ស្ថាប័នពីររួមគ្នារៀបចំសន្និបាត និងសិក្ខាសាលាអប់រំស្តីពី “ផ្នត់គំនិត និងវិធីសាស្ត្របង្រៀនក្នុងគន្លងថ្មី” នៅថ្ងៃទី១៩ ខែកុម្ភៈ
វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ និងសហព័ន្ធសេវាអប់រំនៅកម្ពុជាបានសហការរួមគ្នារៀបចំសន្និបាត និងសិក្ខាសាលាអប់រំប្រចាំឆ្នាំ២០២២ស្តីពី “ផ្នត់គំនិត និងវិធីសាស្ត្របង្រៀនក្នុងគន្លងថ្មី” ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងទិសដៅចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាជាមួយរាជរដ្ឋាភិបាល តាមរយៈការចែករំលែកពីមធ្យោបាយ និងឧបករណ៍បច្ចេកវិទ្យាអប់រំក្នុងការបង្រៀនបែបទំនើប និងបំប៉នសមត្ថភាពថ្មីដល់បុគ្គលិកសិក្សាក្នុងគន្លងថ្មីឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
សន្និបាត និងសិក្ខាសាលាអប់រំនឹងមានចូលរួម និងចែករំលែកប្រធានបទផ្សេងៗគ្នា ពីវាគ្មិនជាតិ និងអន្តរជាតិជាច្រើនរួប ដែលកំពុងបម្រើការងារ និងមានបទពិសោធជាច្រើនឆ្នាំលើវិស័យអប់រំ និងបណ្តុះបណ្តាល ព្រមទាំងក្រុមហ៊ុនបច្ចេកវិទ្យាអប់រំផងដែរ។ អ្នកចូលរួមនឹងទទួលបានចំណេះដឹងថ្មីបន្ថែមលើផ្នែកអភិវឌ្ឍសេដ្ឋកិច្ច នវានុវត្តន៍និងគោលដៅសម្រាប់ការងារបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ចក្ខុវិស័យនិងយុទ្ធសាស្រ្តនៃការអប់រំកុមារតូច តួនាទីនិងកិច្ចសហការគ្នារវាងអ្នកអាណាព្យាបាលនិងសាលារៀន របៀបអភិវឌ្ឍចរិតបុគ្គលដើម្បីជោគជ័យក្នុងជីវិត វិស័យអប់រំក្នុងសតវត្សទី២១និងការអភិវឌ្ឍភាពជាអ្នកដឹកនាំរបស់សិស្សតាមរយៈកម្មវិធីទម្លាប់ល្អទាំង៧របស់បុគ្គលិកឆ្នើម ការវិវត្តចុងក្រោយនៃបច្ចេកវិទ្យាអប់រំសម្រាប់ការអប់រំនៅកម្ពុជា។សន្និបាត និងសិក្ខាសាលាអប់រំពេញមួយថ្ងៃនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារភ្នំពេញ សម្រាប់តម្លៃចូលរួមកម្មវិធី ៣០ដុល្លារអាមេរិក ក្នុងមួយនាក់ ហើយលោកអ្នកអាចទំនាក់ទំនងលេខទូរស័ព្ទ 089 57 12 58 / 096 661 432 សម្រាប់ព័ត៌មានបន្ថែម៕