អាល្លឺម៉ង់បរាជ័យក្នុងការដណ្តើមអាសនៈមិនអចិន្ត្រៃយ៍នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN )
ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលប្រទេសអាល្លឺម៉ង់បានបរាជ័យក្នុងការទទួលបានអាសនៈសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលជាព្រឹត្តិការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់ឥទ្ធិពលការទូតរបស់ទីក្រុងប៊ែរឡាំងនៅលើឆាកអន្តរជាតិ។
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បានចេញមុខធ្វើអត្ថាធិប្បាយជុំវិញបរាជ័យនេះ ដោយលោកបានទម្លាក់កំហុសមួយផ្នែកទៅលើប្រទេសរុស្ស៊ី ចំពោះការរារាំងនិងការបញ្ចុះបញ្ចូលឱ្យមានការបោះឆ្នោតប្រឆាំងនឹងអាល្លឺម៉ង់។
ទោះជាយ៉ាងណាក៏ដោយ អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះ លោក Wadephul ក៏បានទទួលស្គាល់ដោយត្រង់ៗផងដែរថា ជំហរគាំទ្រយ៉ាងរឹងមាំនិងមិនងាករេរបស់អាល្លឺម៉ង់ចំពោះប្រទេសអ៊ីស្រាអែល ក្នុងអំឡុងពេលនៃជម្លោះមជ្ឈិមបូព៌ាដ៏ក្ដៅគគុកនាពេលបច្ចុប្បន្ន បានធ្វើឱ្យអាល្លឺម៉ង់បាត់បង់សម្លេងឆ្នោតគាំទ្រយ៉ាងច្រើនពីបណ្តាប្រទេសដទៃទៀត។
ការបាត់បង់អាសនៈនៅក្រុមប្រឹក្សាសន្តិសុខនេះ ត្រូវបានគេមើលឃើញថាជាការប៉ះទង្គិចផ្នែកនយោបាយយ៉ាងធ្ងន់ធ្ងរដល់រដ្ឋបាលបច្ចុប្បន្នរបស់អាល្លឺម៉ង់ ខណៈដែលប្រទេសមហាអំណាចអឺរ៉ុបមួយនេះ តែងតែដើរតួយ៉ាងសកម្មក្នុងកិច្ចការសន្តិសុខសកល។ ក្រុមអ្នកវិភាគបានលើកឡើងថា លទ្ធផលបោះឆ្នោតនេះបានឆ្លុះបញ្ចាំងពីការបែកបាក់គ្នាកាន់តែខ្លាំងក្នុងចំណោមសមាជិកអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងយុទ្ធសាស្ត្រដោះស្រាយវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលកំពុងតែឆេះសន្ធោសន្ធៅនាពេលបច្ចុប្បន្ននេះ៕
ប្រភព៖Al Jazeera


















