កម្ពុជា-ចិនបើកកិច្ចប្រជុំជំរុញការនាំចេញអង្ករកម្ពុជាទៅចិន ៤០ម៉ឺនតោន

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជាបានចេញផ្សាយថា នៅថ្ងៃទី៤ មីនា ២០២២ កន្លងទៅ មានកិច្ចប្រជុំរវាងក្រុមហ៊ុន ហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនសាជីវកម្មចិន COFCO ដើម្បីពិនិត្យមើលលើការងារ នាំចេញអង្ករពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។

 
កម្ពុជា-ចិនបើកកិច្ចប្រជុំជំរុញការនាំចេញអង្ករកម្ពុជាទៅចិន ៤០ម៉ឺនតោន

 

ដោយធ្វើឡើងតាមប្រព័ន្ធអនឡាញ (Video Zoom) ក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម ដឹកដោយ ឯកឧត្តម ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃក្រុមហ៊ុនហ្រ្គីនត្រេដ និងលោកស្រី Lu Ying អគ្គនាយកក្រុមហ៊ុនសាជីវកម្មចិន COFCO និងចូលរួមតំណាងឲ្យសហព័ន្ធស្រូវអង្ករកម្ពុជា មានឧកញ៉ា ចាន់ សុឃាំង អនុប្រធានសហព័ន្ធ លោកស្រី គឹម ស្រីរ័ត្ន អនុប្រធានសហព័ន្ធ និង លោក ឡាយ ឈុនហួ អនុប្រធានសហព័ន្ធ។

សហព័ន្ធបានឲ្យដឹងទៀតថា នៅក្នុងកិច្ចប្រជុំ មានការធ្វើបទបង្ហាញអំពីលទ្ធផលដែលសម្រេចបានលើការអនុវត្តន៍បានទាំងស្រុង នូវអនុស្សរណៈយោគយល់លើកទី៥ ចំនួន ៤០ ម៉ឺនតោន ដែលបានបញ្ចប់ក្នុងខែតុលា ឆ្នាំ២០២១ និងបានធ្វើការចាប់ផ្តើម អនុវត្តការបញ្ជាទិញអង្ករតាមអនុស្សរណៈយោគយល់លើកទី៦ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១ ដែលលឿនជាងការរំពឹងទុកមួយខែ ហើយគិតត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២២ បរិមាណអង្ករចំនួន ១១៣ ០០០ តោន បានធ្វើការចុះកិច្ចសន្យាបញ្ជាទិញរួចរាល់ ហើយ ចំនួន ៨៦ ០០០តោន ក៏ធ្វើការបានប្រគល់ជូនអ្នកបញ្ជាទិញរួចរាល់ផងដែរ។

សម្រាប់ខែមករា និង ខែកុម្ភៈ ឆ្នាំ២០២២ បរិមាណអង្ករចំនួន ៥២ ០៥៧ តោន ក្នុងចំណោមបរិមាណអង្ករសរុប ដែលបាននាំចេញ ទៅកាន់ទីផ្សារប្រទេសចិនត្រូវបានទិញតាមរយៈក្រុមហ៊ុនសាជីវកម្ម COFCO ដែលបរិមាណនេះមានកំណើនចំនួន ៥៦% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១។

នៅក្នុងកិច្ចប្រជុំនេះដែរ ភាគីទាំងពីរបានធ្វើការចែករំលែកព័ត៌មានអំពីការរីកចម្រើន ជាពិសេសការពេញនិយម និងចាប់ផ្តើម មានតម្រូវការខ្ពស់លើអង្ករក្រអូបប្រភេទសែនក្រអូប និងបានពិភាក្សាលើការប្រឈមមួយចំនួន ដែលត្រូវដោះស្រាយរួមគ្នា ក្នុងគោលបំណងជំរុញឱ្យការអនុវត្តន៍លើអនុស្សរណៈយោគយល់ចំនួន ៤០ម៉ឺនតោន ដែលបានចុះហត្ថលេខានៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ បានសម្រេចតាមផែនការ៕