នៅថ្ងៃទី១២ ឧសភាខាងមុខនេះ អាជ្ញាធររាជធានីនឹងកំណត់ទីតាំងនៃការបង្រួមតំបន់បិទខ្ទប់ឲ្យនៅរួមតូច ដើម្បីសម្រួលដល់ការលំបាកជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ ការបង្រួមតំបន់បិទខ្ទប់ឲ្យនៅរួមតូច ជាចេតនាមួយដែលអាជ្ញាធររាជធានីភ្នំពេញ ត្រូវតែធ្វើដើម្បីសម្រួលការលំបាកជូន ប្រជាពលរដ្ឋ បានធ្វើដំណើរចេញ ចូល ទៅធ្វើការងារនិងប្រកបមុខរបររកស៊ីចិញ្ចឹមជីវិតបានស្រួល ខណៈដែលអាជ្ញាធររាជធានីភ្នំពេញ បានបិទខ្ទប់អស់ជាច្រើនសប្តាហ៍កន្លងមកនេះ ដើម្បីកាត់ផ្តាច់ឲ្យបានការរីករាលដាលជំងឺកូវីដ-១៩ ។

 
នៅថ្ងៃទី១២ ឧសភាខាងមុខនេះ អាជ្ញាធររាជធានីនឹងកំណត់ទីតាំងនៃការបង្រួមតំបន់បិទខ្ទប់ឲ្យនៅរួមតូច ដើម្បីសម្រួលដល់ការលំបាកជូនប្រជាពលរដ្ឋ

នៅរសៀលថ្ងៃទី១០ ឧសភា ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានកោះអញ្ជើញអភិបាលខណ្ឌ​ទាំង ១៤ចូលប្រជុំ តាមរយៈប្រពន្ធវីដេអូមួយ ដើម្បីពិនិត្យ ពិភាក្សានិងកំណត់ទីតាំងឲ្យបានច្បាស់លាស់ មុនការសម្រេចដាក់ តំបន់ដែលត្រូវ បង្រួមនេះឲ្យមានប្រសិទ្ធភាព ដែលអាចជឿទុកចិត្តបាន នៅថ្ងៃ១២ ឧសភាខាងមុខនេះ ដែលអាចឲ្យការងារនៃការបង្រួមតំបន់បិទខ្ទប់ នេះ មានប្រសិទ្ធភាព មានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលអាចសង្ឃឹមបានថា មិនមានហានិភ័យនៃការរីករាលដាលជំងឺកូវីដ-១៩បន្តទៀត។

ឯកឧត្តមឃួង ស្រេង ក្នុងកិច្ចប្រជុំនោះ បានធ្វើការណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ឲ្យបានហ្មត់ចត់បំផុត គឺមិនអនុញ្ញាត ឲ្យមានករណីប្រជាពលរដ្ឋ នៅតំបន់លឿងចូលទៅតំបន់លឿងទុំនិងតំបន់ក្រមជាដាច់ខាត ហើយកិច្ចប្រជុំនេះបានពិភាក្សាគ្នា ដើម្បីកំណត់ ទីតាំងតំបន់ប្រឈមនោះមកនៅរួមតូចឲ្យបានច្បាស់ មុនការកំណត់ពណ៌តំបន់នីមួយៗឲ្យនៅរួមតូចនេះ នៅថ្ងៃ១២ ឧសភាឆ្នាំនេះ។

ក្នុងកិច្ចប្រជុំនោះ គ្រប់ខណ្ឌទាំង១៤បានឡើងរាយការណ៍ពីស្ថានភាពនៃការគ្រប់គ្រងកូវីដ-១៩នៅក្នុងមូលដ្ឋានរបស់ខ្លួនរៀងៗខ្លួន ដោយតំបន់ខ្លះដែលធ្លាប់ជាតំបន់ក្រហម និង តំបន់លឿងទុំ បានស្នើឲ្យប្រែក្លាយមកជាជាតំបន់លឿង ដោយតំបន់នោះមិនមាន ការរីករាលដាលជម្ងឺកូវីដ-១៩ បន្តទៀត ។តំបន់ខ្លះទៀតសូមឲ្យនៅរក្សាតំបន់ក្រហមឬតំបន់លឿងទុំដដែល ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្នុងតំបន់មួយចំនួន មិនត្រូវបានបិទខ្ទប់ភូមិ សង្កាត់នោះទេ គឺគ្រាន់តែបិទខ្ទប់ផ្ទះដែលមានវិជ្ជមានកូវីដ-១៩តែប៉ុណ្ណោះ៕

 

ប្រភព: ក្រសួងព័ត៌មាន