ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុបបានដាក់ចេញយុទ្ធសាស្ត្រ និងផែនការសកម្មភាពរយៈពេល៥ឆ្នាំ ដើម្បីពង្រឹង និងបន្តនិរន្តរភាពបណ្តាញគ្រឹះស្ថានអប់រំរបស់ខ្លួន

ភ្នំពេញ៖ រសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ និងដាក់ចេញផែនការអភិវឌ្ឍសាលារៀន ព្រមទាំងផ្សព្វផ្សាយពីយុទ្ធសាស្រ្ត និងផែនការសកម្មភាពរយៈពេលឆ្នាំ៥លើកំណែទំរង់ផ្នែកសិក្សាធិការ ផ្នែកទីផ្សារ ផ្នែកធនធានមនុស្ស ផ្នែកប្រតិបតិ្តការ ផ្នែកហិរញ្ញវត្ថុ និងផ្នែកបច្ចេកវិទ្យា(IT) ដើម្បីពង្រឹងបន្ថែម និងបន្តនិរន្តរភាពបណ្តាញគ្រឹះស្ថានអប់រំរបស់ខ្លួន។

 
ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុបបានដាក់ចេញយុទ្ធសាស្ត្រ និងផែនការសកម្មភាពរយៈពេល៥ឆ្នាំ ដើម្បីពង្រឹង និងបន្តនិរន្តរភាពបណ្តាញគ្រឹះស្ថានអប់រំរបស់ខ្លួន

ឧកញ៉ា ប៉ិច បូឡែន អគ្គនាយក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា ការរៀបចំយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំនេះឡើង គឺជាគោលដៅរួមរបស់ស្ថាប័ន ក្នុងទិសដៅអនុវត្តបានយ៉ាងល្អក្នុងការផ្តល់នូវគុណភាពអប់រំជូនដល់សិស្សានុសិស្ស និងបំពេញទៅតាមសេចក្តីត្រូវការ និងការពេញចិត្តខ្ពស់ជូនអ្នកអាណាព្យាបាលទៅលើសេវាកម្ម និងគុណភាពអប់រំ ក៏ដូចបន្តនិរន្តរភាពរបស់ស្ថាប័នផងដែរ។

ក្នុងកិច្ចប្រជុំយុទ្ធសាស្ត្របានលើកឡើងពីការធ្វើទំនើបកម្មគ្រប់កម្មសិក្សា បញ្ចូលបច្ចេកវិទ្យាអប់រំថ្មីៗ និងបញ្ចូលកម្មវិធីគាំទ្រនានា ដើម្បីបង្កើនគុណភាពអប់រំរបស់សិស្សឳ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។ សាលាត្រូវបន្តរក្សា និងអនុវត្តវិធីសាស្រ្តបង្រៀនបែបចម្រុះ (Blended Learning) ដើម្បីមានភាពងាយស្រួលក្នុងការបត់បែន និងធានាបាននូវនិរន្តរភាពនៃការរៀន និងបង្រៀនប្រកបដោយគុណភាពនៅគ្រប់កាលៈទេសៈ។ លើសពីនេះ វេសឡាញ នឹងគ្រោងបង្កើតមជ្ឈមណ្ឌលវិទ្យាសាស្រ្ត (STEM Center) រួមមួយសម្រាប់គាំទ្រដល់បណ្តាញសាលារៀនវ៉េស្ទឡាញន៍ និងសាធារណជនទូទៅផងដែរ ដើម្បីបញ្ជ្រប ក៏ដូចជាលើកកម្ពស់ចំណេះដឹងផ្នែកវិទ្យាសាស្ត្របន្ថែមទៀត។

លោកឧកញ៉ា បានរំព្ញកថា បើទោះបីជាបច្ចុប្បន្នស្ថានភាពកូវីដអាចគ្រប់គ្រងបានយ៉ាងល្អដោយប្រមុខរាជរដ្ឋាភិបាលក្តី ប៉ុន្តែគណៈនាយក បុគ្គលិក គ្រូបង្រៀនត្រូវតែមានការការពារ ត្រៀមខ្លួនជានិច្ច និងបន្តអនុវត្តការបង្រៀនបែបចម្រុះ ដើម្បីធានាថា សាលារៀននៅតែអាចផ្តល់ជូនគុណភាពអប់រំទៅដល់សិស្សានុសិស្សបានគ្រប់កាលៈទេសៈ និងស្របទៅនឹងការអប់រំក្នុងយុគសម័យថ្មីនេះ៕