ភ្ញៀវទេសចរណ៍កំពុងមានការចាប់អារម្មណ៍ និងមានទំនុកចិត្ដនៅពេលមកទស្សនានៅរមណីយដ្ឋានអង្គរ ក្នុងអំឡុងពេលជំងឺកូវី-១៩ !
សៀមរាប៖ ភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិកំពុងមានការចាប់អារម្មណ៍ និងមានទំនុកចិត្ដខ្ពស់ទៅលើរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប ខណ:ដែលពួកគាត់ទៅទស្សនារមណីយដ្ឋានអង្គរ នៅតំបន់ទេសចរណ៍ក្នុងអំឡុងពេលជំងឺកូវីដ-១៩។ ក្រោយពេលរាជរដ្ឋាភិបាលបានបើកឲ្យចូលទ្សនានៅតំបន់ទេសចរណ៍ឡើងវិញ នៅទូទាំងប្រទេសនាពេលកន្លងមកនេះ ភ្ញៀវទេសចរជាតិបានទៅទស្សនាប្រសាទអង្គរវត្ដមានកំណើនឡើងវិញ ដោយក្នុងមួយថ្ងៃមានពី ៣០០នាក់ទៅ៤០០នាក់ ជាពិសេសនៅថ្ងៃសៅរ៍ និងអាទិត្យប្រមាណ៥០០នាក់ ចំណែកភ្ញៀវអន្ដរជាតិមានចាប់ពី៥នាក់ ទៅ២០នាក់សម្រាប់ថ្ងៃឈប់សម្រាក។ នេះបើតាមការបញ្ជាក់ពីលោក ឡេក គឹមលីន អនុប្រធានភ្នាក់ងារទេសចរណ៍ក្នុងតំបន់អង្គរវត្ដ។
លោក ឡេក គឹមលីន បន្ថែមថា ភ្ញៀវទេសចរដែលនៅក្នុងខេត្ដភាគច្រើនពួកាត់គាត់ទៅលេងនៅទីធ្លាខាងមុខអង្គរវត្ដ និងជិះកង់ហាត់ប្រាណពេលល្ងាច ដែលអាជ្ញាធរជាតិអប្សរា មានការរៀបចំសោភ័ណ្ឌភាពស្រស់ស្អាតនៅទីនោះ រីឯភ្ញៀវទេសចរមកពីតាមខេត្ដផ្សេងៗទៅទស្សនារមណីយដ្ឋានអង្គរធម្មតា។ លោកបានបន្ដថា ក្រោយឃើញមានកំណើនភ្ញៀវឡើងវិញនេះ អាជ្ញាធរជាតិបានរៀបចំអោយមានវិធានការពារ នៃការឆ្លងជំងឺកូវីដ-១៩យ៉ាងយកចិត្ដទុកដាក់បំផុត ដោយមានម៉ាស៊ីនវាស់កំដៅ បាញ់អាកុល ស្គែនឃ្យូអ័រកូដ ដើម្បីធ្វើយ៉ាងណាអោយមានទំនុកចិត្ដពីភ្ញៀវទេសចរ។
ភ្ញៀវទេសចរណ៍ពីខេត្ដបាត់ដំបង និងខេត្ដសៀមរាប បានលើកឡើងថា ការធ្វើទេសចរណ៍ក្នុងពេលមានជំងឺកូវីដ-១៩កំពុងរាដាលនេះ ដោយសារតែពួកគាត់នៅចង់ឃើញ និងចង់ស្គាល់ពីទិដ្ឋភាពប្រាសាទអង្គរ បើទោះបីពួកគេធ្លាប់បានទៅទស្សនារួចហើយក្ដី ហើយការទៅទស្សនាប្រាសាទអង្គរ ក៏បានអនុវត្តវិធានការការពារពីឆ្លងជំងឺកូវីដ-១៩នេះផងដែរ។ ពួកគាត់បានបន្ដថា ក្នុងនាមជាកូនខ្មែរ មិនអាចមិនឃើញប្រាសាទអង្គរវត្ដនោះឡើយ។ ក្រោយពីការទស្សនាហើយនោះ ពួកគាត់បានកោតសសើរពីការរៀបចំបរិស្ថានអង្គរបានល្អប្រសើរផងដែរ។
ប៉ុន្ដែទោះជាយ៉ាងណា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជាសាកល នៃជំងឺកូវីដ-១៩ ជានិច្ចកាលអាជ្ញាធរជាតិអប្សរា បានដាក់ចេញវិធានការសម្រាប់មន្ត្រី ភ្នាក់ងារបំពេញកិច្ចការតាមប្រាង្គប្រាសាទទាំងអស់ ត្រូវអនុវត្តជាប្រចាំនូវវិធានការ ៣កុំ និង៣ការពារឱ្យបានជាប់ជាប្រចាំ។ ជាមួយនោះ ភ្ញៀវទេសចរមុនពេលចូលទស្សនាប្រាសាទគឺ តម្រូវឱ្យពាក់ម៉ាស់ លាងសម្អាតដៃជាមួយអាល់កុល និងស្គេនកម្មវិធីQR Code ដើម្បីចូលរួមតាមដាន និងទប់ស្កាត់ ការចម្លងមេរោគកូវីដ-១៩។ ជាពិសេសមិនឱ្យមានការប្រមូលផ្តុំ និងត្រូវដើរឬក៏ឈរដោយរក្សាគម្លាតឆ្ងាយៗពីគ្នា។
សូមជម្រាបថា អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរកាលពីថ្ងៃទី២៥ ខែមេសាឆ្នាំ២០២១កន្លងមក បានចេញសេចក្តីជូនដំណឹងរួមគ្នា ឲ្យបើកការចូលទស្សនាប្រាសាទនានា និងលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរឡើវិញ បន្ទាប់ពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញសេចក្តីសម្រេចឲ្យបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស៕
សូមចុច join link Telegram https://t.me/cngtvcambodia
ដោយ៖មន្ទីរព័ត៌មានខេត្តសៀមរាប ប្រភព: ក្រសួងព័ត៌មាន