សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុនចេញទៅប្រកួតនៅឥណ្ឌូនេស៊ី

នៅព្រឹក ថ្ងៃពុធ ៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុននឹងពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។

 
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុនចេញទៅប្រកួតនៅឥណ្ឌូនេស៊ី

ក្នុងព្រឹត្តិការណ៍ប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១នេះ កម្ពុជាបញ្ជូនប្រតិភូកីឡាចូលរួមសរុប ១១៦នាក់។ ក្នុងនោះមានអត្តពលិក ១១៥នាក់ និងប្រតិភូកីឡា គ្រូបង្វឹក គ្រូជំនួយចំនួន ៣៩នាក់ មន្ត្រីបច្ចេកទេសចំនួន ៧នាក់ និងប្រតិភូជាតិចំនួន ៥នាក់។ កម្ពុជាបញ្ជូនអត្តពលិកចូលរួមប្រកួតលើប្រភេទកីឡាចំនួន១១កីឡា រួមមាន៖ វាយកូនឃ្លីលើតុ លើកទម្ងន់ អត្តពលកម្ម ហែលទឹក បាល់ទះអង្គុយបុរសនារី បាល់បោះជនពិការភ្នែក បាល់ទាត់៧ម្ខាង បាល់បោះជិះរទេះបុរសនារី បូស្យា វាយសី និងអុក។ ក្រុមប្រតិភូកីឡាប៉ារ៉ាហ្គេមកម្ពុជា នឹងចេញដំណើរទៅប្រកួតនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានជួបសំណេះសំណាលជាមួយក្រុមកីឡាករ កីឡាការិនីជនពិការទាំងអស់ដែលត្រៀមទៅប្រកួតនៅប្រទេសប្រទេសឥណ្ឌូនេស៊ីនាពេលខាងមុខ។ សម្តេចតេជោបានមានប្រសាសន៍ថា ការដែលសម្តេចធ្វើជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជានេះ គឺជាការរួមចំណែកលើកទឹកចិត្តសម្រាប់ការខិតខំប្រឹងប្រែងរបស់បងប្អូនជនពិការទាំងអស់ មិនមែនគ្រាន់តែជាប្រធានសម្រាប់ការប្រកួតនោះទេ។ សម្តេចតេជោបានបញ្ជាក់ថា ការលើកទឹកចិត្តចំពោះជនមានពិការរភាព គឺជារឿងចាំបាច់បំផុត។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបង្ហាញការរំពឹងថា កីឡាករ កីឡាការិនីជាជនពិការរបស់កម្ពុជា ទាំងអស់ នឹងទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រកួតនៅប្រទេសឥណ្ឌូនេស៊ីនាពេលខាងមុខ។ សម្តេចតេជោក៏បានអរគុណដល់ប្រទេសឥណ្ឌូនេស៊ី ដែលព្រមទទួលធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម បន្ទាប់ពីវៀតណាម សុំពន្យារពេលដោយសារវិបត្តិកូវីដ-១៩។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចចាត់ចែងផ្តល់ជើងហោះហើរពិសេសដឹកប្រតិភូកីឡាប៉ារ៉ាហ្គេមរបស់កម្ពុជា ទៅចូលរួមប្រកួតនៅប្រទេសឥណ្ឌូនេស៊ី ទាំងទៅទាំងមកផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៅកាន់កីឡាករ កីឡាការិនីទាំងអស់ថា ការទទួលបានមេដាយមាស មេដាយប្រាក់ ឬមេដាយសំរឹទ្ធ ឬមិនបានក្តី គឺមិនសំខាន់នោះទេ តែអ្វីដែលសំខាន់នោះ គឺការគោរពលក្ខខន្ធនៃការគោរពច្បាប់នៃការប្រកួត ជាពិសេសហាមដាច់ខាតការប្រើប្រាស់សារធាតុញៀនផ្សេងៗ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសទាំងមូលរបស់កម្ពុជា។

