (Original) របស់ Apple នោះវាមានសមត្ថភាពកាត់ផ្ដាច់ចរន្ត នៅពេលអ្នកសាកពេញថ្មបាន ១០០%។ ប៉ុន្តែបើប្រើខ្សែសាកអាយដែលលក់លើទីផ្សារក្នុងតម្លៃទាប វាគ្មានបច្ចេកវិទ្យានេះទេ។
៦. កុំសាកថ្មនៅពេលនិយាយទូរស័ព្ទ វាធ្វើអោយមានគ្រោះថ្នាក់ពីព្រោះនៅពេលដែលសាក វាធ្វើឲ្យថ្មឡើងកម្តៅ។ បន្ថែមពីនេះនៅពេលដែលចន្តរឆ្លងវាបង្កអោយទូរស័ព្ទផ្ទុះដែលជាហេតុធ្វើឲ្យមនុស្សស្លាប់ ឬ របួសធ្ងន់ធ្ងរនៅពេលនិយាយទូរស័ព្ទអំឡុងពេលសាកថ្ម។
ដោយ៖ ជា បញ្ញា