លោក ចូ បៃដិន និយាយថា បើលោក ដូណាល់ ត្រាំ មិនទាន់ជាទាំងស្រុងពីកូវីដ១៩ ទេ នោះការតស៊ូមតិលើកទី២ មិនគួរធ្វើឡើងឡើយ

វ៉ាស៊ីនតោន៖ បេក្ខភាពប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោក ចូ បៃដិន បាននិយាយថា វេទិកាតស៊ូមតិលើកទី២ នៅថ្ងៃទី១៥ ខែ តុលា ខាងមុខនេះមិនគួរធ្វើឡើងនៅឡើយទេ បើសិនជាប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មិនទាន់ជាសះស្បើយទាំងស្រុងពីវីរុសកូវីដ១៩។

 
លោក ចូ បៃដិន និយាយថា បើលោក ដូណាល់ ត្រាំ មិនទាន់ជាទាំងស្រុងពីកូវីដ១៩ ទេ នោះការតស៊ូមតិលើកទី២ មិនគួរធ្វើឡើងឡើយ

បន្ទាប់់ពីយុទ្ធនាការឃោសនាបោះឆ្នោតក្នុងរដ្ឋ ផេនសូវេញ៉ៀ (Pennsylvania) នៅថ្ងៃអង្គារ លោក
ចូ បៃដិន បានប្រាប់ក្រុមសារព័ត៌មានថា ទោះបីជាលោកមានបំណងចូលរួមតស៊ូមតិក៏ដោយ ក៏គេមិនគួររៀបចំវេទិកាតស៊ូមតិទេ បើលោក ត្រាំ នៅតែផ្ទុកវីរុស។

លោក ចូ បៃដិន ប្រាប់បន្ថែមថា លោកមិនទាន់ដឹងពីស្ថានភាពជំងឺរបស់ ដូណាល់ ត្រាំ នៅឡើយទេ ប៉ុន្តែលោកសង្ឃឹមថា គោលការណ៍ការពារការឆ្លងនានានឹងត្រូវបានអនុវត្ត។

យ៉ាងណាមិញ កាលពីថ្ងៃអង្គារ ទី០៦ ខែតុលា ឆ្នាំ២០២០ ម្សិលមិញនេះ លោក ដូណាល់ ត្រាំ បានបង្ហោះសារខ្លីមួយក្នុងគណនីបណ្តាញសង្គមធ្វីតធើ (Twitter) របស់លោកថា លោកកំពុងសម្លឹងទៅរក និងទន្ទឹងរង់ចាំវេទិកាតស៊ូមតិជាលើកទី២ ជាមួយលោក ចូ បៃដិន នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៥
ខែតុលា ឆ្នាំ២០២០ ក្នុងពេលឆាប់ៗនេះ ហើយវានឹងក្លាយការតស៊ូមតិដ៏អស្ចារ្យទៀតផង៕

ប្រភព៖ Sputnik, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