ក្រសួងអប់រំ ស្នើប្រទេសគុយបា ផ្ដល់មន្ដ្រីបច្ចេកទេស និងគ្រូកម្រិតខ្ពស់ជួយដល់វិស័យកីឡា ដើម្បីពង្រឹងឆ្ពោះទៅស៊ីហ្គេម ២០២៣
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានស្នើដល់ភាគីប្រទេសគុយបា ក្នុងការផ្ដល់ មន្ដ្រីបច្ចេកទេស និងគ្រូកម្រិតខ្ពស់ ជួយដល់វិស័យកីឡាមួយចំនួនរបស់កម្ពុជា ដើម្បីពង្រឹងសមត្ថភាព កីឡាករ-កីឡាការិនី ឆ្ពោះទៅដណ្ដើមមេដាយមាស ពេលកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្រ្តដំបូងរបស់កម្ពុជា។
នៅក្នុងជំនួបរវាងឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ជាមួយឯកឧត្តម Raul Fornes Valenciano សមាជិករដ្ឋសភាគុយបា និងលោកជំទាវ Liurka Rodríguez Barrios ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២០ ខែតុលានេះ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ឯកឧត្តម ស សុខា លើកឡើង ពីការចុះ អនុស្សរណៈនៃការយោគយល់គ្នា (MOU) ចំនួន ៥ចំណុច រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល គុយបា កាលពីពេលថ្មីៗកន្លងទៅនេះ។
ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើង១ចំណុច នៃ MOU ៥ចំណុច គឺការពង្រឹងលើវិស័យកីឡា ដោយកន្លងមកប្រទេសទាំងពីរ ធ្លាប់មានកិច្ចសហការល្អរួចមកហើយ លើទំនាក់ទំនងវិស័យកីឡានេះ ជាក់ស្ដែងគុយបាបានផ្ដល់មន្ដ្រីបច្ចេកទេស និងគ្រូបង្វឹក ដូចជាប្រភេទកីឡាប្រដាល់សកល បាល់ទះ និងកីឡាមួយចំនួនទៀត។
លើសពីនេះ ក្នុងនាមក្រសួងអប់រំ ឯកឧត្តម ស សុខា បានស្នើភាគីគុយបា ជួយផ្ដល់ នូវមន្ដ្រីបច្ចេកទេសផ្នែកវេជ្ជសាស្ដ្រកីឡា ក៏ដូចជាមន្ដ្រីបច្ចេកទេស និងគ្រូកីឡាកម្រិតខ្ពស់ ដើម្បីជួយ លើប្រភេទកីឡាមួយចំនួនទៀត ដូចជាកីឡាប្រដាល់សកល យូដូ បាល់ទះ អត្តពលកម្ម និងកីឡា ស្បេស្បាល់ជាដើម ដើម្បីពង្រឹងគុណភាពក្រុមកីឡាកម្ពុជា ក្នុងដំណើរឆ្ពោះទៅដណ្ដើម មេដាយមាស ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
ក្រសួងអប់រំ យុវជន និងកីឡា ក៏បានស្នើឱ្យមានការសម្របសម្រួល ក្នុងការបញ្ជូនមន្ដ្រីបច្ចេកទេស ៣រូប ផ្នែករៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍ ដើម្បីសិក្សារយៈពេលខ្លី ក្នុងការត្រៀមខ្លួនសម្រាប់ ការរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ឯកឧត្តម Raul Fornes Valenciano បានទទួលយកសំណូមពររបស់ភាគីកម្ពុជា ហើយ ឯកឧត្តមរីករាយនឹងសហការ និងឆ្លើយតបនូវសំណូមពររបស់ភាគីកម្ពុជាឱ្យបានលឿន ដើម្បីរួម ចំណែកអភិវឌ្ឍន៍វិស័យកីឡាកម្ពុជា ត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក៏ដូចជាដើម្បីពង្រឹងទំនាក់ទំនងយូរអង្វែងរវាងប្រទេសទាំងពីរ ដែលមានរយៈពេល៦០ឆ្នាំផងដែរ។
ឯកឧត្តមក៏បានបង្ហាញនូវភាពកក់ក្តៅយ៉ាងខ្លាំង ចំពោះការទទួលស្វាគមន៍យ៉ាងយកចិត្តទុក របស់ម្ចាស់ផ្ទះកម្ពុជាក្នុងបេសកកម្មនេះ ហើយឯកឧត្តមជឿជាក់ថា វិស័យកីឡា និងវិស័យ ផ្សេងៗទៀតនឹងកាន់តែប្រសើរឡើងបន្ថែមទៀតនៃចំណងមិត្តភាពកម្ពុជា-គុយបា៕
ប្រភព៖ ក្រសួងព័ត៌មាន