កម្ពុជាសម្រេចផ្អាកជាផ្លូវការចំពោះការធ្វើដំណើរឆ្លងព្រំដែនជាមួយវៀតណាម
កម្ពុជាបានចេញលិខិតជាផ្លូវការផ្អាកការធ្វើដំណើរឆ្លងកាត់ព្រំដែនជាមួយវៀតណាមមួយរយៈ ដោយមិនអនុញ្ញាតឱ្យប្រជាជនប្រទេសទាំងពីរឆ្លងកាត់ឡើយ ដោយការអនុវត្តវិធានការនេះ ត្រូវធ្វើឡើងចាប់ពីវេលាម៉ោង២៣:៥៩ នាទីយប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០តទៅ។
ភ្នំពេញ៖ កម្ពុជាបានចេញលិខិតជាផ្លូវការផ្អាកការធ្វើដំណើរឆ្លងកាត់ព្រំដែនជាមួយវៀតណាមមួយរយៈ ដោយមិនអនុញ្ញាតឱ្យប្រជាជនប្រទេសទាំងពីរឆ្លងកាត់ឡើយ ដោយការអនុវត្តវិធានការនេះ ត្រូវធ្វើឡើងចាប់ពីវេលាម៉ោង២៣:៥៩ នាទីយប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០តទៅ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិថ្ងៃទី១៨ មីនា ២០២០។
យោងតាមក្រសួងការបរទេសកម្ពុជាបានឲ្យដឹដងថា ក្នុងស្មារតីមិត្តភាពនិងការយោគយោល់គ្នា ទាក់ទងនឹងការរីករាលដាលនៃវីរុសកូវីដ-១៩ កម្ពុជាស្នើឲ្យអាជ្ញាធរវៀតណាម ជូនដំណឹងដល់ពលរដ្ឋវៀតណម កុំឲ្យធ្វើដំណើរមកកម្ពុជាគ្រប់ផ្លូវគោក ផ្លូវទឹក និង ផ្លូវអាកាស ក្នុងអំឡុងពេលសុពលភាពនៃការរឹតត្បិតការធ្វើដំណើររបស់ប្រទេសវៀតណាម ដែលបានចូលជាធរមាន ចាប់ពីម៉ោងសូន្យ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។
លិខិតជាផ្លូវការនេះបានបន្ថែមទៀតថា ការសម្រេចផ្អាកការធ្វើដំណើរតាមច្រកព្រំដែនរវាងប្រទេសទាំងពីរនេះ ធ្វើឡើងក្នុងគោលបំណងចៀសវាងមានការលំបាកកើតឡើង នៅតាមច្រកព្រំដែនប្រទេសទាំងពីរ ដោយយោងលើការកើនឡើងយ៉ាងគំហុក នូវការរកឃើញករណីឆ្លងវីរុសកូវីដ១៩ ខណៈដែលប្រទេសវៀតណាម បានដាក់កម្រិតលើការធ្វើដំណើរ ដែលតម្រូវឱ្យមានការដាក់នៅដោយឡែកពីគេរយៈពេល១៤ថ្ងៃ ចំពោះអ្នកដំណើរមកពីប្រទេសសមាជិកអាស៊ាន រួមទាំងជនជាតិវៀតណាមដែលវិលត្រឡប់ចូលស្រុកវិញផងដែរ។
ការធ្វើដំណើរចូលប្រទេសកម្ពុជាដោយពលរដ្ឋវៀតណាម និងការធ្វើដំណើរចូលប្រទេសវៀតណាមដោយពលរដ្ឋកម្ពុជា តាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសទាំងអស់ នឹងត្រូវផ្អាកជាបណ្តោះអាសន្ន ចាប់ពីម៉ោង២៣៖៥៩នាទីយប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។ វិធានការនេះមានគោលបំណងបញ្ចៀសនូវការលំបាកចំពោះពលរដ្ឋវៀតណាម ក៏ដូចជាពលរដ្ឋកម្ពុជា ដែលតម្រូវឱ្យបង្ខាំងខ្លួននៅដាច់ពីគេ ក្រោយពីបានធ្វើដំណើរពីប្រទេសកម្ពុជា ចូលទៅវៀតណាម។
ជាមួយគ្នានេះ ភាគីកម្ពុជាក៏បានស្នើឱ្យអាជ្ញាធរមូលដ្ឋានវៀតណាមសម្រួលការធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ នូវពលរដ្ឋកម្ពុជាទាំងអស់ ដែលកំពុងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេក្នុងប្រទេសវៀតណាម ប្រសិនបើមាន។
លិខិតផ្លូវការនេះក៏បានបញ្ជាក់ផងដែរថា វិធានការខាងលើនេះ មិនត្រូវបានអនុវត្តចំពោះពលរដ្ឋរៀតណាម និងពលរដ្ឋកម្ពុជាដែលកាន់លិខិតឆ្លងដែនការទូត និងផ្លូវការទេ៕
ដោយ៖ ចាប មិថុនា