iPhone 9 អាចនឹងបង្ហាញខ្លួននៅខែក្រោយចង់ដឹង តើមានតម្លៃប៉ុន្មានដែរ?

ផ្អែកតាមដំណឹងបែកធ្លាយផ្ទៃក្នុងរបស់ក្រុមហ៊ុន Apple បាននិយាយថា ដើមឡើយក្រុមហ៊ុន Apple មានបំណងបើកព្រឹត្តិការណ៍ពិសេសមួយ ធ្វើឡើងនៅក្នុងអំឡុងខែ មីនា ឆ្នាំ 2020 នេះ ដើម្បីធ្វើការប្រកាសចេញជាផ្លូវការនូវផលិតផលថ្មីៗជាច្រើនរបស់ខ្លួន ក្នុងនោះរាប់បញ្ចូលទាំង iPhone 9 (iPhone SE 2) ផងដែរ។ប៉ុន្តែដោយសារតែ Covid-19 ទើបក្រុមហ៊ុន Apple សម្រេចចិត្តរំសាយចោលព្រឹត្តិការណ៍មួយនេះ។

 
iPhone 9 អាចនឹងបង្ហាញខ្លួននៅខែក្រោយចង់ដឹង តើមានតម្លៃប៉ុន្មានដែរ?
iPhone 9

 

ទាក់ទងទៅនឹងបញ្ហាខាងលើនេះបានធ្វើឲ្យ Apple សម្រេចចិត្តធ្វើការប្រកាសចេញ iPad Pro ឆ្នាំ 2020 និងកុំព្យូទ័រយួរដៃ MacBook Air ឆ្នាំ 2020 តាមរយៈគេហទំព័រផ្លូវការរបស់ខ្លួនវិញ។ ប៉ុន្តែអ្វីដែលកត់សម្គាល់នោះគឺថាក្នុងការប្រកាសចេញនេះ យើងមិនបានឃើញវត្តមានរបស់ iPhone 9 នោះទេ។

បើយោងទៅតាមគណនី Twitter ផ្លូវការរបស់កំពូលអ្នកចែកចាយព័ត៌មានបែកធ្លាយទាក់ទងទៅនឹងផលិតផលរបស់ Apple មួយមានឈ្មោះថា Jon Prosser បាននិយាយថា ខណៈពេលនេះក្រុមហ៊ុន Apple កំពុងធ្វើការពិចារណាក្នុងការប្រកាសចេញជាផ្លូវការនូវ iPhone 9 នៅក្នុងខែមេសា ឆ្នាំ 2020 ខាងមុខនេះ។ប្រភពខាងលើបន្តទៀតថាបើមិនមានបញ្ហាអ្វីនោះទេ iPhone 9 នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងអំឡុងខែក្រោយនេះតែម្តង។ជាងនេះទៅទៀត iPhone 9 ក៏ត្រូវបានគេរំពឹងថាអាចនឹងត្រូវប្រកាសចេញតាមរយៈគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Apple ផងដែរ។

បន្ថែមពីនេះផ្អែកតាមការបញ្ជាក់របស់កំពូលអ្នកវិភាគដ៏ល្បីឈ្មោះ Ming-Chi Kuo បាននិយាយថា iPhone 9 (iPhone SE 2) នឹងបំពាក់មកជាមួយបន្ទះឈីបកំពូល A13 Bionic ទំហំ 7nm គួបផ្សំជាមួយជម្រើស RAM ទំហំ 3GB និងជម្រើសអង្គផ្ទុកទិន្នន័យទំហំ64/128GB។

លើសពីនេះទៅទៀតលោកក៏បានអះអាងថា iPhone 9 មិនបានភ្ជាប់មកជាមួយបច្ចេកវិទ្យា 3D Touch នោះទេ។ ចំពោះតម្លៃនៃការដាក់លក់វិញ វាអាចនឹងត្រូវដាក់លក់ក្នុងតម្លៃខ្ទង់ប្រហែលជា 450ដុល្លារ នេះបើយោងទៅតាមការវិភាគរបស់កំពូលអ្នកវិភាគដ៏ល្បីឈ្មោះ Mark Gurman។

 

 

ដោយ៖ ជា បញ្ញា