សម្តេចតេជោយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា បងប្អូនជនពិការយើងនៅទីនេះ ក៏មានអ្នកខ្លះពីការដោយសារគ្រាប់មីន និងគ្រាប់ផ្ទុះផ្សេងៗផងដែរ។សម្តេចតេជោបន្តថាគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ បានក្លាយទៅជាឧបសគ្គក្នុងការសម្រេចនយោបាយប្រែក្លាយតំបន់អតីតសមរភូមិសង្គ្រាម ទៅជាតំបន់អភិវឌ្ឍន៍។ នៅថ្ងៃនេះ សម្តេចតេជោក៏បានប្រកាសឱ្យបង្ហាញលេខគណនីមូលនិធិបោសសំអាតមីន ជាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋ និងមហាជនទូទៅបានចូលរួមក្នុងសកម្មភាពបោសសំអាតមីននេះផងដែរ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេច និងប្រកាសជាផ្លូវការថា អ្នកប្រើប្រាស់រថយន្តចង្កូតស្តាំទាំងអស់នៅកម្ពុជា ត្រូវចូលទៅបង់ពន្ធ តែមិនបាច់ដូរចង្កូតនោះទេ។ ជាមួយគ្នានោះ សម្តេចតេជោ ក៏បានមានប្រសាសន៍ថា ការអនុញ្ញាតនេះ គឺសម្រាប់តែរថយន្តដែលកំពុងមានវត្តមាននៅទឹកដីកម្ពុជា ត្រឹមថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២តែប៉ុណ្ណោះ តែរថយន្តដែលនាំចូលថ្មី មិនឱ្យបង់ពន្ធ មិនអោយដូរចង្កូតនោះទេ គឺត្រូវចាប់យកតែម្តង។ ការដាក់ចេញនូវបទបញ្ជានេះ គឺក្នុងគោលបំណងបញ្ឈប់មិនអោយអោយមានការនាំចូលរថយន្តចង្កូតស្តាំតទៅទៀត។

ពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩នៅកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពេលនេះកូវីដចាប់ផ្តើមផ្ទុះឡើងវិញហើយ។ រលកនៃការឆ្លងជំងឺកូវីដ-១៩ឡើងវិញនេះ គឺត្រូវទាមទារឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ការពារឡើងវិញ កុំអោយមានការផ្ទុះរាលដាលខ្លាំង។ តែទោះជាយ៉ាងណាក៏ដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា រហូតមកដល់ពេលនេះ យើងមិនមានភាពចាំបាច់ណាមួយត្រូវបិទក្រុង បិទសាលារៀន បិទរោងចក្រ ដូចកាលពីមុនទៀតនោះទេ ព្រោះយើងមានវ៉ាក់សាំងជាបង្អែកដ៏រឹងមាំ ដូច្នេះប្រជាពលរដ្ឋម្នាក់ៗត្រូវតែការពារពីជំងឺនេះទាំងអស់គ្នា។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់កីឡាករ កីឡាការិនីទាំងអស់ខិតខំប្រឹងប្រែងដើម្បីទទួលបានជ័យជំនះបន្ថែមទៀត ។ នៅថ្ងៃនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានឧបត្ថម្ភលើកទឹកចិត្តដល់កីឡាករកីឡាការិនី និងគ្រូបង្វឹកចំនួន ១៦៥

នាក់ ក្នុងម្នាក់ៗទទួលបាន ៥០០ ដុល្លារអាមេរិក ក្នុងការធ្វើដំណើរទៅប្រកួតនៅប្រទេសឥណ្ឌូនេស៊ីនៅពេលខាងមុខនេះ។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរកីឡាករកីឡារិនីទាំងអស់ អោយទទួលបានជោគជ័យក្នុងការប្រកួត ព្រមទាំងជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕

ប្រភព៖ Samdech Hun Sen, Cambodian Prime Minister

សូមចុច join Telegram https://t.me/cngtvcambodia