ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន៖ បុណ្យសមុទ្រ៣ថ្ងៃនៅព្រះសីហនុ ភ្ញៀវចូលរួមកម្សាន្តជាង៧០ម៉ឺននាក់

(ព្រះសីហនុ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងនាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះថា ក្នុងពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៩-១១ ខែធ្នូនេះ មានភ្ញៀវទេសចរនិងប្រជាពលរដ្ឋចូលរួមដើរលេងកម្សាន្តសរុបជាង៧០ម៉ឺននាក់ ខណៈអាជ្ញាធរខេត្តនៅបន្តការរៀបចំបុណ្យ បង្កការសប្បាយជូនប្រជាជន១ថ្ងៃ ឬ២ថ្ងៃទៀត។

 
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន៖ បុណ្យសមុទ្រ៣ថ្ងៃនៅព្រះសីហនុ ភ្ញៀវចូលរួមកម្សាន្តជាង៧០ម៉ឺននាក់

ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងថា នៅថ្ងៃទី៣ ដែលត្រូវនឹងថ្ងៃទី១១ ខែធ្នូ គឺមានប្រជាពលរដ្ឋនិងភ្ញៀវទេសចរចូលរួមកម្សាន្តជាង៣០ម៉ឺននាក់ ខណៈនៅថ្ងៃទី១ និងទី២ មានចំនួនសរុបជាង៤០ម៉ឺននាក់។ លោកថា «ក្នុងពេល៣ថ្ងៃនៃពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុនេះ មានភ្ញៀវសរុបប្រមាណជាង៧០ម៉ឺននាក់ ក្នុងនោះភ្ញៀវជាតិ៧០៨,០០០នាក់ និងភ្ញៀវបរទេស៤,០០០នាក់។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបន្តថា ប្រជាជនមានការសប្បាយរីករាយក្នុងការមកកម្សាន្តនៅក្នុងពិធីបុណ្យសមុទ្រនេះ ទាំងពេលយប់ និងពេលថ្ងៃ ក្នុងនោះពួកគេមួយចំនួនក៏បានបន្តទៅទស្សនានៅតាមគោលដៅទេសចរណ៍ដទៃទៀតដែរ រីឯបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ទៀតសោត គឺមិនមានអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ។

លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងដែរថា នាឱកាសបុណ្យសមុទ្រនេះដែរ មានភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិចំនួន៧ជើង មានភ្ញៀវសរុប២៩១នាក់។ ភ្ញៀវដែលបន្តហួសទៅកម្សាន្តនៅតាមបណ្តាកោះមានភ្ញៀវសរុប១១៧៣នាក់ និងនៅតាមរមណីយដ្ឋាន បណ្តាឆ្នេរ និងទស្សនាតន្រ្តីនានា មានចំនួនសរុប៧១១,១២៣នាក់។

នៅក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រនេះដែរ ក៏មានឆាកប្រគំតន្ត្រីធំៗនៅតាមបណ្ដោយឆ្នេរសមុទ្រនៃក្រុងព្រះសីហនុ និងសកម្មភាពកម្សាន្តជាច្រើនទៀត។ នៅវេលាយប់នេះនៅមានការសម្ដែងសិល្បៈ របាំ ចម្រៀងនៅលើឆាកធំនៃទីលានតេជោ ដែលភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋគឺអាចចូលទស្សនាកម្សាន្តដោយសេរី។ ក្រៅពីនេះក៏មានការតាំងពិព័រណ៍ពាណិជ្ជកម្ម និងមហោស្រពម្ហូបអាហារនិងភេសជ្ជៈនៅទីលាតេជោ សរុបទាំងអស់មានចំនួន៣០០ស្ដង់ទៀត។

បើតាមឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន អាជ្ញាធរខេត្តព្រះសីហនុគឺនៅបន្តការរៀបចំពិធីបុណ្យនៅយប់ថ្ងៃទី១២នេះទៀត ហើយប្រសិនបើប្រជាពលរដ្ឋនិងភ្ញៀវទេសចរនៅតែចូលរួមកម្សាន្តច្រើនទៀត នោះខេត្តនឹងបន្តនៅថ្ងៃទី១៣ទៀត ដើម្បីបង្កការសប្បាយជូនពួកគាត់ និងដើម្បីអបអរមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ដែលបាននិងកំពុងរៀបចំនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ឆ្នាំ២០២២៕

ប្រភព៖ ក្រសួងទេសចរណ៍