ADB ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការល្អ ជាមួយក្រសួងអភិវឌ្ឍន៍ជន ដើម្បីជម្រុញការអភិវឌ្ឍន៍នៅតំបន់ជនបទ ឱ្យមានសន្ទុះមួយកាន់តែលឿន
នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឱ្យ លោក Nianshan Zhang, អគ្គនាយក ADB ប្រចាំអាស៊ីអាគ្នេយ៍ រួមជាមួយសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ចំពោះប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានអញ្ជើញមកក្រសួងអភិវឌ្ឍន៍ជនបទនាឱកាសនេះ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបជូនប្រតិភូ អំពីការអភិវឌ្ឍប្រទេស ក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំដ៏ឆ្លៀសវៃ និងត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពនៃកម្ពុជា អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធិសភា និងក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្តលើកឡើងអំពីសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមករបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាពទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ស្របតាមគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ២០២៥-២០៣៥ ដែលបានដាក់ចេញនូវកម្មវិធីអាទិភាព ចំនួន៥ ដែលធ្វើឱ្យតំបន់ជនបទមានសមាហរណកម្ម មានការអភិវឌ្ឍន៍ឆាប់រហ័ស និងធានាបានកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាព។
ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរំលេចអំពីកិច្ចសហប្រតិបត្តិការជាមួយធនាគាអភិវឌ្ឍន៍អាស៊ីនាពេលកន្លងមក លើគម្រោងអភិវឌ្ឍន៍ផ្លូវជនបទ មានប្រវែងសរុប ៣ ០០០ គីឡូម៉ែត្រ និងគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ព្រមទាំងគម្រោងផ្សេងទៀតដែលកុំពុងអនុវត្ត និងគ្រោងចាប់ផ្តើមអនុវត្តនាពេលខាងមុខ។
បន្ទាប់ពីប្រសាសន៍ស្វាគមន៍របស់ឯកឧត្តមរដ្ឋមន្ត្រីរួមមក លោកអគ្គនាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំអាស៊ីអាគ្នេយ៍ បានសម្តែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍកម្ពុជាឱ្យមានការរីកចំរើនលើគ្រប់វិស័យក្នុងសន្ទុះមួយយ៉ាងឆាប់រហ័ស។
លោកក៏បានលើកឡើងអំពីភាពជាដៃគូរ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាមួយក្រសួងអភិវឌ្ឍន៍ជនបទ លើការវិនិយោគសាធារណៈ និងជំនួយបច្ចេកទេសនានា សម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជា។
លោកអគ្គនាយក បានបន្ថែមទៀតថា ADB នៅតែបន្តកិច្ចសហប្រតិបត្តិល្អ និងជិតស្និតបន្តទៀតជាមួយក្រសួងអភិវឌ្ឍន៍ជន ដើម្បីជម្រុញការអភិវឌ្ឍន៍នៅតំបន់ជនបទ ឱ្យមានសន្ទុះមួយកាន់លឿនថែមទៀត។
ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការសប្បាយរីករាយ និងថ្លែងអំណរគុណ ចំពោះលោកអគ្គនាយកប្រចាំអាស៊ីអាគ្នេយ៍ និងសការី ដែរបានបង្ហាញអំពីការចូលរួមបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទឱ្យកាន់តែមានភាពរឹងមាំថែមទៀត៕






ប្រភព៖ក្រសួងព័ត៌មាន


































