អាជ្ញាធររាជធានីភ្នំពេញគ្រោងដាក់សាឡាង ឆ្លងពីកោះនរា ទៅកោះពេជ្រ ដើម្បីរំដោះចរាចរណ៍លើផ្លូវជាតិលេខ១
អាជ្ញាធររាជធានីភ្នំពេញ គ្រោងដាក់សាឡាង ឆ្លងពីកោះនរាទៅកាន់កោះពេជ្រនៅពេលឆាប់ ៗនេះ ដើម្បីជួយរំដោះចរាចរណ៍លើផ្លូវជាតិលេខ១ ខណៈដែលស្ពានតភ្ជាប់ពីកោះពេជ្រមកកាន់កោះនរា បាននិងកំពុងសាងសង់យ៉ាងមមាញឹក ។ក្រៅពីនេះ រដ្ឋបាលរាជធានីក៏គ្រោងនឹងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់១ខ្សែទៀតនៅភាគខាងត្បូងផ្លូវជាតិលេខ១ ពីព្រែកប្រាទៅផ្លូវជាតិ២ ដើម្បីរំដោះចរាចរណ៍នៅលើផ្លូវជាតិលេខ១ ភ្ជាប់មកផ្លូវជាតិលេខ២ ។
គម្រោងការនេះ ត្រូវបានឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បញ្ជាក់ឱ្យដឹងក្នុងពេលឯកឧត្តមដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីចុះពិនិត្យមើលស្ថានភាពជាក់ស្ដែងនៅលើកោះនរា នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ឱ្យដឹងថា ដើម្បីដោះស្រាយការកកស្ទះនៅលើកំណាត់ផ្លូវជាតិលេខ១ ខណៈដែលកំណាត់ផ្លូវនេះចរាចរណ៍មមាញឹកខ្លាំង រដ្ឋបាលរាជធានីភ្នំពេញនឹងខ្ចីដីកោះនរា ដាក់សាឡាងដើម្បីឆ្លងយានយន្តនានាចេញពីកោះនរាទៅកោះពេជ្រ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅផ្លូវជាតិលេខ១។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្តមឃួង ស្រេង មិនបានកំណត់ថានឹងចាប់ផ្ដើមបើកឱ្យដំណើរការនៃការដាក់សាឡាងឆ្លងយានយន្តនេះនៅពេលណានោះទេ។
សូមបញ្ជាក់ថា គម្រោងដាក់សាឡាងចម្លងមនុស្ស និងយានយន្តខាងលើនេះ គឺមិនយូរទេ នឹងចាប់ផ្តើមដំណើរការហើយ ដោយសារថា ការរៀបចំកំពង់ដរទាំងសងខាងជិតរួចរាល់ហើយ នៅតែយកសាឡាងមកដាក់ប៉ុណ្ណោះ៕
ប្រភព: ក្រសួងព័ត៌មាន