ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ សម្រេចចិត្តផ្អាកការវាយប្រហារអុីរ៉ង់រយៈពេល ២ សប្តាហ៍ បន្ទាប់ពីអុីរ៉ង់ដាក់ចេញនូវផែនការសន្តិភាព ១០ ចំណុច

ព័ត៌មានអន្តរជាតិដ៏ក្តៅគគុកបំផុតនៅព្រឹកថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៦ នេះ អំពីការប្រកាសផ្អាកការវាយប្រហារជាបណ្តោះអាសន្នរវាងសហរដ្ឋអាមេរិក និងអុីរ៉ង់ បន្ទាប់ពីពិភពលោកបានស្ថិតក្នុងភាពតក់ស្លុតដោយសារការគំរាមកំហែងសង្គ្រាមទ្រង់ទ្រាយធំ។

 
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ សម្រេចចិត្តផ្អាកការវាយប្រហារអុីរ៉ង់រយៈពេល ២ សប្តាហ៍ បន្ទាប់ពីអុីរ៉ង់ដាក់ចេញនូវផែនការសន្តិភាព ១០ ចំណុច

 

កាលពីយប់មិញនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសតាមរយៈបណ្តាញសង្គមថា លោកបានយល់ព្រមផ្អាករាល់ការទម្លាក់គ្រាប់បែក និងការវាយប្រហារលើអ៊ីរ៉ង់សម្រាប់រយៈពេល ២ សប្តាហ៍។ ការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពីអ៊ីរ៉ង់បានដាក់ចេញនូវ 'ផែនការសន្តិភាព ១០ ចំណុច' ដែលលោក ត្រាំ ចាត់ទុកថាជាមូលដ្ឋានដែលអាចយកមកចរចាបាន។

ផ្នែកមួយនៃកិច្ចព្រមព្រៀងឈប់បាញ់ជាបណ្តោះអាសន្ននេះ អ៊ីរ៉ង់បានយល់ព្រមបើកច្រកសមុទ្រហ័រមូសឡើងវិញភ្លាមៗ សម្រាប់ការដឹកជញ្ជូនប្រេងជាសកល ដែលនេះបានធ្វើឱ្យតម្លៃប្រេងក្នុងទីផ្សារពិភពលោកធ្លាក់ចុះយ៉ាងខ្លាំងភ្លាមៗផងដែរ។

គួររំលឹកផងដែរថា មុនពេលមានការឈប់បាញ់នេះ ស្ថានភាពមានភាពតានតឹងខ្លាំងបំផុត ដោយលោក ត្រាំ បានដាក់ឱសានវាទកម្ទេចរោងចក្រអគ្គិសនី និងស្ពានសំខាន់ៗនៅទូទាំងប្រទេសអ៊ីរ៉ង់ ដែលលោកធ្លាប់ព្រមានថា នឹងធ្វើឱ្យអ៊ីរ៉ង់វិលទៅរកសម័យថ្ម។ ជាការឆ្លើយតប ប្រជាជនអ៊ីរ៉ង់រាប់ពាន់នាក់បានបង្កើតខ្សែមនុស្សនៅតាមបណ្តោយស្ពាន និងមុខរោងចក្រអគ្គិសនី ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេ។

មន្ត្រីសេតវិមានបានបញ្ជាក់ថា សម្ព័ន្ធមិត្តរបស់អាមេរិក រួមទាំងអ៊ីស្រាអែលផងដែរ បានយល់ព្រមលើលក្ខខណ្ឌឈប់បាញ់រយៈពេល ២ សប្តាហ៍នេះ ដើម្បីទុកឱកាសឱ្យមានកិច្ចចរចាការទូតដែលដឹកនាំដោយប្រទេសប៉ាគីស្ថានអាចបន្តទៅមុខទៀត។

ទោះបីជាការផ្អាកបាញ់នេះផ្តល់នូវក្តីសង្ឃឹមខ្លះៗ ប៉ុន្តែកងទ័ពអាមេរិកនៅតែរក្សាជំហរការពារខ្លួនយ៉ាងរឹងមាំនៅក្នុងតំបន់៕
ប្រភព៖ Al Jazeera