វិមានកីឡាដ្ឋាននឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាចុងខែវិច្ឆិកា ឆ្នាំ២០២១
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានមានប្រសាសន៍ថា ការសម្ពោធដាក់ឱ្យប្រើប្រាស់នូវកីឡដ្ឋានធំ ឬវិមានកីឡាដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ គ្រោងនឹងធ្វើនាចុងខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។
នេះជាការបញ្ជាក់របស់ឯកឧត្តម ក្រោយកិច្ចប្រជុំ CAMSOC ប្រចាំសប្តាហ៍ កាលពីថ្ងៃ៧រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្នាក់ការគណៈកម្មការធិការជាតិអូឡាំពិកកម្ពុជា។
ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែមថា អង្គប្រជុំបានលើកឡើងពីការត្រៀមសម្ពោធពហុកីឡាដ្ឋានជាតិមរតកតេជោ នា២ខែទៀត បន្ទាប់ពីវិមានកីឡដ្ឋាននេះ ត្រូវបានប្រគល់-ទទួល កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ កន្លងមកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន និង ឯក ឧត្តម វ៉ាង យី ទី ប្រឹក្សារដ្ឋ និង ជារដ្ឋមន្ត្រី ការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។ គម្រោងកម្មវិធីសម្ពោធនេះ ទទួលបានការណែនាំផ្ទាល់ពីឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្រ្តៃយ៍ CAMSOC ដោយធ្វើយ៉ាងណាឱ្យវាស័ក្ដិសមទៅនឹងហេដ្ឋារចនាសម្ព័ន្ធដ៏មហិមា និងស័ក្ដិសមជានិមិត្តរូបនៃចំណងមិត្តភាពដែកថែបដ៏យូរអង្វែងរវាងកម្ពុជា-ចិន។
ឯកឧត្តមអគ្គលេខាធិការសង្កត់ធ្ងន់ថា នៅក្នុងកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់នេះនឹងមានការសម្តែងសិល្បៈ-វប្បធម៌ និងស្វែងរកប្រភេទកីឡាណាខ្លះ ដែលអាចប្រកួតមិត្តភាពបាន រវាងកម្ពុជា-ចិន។ កម្មវិធីសម្ពោធដ៏អធិកអធមនេះនឹងក្លាយទៅជាព្រឹត្តិការណ៍មួយ ក្នុងការបើកផ្លូវដល់ការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ដូច្នេះហើយទើបឯកឧត្តមបណ្ឌិត ថោង ខុន ជំរុញឱ្យយើងខិតខំរៀបចំកម្មវិធីនេះឱ្យទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីឱ្យស័ក្តិសមនឹងកិត្តិយសនៃមរតកដ៏មហាសាលរបស់កម្ពុជាមួយនេះ។
គួរបញ្ជាក់ថា វិមានកីឡាដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលជាកន្លែងប្រារព្ធពិធីបើក-បិទជាផ្លូវការនៃការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (SEA Games-ASEAN Para Games 2023) ហើយពហុកីឡដ្ឋានជាតិមរតកតេជោក៏ជាកន្លែងប្រកួតកីឡាមួយចំនួន នៅក្នុងចំណោមទីលានកីឡាចំនួន៦ទីតាំងធំៗ ដូចជាទីលានប្រកួតស្ថិតនៅរាជធានីភ្នំពេញ ដែលគ្រោងនឹងរៀបចំការប្រកួតជាង ៣០ប្រភេទកីឡា, ខេត្តសៀមរាប, កំពត, កែប, ព្រះសីហនុ, និងខេត្តកំពង់ស្ពឺ (ទីលានប្រណាំងសេះនៅភ្នំគិរីរម្យ)។
សូមជម្រាបថា វិមានកីឡាដ្ឋាន គឺជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលចំណាយទឹកប្រាក់អស់ប្រមាណ ១៥០លានដុល្លារអាមេរិក ដែលឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង ផ្តល់ជូនសម្តេចតេជោ ហ៊ុន សែន និងប្រជាជនកម្ពុជា។ វិមានកីឡាដ្ឋាននេះបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ លើទំហំផ្ទៃដី ១៦,៤ហិកតា ផ្ទៃក្រឡាសំណង់អគារ ៨៦ ០០០ម៉ែត្រក្រឡា ដែលអាចផ្ទុកអ្នកទស្សនាបានចំនួន៦ម៉ឺនកៅអី ហើយអាចជម្លៀសអ្នកទស្សនាទាំងអស់ត្រឹម៧នាទី ក្នុងករណីហានិភ័យកើតឡើង៕
ប្រភព៖ ក្រសួងព័ត៌មាន