សាលារៀនសហគមន៍២១ បង្កើតឡើងដើម្បីជួយអភិវឌ្ឍជំនាញឌីជីថល សហគ្រិនភាព និងសេដ្ឋកិច្ចសហគមន៍
បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (Westline Education Group) បានបង្កើតបណ្តាញអប់រំថ្មីបន្ថែមទៀតគឺ “សាលារៀនសហគមន៍២១” ដែលមានបញ្ចូលជំនាញវិជ្ជាជីវៈជាមួយតម្លៃសិក្សាសមរម្យសម្រាប់ជីវភាពប្រជាជនជាយក្រុង និងបណ្តាខេត្ត ដើម្បីរួមចំណែកចំណែកជាមួយរាជរដ្ឋាភិបាលតាមរយៈក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអភិវឌ្ឍជំនាញឌីជីថល សហគ្រិនភាព និងសេដ្ឋកិច្ចសហគមន៍។
ឧកញ៉ា ប៉ិច បូឡែន អគ្គនាយបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានពន្យល់ថា «នេះគឺជាបណ្តាញសាលាថ្មីមួយមន្ថែមទៀត ដែលនឹងរៀបចំដំណើរការតាមបណ្តាក្នុងស្រុក ក៏ដូចជាជាយក្រុង ដោយព្យាយាមរៀបចំកម្មវិធីសិក្សាលំនាំដូចបណ្តាញសាលារៀនវេស្ទឡាញន៍ ប៉ុន្តែតម្លៃសិក្សាសមរម្យសម្រាប់ជីវភាពប្រជាជនអាចទទួលយកបាន។ ម៉្យាងទៀត នៅតាមសហគមន៍ស្រុក តំបន់ជាយក្រុងមួយចំនួន ប្រជាជនមិនមានលទ្ធភាពរៀនក្នុងបណ្តាញសាលារៀនវេស្ទឡាញន៍ អញ្ចឹងហើយបានជាយើងមានបេសកកម្មថ្មីមួយ ដោយចង់ឲ្យមានបណ្តាញប្រព័ន្ធអប់រំរបស់យើង ដែលទទួលបានការគាំទ្រនោះ អាចឲ្យប្រជាជនតាមស្រុកទាំងអស់ ក៏ដូចជាតាមតំបន់នៅជាយក្រុង គាត់មានលទ្ធភាពបញ្ចូនកូនៗចូលរៀនបាន»។
ចំពោះលក្ខណល្អប្លែកនៃកម្មវិធីសិក្សារបស់សាលារៀនសហគមន៍២១ ខុសពីបណ្តាញសាលារៀនដទៃទៀត ក៏ដូចជាមានបេសកម្មចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ លោកឧកញ៉ាបានបញ្ចាក់ថា «សម្រាប់រូបខ្ញុំផ្ទាល់និងគណៈនាយកមានទិសដៅមួយច្បាស់លាស់ ដើម្បីកសាងធនធានមនុស្សឲ្យកា្លយជាសហគ្រិនចំណានប្រចាំស្រុក។ សាលារៀនសហគមន៍២១ នឹងដាក់បញ្ចូលកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈចាប់ពីថ្នាក់ទី១០ ដល់ថ្នាក់ទី១២ ដើម្បីឲ្យយុវជនមានសមត្ថភាពគ្រប់គ្រាន់ក្លាយជាសហគ្រិនឆ្នើម ឬអ្នកជំនាញបច្ចេកទេសណាមួយពិតប្រាកដ សម្រាប់បម្រើកាងារនៅតាមស្ថាប័ននានាក្នុងប្រទេស និងក្រៅប្រទេស ហើយក៏ជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសហគមន៍នៅថ្ងៃក្រោយ»។
សាលារៀនសហគមន៍២១ មានកម្មវិធីអប់រំទូទៅភាសាខ្មែរ ចាប់ពីថ្នាក់មត្តេយ្យដល់កម្រិតបឋមសិក្សាដោយអនុវត្តតាមប្រព័ន្ធអប់រំជាតិ កម្មវិធីមត្តេយ្យភាសាអង់គ្លេស កម្មវិធីភាសាអង់គ្លេសជំនាញសតវត្សទី២១ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈនៅកម្រិតវិទ្យាល័យក្នុងតម្លៃសមរម្យ ថ្នាក់រៀនមានម៉ាស៊ីនត្រជាក់ អនាម័យល្អ វិន័យល្អ និងសុវត្ថិភាព ព្រមទាំងមានប្រព័ន្ធទំនាក់ទំនងបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាពខ្ពស់។
ក្រៅពីកម្មវិធីសិក្សាគោលខាងលើ សាលារៀនមានបញ្ចូលកម្មវិធីបណ្តុះបណ្តលផ្នែកហិរញ្ញវត្ថុ(MoneyTree) ដែលឈានមុខគេនៅអាស៊ីប៉ាស៊ីហ្វិក កម្មវិធីទម្លាប់ល្អទាំង៧ (7 Habits of Highly Effective People) ដែលនាំមកពីសហរដ្ឋអាមេរិក កម្មវិធីSTEM កម្មវិធីកុំព្យូទ័រសម្រាប់ថ្នាក់បឋមសិក្សា ការផ្លាស់ប្តូរបទពិសោធន៍សិក្សានៅក្នុង និងក្រៅប្រទេស ការធ្វើទស្សនៈកិច្ចសិក្សា និងបោះជំរុំ ផ្តល់ការវាស់ស្ទង់សមត្ថភាព និងតាមដានការសិក្សាសិស្សជាប្រចាំ ព្រមទាំងមានសិក្ខាសាលាល្អៗសម្រាប់សិស្សានុសិស្ស និងអ្នកអាណាព្យាបាលសិស្ស
សាលារៀនសហគមន៍នឹងបើកដំណើរការសាខាថ្មីរបស់ខ្លួននៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ នៅតំបន់ក្រាំងធ្នង់ និងតំបន់ព្រែកអញ្ចាញ ហើយចាប់ទទួលចុះឈ្មោះសិស្សចូលរៀនចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ និងមានផ្តល់រង្វាន់លើកទឹកចិត្តជាច្រើនទៀតដូចជា ឯកសណ្ឋាន នាឡិកាឆ្លាតវៃ តុសិក្សា និងកង់ សម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី៨ ខែកក្កដា។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមទូរស័ព្ទលេខ 092 24 31 68 | 071 95 55 837 ។
សូមជាម្រាប់ថាបណ្តាញគ្រឹះស្ថានអប់រំវេសឡាញ អេឌ្យូខេសិន គ្រុបបានបង្កើតឡើងនៅឆ្នាំ២០០៨ ហើយរហូតដល់ពេលបច្ចុប្បន្ននេះមានសាលារៀនវ៉េស្ទឡាញន៍ ១០សាខា, សាលារៀនណត្សឡាញន៍ ១សាខា, សាលាអន្តរជាតិ ហ្វររ៉េសហៀល ១សាខា, សាលាភាសាអង់គ្លេស លីឌឺលែន ១សាខា, និងវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ ១សាខា៕