វាគ្មិន ៣រូបមកវិស័យផ្សេងគ្នាចែករំលែកបទពិសោធន៍ភាពជាអ្នកដឹកនាំ
នៅព្រឹកថ្ងៃទី១៩ ខែមេសានេះ វាគ្មិន៣រូបមកវិស័យផ្សេងគ្នាចែករំលែកបទពិសោធន៍ភាពជាអ្នកដឹកនាំ ដល់សិស្សសាលាភាសាអង់គ្លេសលីដឺលែនជាង១០០នាក់ ដើម្បីផ្តល់ចំណេះ និងជំនាញសម្រាប់អភិវឌ្ឍសមត្ថភាព ដើម្បីក្លាយជាអ្នកដឹកនាំឆ្នើមនៅពេលអនាគត។
ឧកញ៉ា ប៉ិច បូឡែន អគ្គនាយក ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុបបានឲ្យដឹងថា រៀបចំសិក្ខាសាលាភាពជាអ្នកដឹកនាំនៅថ្ងៃនេះ គឺជាផ្នែកមួយនៃកម្មវិធីសិក្សារបស់សាលាភាសាអង់គ្លេសលីដឺលែន ដើម្បីផ្តល់ចំណេះដឹងសម្រាប់អភិវឌ្ឍសមត្ថភាពបន្ថែមទៀតលើភាពជាអ្នកដឹកនាំជីវិតប្រចាំថ្ងៃ និងត្រៀមខ្លួនក្លាយជាអ្នកដឹកនាំក្រុមគ្រួសារ ដឹកនាំអ្នកដទៃ និងដឹកនាំក្រុមហ៊ុនឲ្យទទួលបានភាពជោគជ័យនៅពេលអនាគត ទោះបីពេលនេះសិស្សានុសិស្សស្ថិតក្នុងវ័យក្មេងក៏ដោយ។
សម្រាប់លោកឧកញ៉ាបានផ្តល់អត្ថន័យភាពជាអ្នកដឹកនាំថា មិនមែនសំដៅលើឋានៈតួនាទីនោះទេ ទើបអាចហៅថាអ្នកដឹកនាំបាន ប៉ុន្តែអត្ថន័យពិតគឺផ្តោតលើភាពមានឥទ្ធិពលជាវិជ្ជមានលើអ្នកដទៃ តាមរយៈអត្តចរិត អាកប្បកិរិយាល្អ និងមានចំណេះដឹងជ្រៅជ្រះ ដែលធ្វើឲ្យអ្នកដទៃគោរពឲ្យតម្លៃ រំភើបចិត្ត និងដើរតាម។
លើសពីនេះ អង្គសិក្ខាសាលាក៏បានលើកយកនិយមន័យ និងភាពខុសគ្នារវាងអ្នកប្រកបអាជីវកម្ម និងសហគ្រិនភាព ដើម្បីឲ្យសិស្សានុសិស្សបានយល់កាន់តែច្បាស់បន្ថែមទៀត មុននឹងចាត់ទុកថាអ្នកជាសហគ្រិន។
បន្ថែមពីនេះ វាគ្មិនបានផ្តល់ខ្លឹមសាររួមនៃភាពជាអ្នកដឹកនាំ គឺសំដៅលើការដឹកនាំខ្លួនឯង មានគោលដៅនិងក្តីស្រមៃច្បាស់លាស់ ភាពជាម្ចាស់លើខ្លួនឯង ភាពមាំទាំផ្លូវចិត្ត រិះគន់ស្ថាបនាលើខ្លួនឯង មានសន្ទុះចិត្តនិងឆន្ទះខ្ពស់ ភាពស្មោះត្រង់ សីលធម៌ ភាពក្លាហ៊ាន និងចេះសហការធ្វើការងារជាក្រុម។ទន្ទឹមនឹងនោះ អង្គសិក្ខាសាលាក៏បានបង្ហាញពីតួរនាទីរបស់ស្រ្តីក្នុងភាពអ្នកដឹកនាំ ដើម្បីបញ្ចេញពីសក្តានុពលរបស់ខ្លួន ផ្តល់តម្លៃនិងចេះលើកទឹកចិត្តខ្លួនឯង បំពេញកិច្ចការនានា និងចូលរួមលើកកម្ពស់ជីវភាពក្រុមគ្រួសារស្នើភាពគ្នានឹងបុរសដែរ។សិក្ខាសាលានេះមានការចូលរួមជាវាគ្មិន ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប អ្នកស្រី នុត ក្លារ៉ា នាយិកាប្រតិបត្តិ ក្រុមហ៊ុន អប្សរា មេឌាសឺវីស (AMS) លោក អ៊ឹង ឆាយហួត ប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាច្បារអំពៅ ឆ្នាំ២០២២។
សូមជម្រាបថា សាលាភាសាអង់គ្លេសលីដឺលែន (English Leaderland Academy) គឺជាបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ដែលបានបង្កើតឡើងក្នុងឆ្នាំ២០១៩។ សាលាផ្តល់សេវាកម្មអប់រំលើភាសអង់គ្លេសទូទៅ ភាសាអង់គ្លេសសម្រាប់ធុរៈកិច្ច ភាសាអង់គ្លេសសម្រាប់ត្រៀមប្រឡងសិក្សានៅបរទេស។ ក្រៅពីផ្តល់សេវាកម្មខាងលើ សាលាក៏បានបញ្ចូលកម្មវិធីភាពជាអ្នកដឹកនាំ ភាពជាសហគ្រិន និងបច្ចេកវិទ្យា ដើម្បីបង្កើនចំណេះដឹងផ្នត់គំនិតភាពជាអ្នកនាំ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងបរិបទនៃការវិវឌ្ឍន៍របស់សង្គមបច្ចុប្បន្ន ព្រមទាំងបច្ចេកវិទ្យាក្នុងឧស្សាហកម្ម ៤.០៕