ក្រសួងបរិស្ថាន៖ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

 
ក្រសួងបរិស្ថាន៖ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថាកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ផ្អែកតាមផែនការយុទ្ធសាស្រ្ត និងការអនុវត្តសកម្មភាពប្រកបដោយការប្តេជ្ញាចិត្តខ្ពស់។ ការលើកឡើងរបស់រដ្ឋមន្ត្រីរូបនេះធ្វើឡើង ក្នុងឱកាសបើកកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជា ឆ្នាំ២០២៣ (CCCS23) នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ខេត្តសៀមរាប។
ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ថ្វីបើកម្ពុជាមិនបានចូលរួមបង្កឱ្យមានការប្រែប្រួលអាកាសធាតុក្តី តែកម្ពុជាបានប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងបានកំពុងដាក់ចេញនូវសកម្មភាពជាបន្តបន្ទាប់ ដើម្បីដោះស្រាយវិបត្តិអាកាសធាតុនេះ ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ តាមរយៈការដាក់ចេញផែនការយុទ្ធសាស្រ្តជាអាទិ៍ របាយការណ៍បច្ចុប្បន្នភាពនៃការចូលរួមចំណែករបស់ជាតិ (Updated Nationally Determined Contributions) ក្រមបរិស្ថាន និងធនធានធម្មជាតិ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ មុំទី៤ ផ្តោតលើការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្សេងៗ និងភាពមិនប្រាកដប្រជានៃសកលភាវូបនីយកម្ម និរន្តរភាពបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ។


គួររម្លឹកថា គោលបំណងសំខាន់នៃកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជា ឆ្នាំ២០២៣ ដែលកម្ពុជាជាម្ចាស់ផ្ទះក្នុងការរៀបចំ និងទទួលបានកិច្ចសហការពី MFI ក្នុងគោលបំណង ប្រមូលផ្តុំអ្នកពាក់ព័ន្ធ ជាពិសសេអ្នកជំនាញផ្នែកនេះ នឹងបើកឱ្យមានការពិភាក្សារួមគ្នា និងដោះស្រាយបញ្ហាប្រឈមរួមគ្នា ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា អនុលោមតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ដែរថា នៅលើពិភពលោក កំពុងជួបបញ្ហាប្រឈមទៅនឹងការបម្រែបម្រួលអាកាសធាតុ ដែលធ្វើឱ្យប្រទេសមួយចំនួនរងគ្រោះយ៉ាងខ្លាំងទាក់ទងនឹងការបម្រែបម្រួលអាកាសធាតុនេះ។ ឈរលើស្ថានភាពជាក់ស្តែងនេះ ថ្នាក់ដឹកនាំពិភពលោក និងតំបន់បានរួមគ្នាគិតគូរ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ ដើម្បីធ្វើឱ្យពិភពលោកមានសុវត្ថិភាព និងបញ្ចៀសបាននូវហានិភ័យផ្សេងៗ កើតឡើងពីកត្តាធម្មជាតិ៕

ប្រភព៖​ ក្រសួងបរិស្ថាន